ដោយ ប៊ី
សហរដ្ឋអាមេរិកៈ ទីផ្សារអចលនៈទ្រព្យពាណិជ្ជកម្មអាមេរិក បានបង្ហាញពីសញ្ញាព្រមាននៅឆមាសទីមួយនៃឆ្នាំ២០១៩ ដោយសារតែសង្រ្គាមពាណិជ្ជកម្មបង្កឡើងដោយអាមេរិក។
ជាលើកដំបូងក្នុងរយៈពេល៧ឆ្នាំ វិនិយោគិនបរទេសដែលសាងសង់អគារការិយាល័យ និងកន្លែងលក់រាយបានក្លាយជាអ្នកលក់អចលនទ្រព្យវិញ (មានន័យថា វិនិយោគចាំទទួលផលពីការវិនិយោគ បែរជាលក់អចលនទ្រព្យវិញ)។ នេះបើយោងតាមរបាយការណ៍ថ្មីមួយពីក្រុមហ៊ុន Real Capital Analytics ដែលតាមដានវិស័យនេះ។
-->
ប៉ុន្តែបើក្រឡេកមើលស្ថានភាពនៅឆ្នាំ2018 ទីផ្សារអចលនទ្រព្យអាមេរិកមានភាពរឹងមាំ បានធ្វើឲ្យការទិញអចលនទ្រព្យពាណិជ្ជកម្ម ក្នុងប្រទេសឈានដល់កម្រិតខ្ពស់មួយ។
លោក Jim Costello អ្នកនិពន្ធនាំមុខនៃរបាយការណ៍ខាងលើ បានសរសេរថា “វិនិយោគិនទាំងនេះ នៅតែទិពទ្រព្យសកម្ម។ ពួកគេលក់អចលនទ្រព្យជាជាងពួកគេទិញ”។
ការទិញដោយផ្ទាល់មានតម្លៃសរុប ២១,៣ពាន់លានដុល្លារនៅឆមាសទីមួយនៃឆ្នាំនេះ ដែលធ្លាក់ចុះជាង៤០ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទន្ទឹមនឹងនេះ ការលក់អចលនទ្រព្យមានតម្លៃដល់២១,៤ ពាន់លានដុល្លារ។
គ្មានតំបន់ណាមួយទទួលខុសត្រូវចំពោះការថយចុះនេះទេ ទោះបីជាវិនិយោគិនចិនបានធ្លាក់ចុះដល់លេខ៩ នៅក្នុងចំណាត់ថ្នាក់វិនិយោគិនបរទេស។ ចិនដែលបានរឹតបន្តឹងច្បាប់ស្តីពី លំហូរមូលធនគឺស្ថិតនៅលំដាប់ទី៤ ក្នុងឆ្នាំ២០១៨ និងទី៣ក្នុងឆ្នាំ ២០១៧។

របាយការណ៍បានកំណត់និន្នាការនេះថា ជាសញ្ញាព្រមានពណ៌លឿង ជាជាងសញ្ញាក្រហម។
ក្រុមហ៊ុន Real Capital Analytics បានឱ្យដឹងថា “វាមិនមែនជារឿងក្រុមវិនិយោគិនទាំងមូល ដែលកាត់ការវិនិយោគនៅអាមេរិកទេ។ ផ្ទុយទៅវិញតម្លៃអចលនទ្រព្យខ្ពស់ដែលវិនិយោគិនទាំងនេះកំពុងប្រឈមគឺជាបញ្ហា”៕