កម្ពុជា​-ជប៉ុន​ចុះ​ MOU​ ដើម្បី​ទាក់ទាញ​វិនិយោគិន​ជប៉ុន​បណ្តាក់​ទុន​នៅ​កម្ពុជា​

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ រដ្ឋាភិបាល​កម្ពុជា​តាម​ក្រសួង​ពាណិជ្ជកម្ម​ ​និង​អង្គការ​ពាណិជ្ជកម្ម​ក្រៅ​ស្រុក​ជប៉ុន​ (JETRO​) បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ (MOU​) ដើម្បី​ពង្រីក​ទំនាក់ទំនង​សេដ្ឋកិច្ច​-ពាណិជ្ជកម្ម​ និង​ទាក់ទាញ​ក្រុមហ៊ុន​ឯកជន​ពី​ប្រទេស​ជប៉ុន​មក​បណ្តាក់​ទុន​នៅ​កម្ពុជា​ឱ្យ​បាន​កាន់តែ​ច្រើន​ថែមទៀត​។

រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​លោក​ប៉ាន​ សូរ​ស័ក្តិ​បាន​មានប្រសាសន៍​នៅក្នុង​ពិធី​ផ្លាស់​ប្តូរ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នា​ថ្ងៃទី៥​ ខែកញ្ញា​ ឆ្នាំ​ ២០១៩នេះ​ថា​ អនុស្សរណៈ​នេះ​ នឹង​ជួយ​ពង្រឹង​បន្ថែម​នូវ​កិច្ច​សហប្រតិបត្តិ​ការ​ ក្នុង​វិស័យ​ជំរុញ​ពាណិជ្ជកម្ម​វិនិយោគ​និង​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​ ក្នុង​គោលបំណង​បង្កើត​នូវ​ភាពជា​ដៃគូ​គ្រប់ជ្រុងជ្រោយ​រវាង​ក្រសួង​ពាណិជ្ជកម្ម​ និង​ JETRO​។

លោក​រដ្ឋមន្ត្រី​បន្ត​ថា​ JETRO​ បាន​អនុវត្ត​នៅ​កម្ពុជា​ រួមមាន​ការផ្គូផ្គង​ធុរកិច្ច​ ការសិក្សា​វិភាគ​ ការចូលរួម​ក្នុង​ពិព័រណ៍​ពាណិជ្ជកម្ម​ក្នុង​ស្រុក​ ការសម្រប​សម្រួល​បញ្ហា​ជូន​ក្រុមហ៊ុន​ជប៉ុន​ ការ​បណ្ដុះបណ្ដាល​មន្ត្រី​ និង​វិស័យ​ឯកជន​ និង​ការ​ជួយ​ដល់​ក្រុមហ៊ុន​កម្ពុជា​ចូលរួម​ក្នុង​ពិព័រណ៍​ជប៉ុន​។

លោក​បន្ត​ថា​ តាមរយៈ​ការ​ខិតខំ​ប្រឹងប្រែង​ប្រមូល​ព័ត៌មាន​ពិត​ ពីទី​ផ្សារ​កម្ពុជា​របស់​ JETRO​ បាន​ផ្ដល់​ទំនុកចិត្ត​ដល់​ក្រុមហ៊ុន​ Aeon​ មក​វិនិយោគ​ផ្សារ​ទំនើប​នៅ​កម្ពុជា​ជាបន្តបន្ទាប់​ ហើយ​ការបង្កើត​ផ្សារ​ទំនើប ​Aeon ​នេះ​ដែរ​ បាន​យក​មក​ជាមួយ​នូវ​ស្ដ​ង់​ដា​រល្អៗ​ ដូច​ជា​ស្ដ​ង់​ដារ​អនាម័យ​ជាដើម​ មក​ប្រើប្រាស់​ក្នុង​ទីផ្សារ​កម្ពុជា​ ដែល​ជា​តម្លៃបន្ថែម​មួយ​នៃ​ការ​វិនិយោគ​នេះ​ផង​ដែរ​។

លោកស្រី​បណ្ឌិត​ យូ​រី​ សា​តូ​ នាយករង​នៃ​អង្គការ​ JETRO​ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហប្រតិបត្តិ​ការ​ និង​សម្រប​សម្រួល​របស់ក្រ​សួង​ពាណិជ្ជកម្ម​ ចំពោះ​ធុរកិច្ច​ជប៉ុន​។ លោកស្រី​ ក៏បាន​កត់សម្គាល់​នូវ​កំណែទម្រង់​មួយចំនួន​ ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់ចេញ​ និង​អនុវត្តន៍​ ក្នុង​ការសម្រួល​ដល់​ការ​ប្រកប​ធុរកិច្ច​ និង​ពាណិជ្ជកម្ម​ ដែល​នេះ​ជា​សញ្ញា​វិជ្ជមាន​ដែល​លោកស្រី​នឹង​ពាំនាំ​ទៅ​ផ្សព្វផ្សាយ​។

លោកស្រី​ថា​ JETRO​ មានការ​ងារ​ថ្មី​មួយ​ដែល​ JETRO​ នឹង​អនុវត្ត​ គឺ​ការជំរុញ​នវានុវត្តន៍​ និង​ការបង្កើត​ក្រុមហ៊ុន​បច្ចេកវិទ្យា​ឌីជីថល​ថ្មី​ៗ (Innovation​ and​ Digital​ Technology​ Startup​) ជាមួយនឹង​ការផ្គូផ្គង​ធុរកិច្ច​ក្នុង​វិស័យ​នវានុវត្តន៍​។

អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ ដែល​បាន​ចុះ​នា​ពេលនេះ​ ជា​ការ​ធ្វើ​បច្ចុប្បន្នភាព​លើ​អនុស្សរណៈ​ដែល​ក្រសួង​ពាណិជ្ជកម្ម​ និង​អង្គការ​JETRO​ បាន​ចុះ​កាលពី​ថ្ងៃទី១៤​ ខែធ្នូ​ ឆ្នាំ២០០៩​។ កិច្ច​សហប្រតិបត្តិ​ការ​រវាង​ស្ថាប័ន​ទាំងពីរ​ បាន​រួមចំណែក​ដល់​កំណើន​នៃ​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ និង​ជប៉ុន​ដែល​ក្នុង​ឆ្នាំ២០០៩​ មាន​ចំនួន​តិចតួច​ ហើយ​ក្នុង​ឆ្នាំ២០១៨​ បាន​កើនឡើង​ដល់​ចំនួន​ប្រមាណ ១​,៦ ប៊ី​លាន​ដុល្លារ​សហរដ្ឋអាមេរិក​៕

LEAVE A REPLY

Please enter your comment!
Please enter your name here