ដោយៈ រ៉ាណេត
ភ្នំពេញៈ ក្រោមឥទ្ធិពលនៃសង្គ្រាមពាណិជ្ជកម្ម រវាងប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោកចិន និងអាមេរិកបានធ្វើឱ្យចរន្តសេដ្ឋកិច្ច និងពាណិជ្ជកម្មនៅតាមបណ្តាប្រទេសមួយចំនួនរងផលប៉ះពាល់ ដែលក្នុងនោះការវិនិយោគលើវិស័យអចលនទ្រព្យក៏មានភាពប្រឈម។ ដោយឡែកសម្រាប់ប្រទេសកម្ពុជា ត្រូវបានអ្នកជំនាញអះអាងថា ហាក់នៅឆ្ងាយពីការរងសម្ពាធមួយនេះ។
អនុប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា លោកចក់ ស៊ីណាត បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលបីព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩នេះថា ទីផ្សារអចលនទ្រព្យនៅកម្ពុជានៅតែមានភាពល្អប្រសើរ ដែលវាមិនទាន់មានសញ្ញាអវិជ្ជមានណាមួយបង្ហាញនៅឡើយនោះទេ។
-->
លោកបានបន្តទៀតថា “មនុស្សភាគច្រើនចូលចិត្តបំប៉ោង និងប្រតិកម្មរហ័សជាងហេតុការណ៍ ទាំងដែលខ្លួនគាត់មិនមានជំនាញ ឬយល់ច្បាស់ផង”។ លោកបានបន្តទៀតថា “សម្រាប់ទីផ្សារអចលនទ្រព្យនៅកម្ពុជា នៅអាចរក្សាបានភាពលំនឹងក្នុងរយៈពេលយូរទៅមុខទៀត បើទោះជាសេដ្ឋកិច្ចជួបបញ្ហាក៏ដោយ”។
លោកបន្តទៀតថា វិស័យអចលនទ្រព្យកម្ពុជា មិនមែនពឹងផ្អែកទៅលើប្រទេសចិនតែមួយមុខនោះទេ។ យើងទទួលស្គាល់ថា ចិនបានដើរសំខាន់ក្នុងវិស័យនេះនៅកម្ពុជា ក៏ប៉ុន្តែការវិនិយោគរបស់អ្នកជំនួញនៅតែបន្តមាន ជាក់ស្ដែងគ្រាន់តែកញ្ចប់ទុននៅក្នុងគម្រោងវិនិយោគដែលចាក់ចូលមកកម្ពុជា អាចមានដំណើរការ៣-៤ ឆ្នាំ ទៅមុខទៀតនៅមិនទាន់ចប់ផង។
លោកបានបន្តទៀតថា “នៅពេលបច្ចុប្បន្ននេះ ក្រៅពីគម្រោងវិនិយោគធំៗរបស់ចិន នៅមានគម្រោងវិនិយោគរបស់ជប៉ុន កូរ៉េ និងបណ្តាប្រទេសផ្សេងៗជាច្រើនទៀត ហើយក៏មានគម្រោងវិនិយោគ ជាជំហ៊ានរបស់អ្នកវិនិយោកក្នុងស្រុកផងដែរ ជាពិសេសវិស័យលំនៅដ្ឋាន ដែលកំពុងតែមានតម្រូវការខ្ពស់”។
អ្នកវិភាគសេដ្ឋកិច្ចកម្ពុជា លោកង៉ែត ជូ បានលើកឡើងថា ប៉ុន្មានឆ្នាំចុងក្រោយនេះតម្លៃអចលនទ្រព្យរបស់កម្ពុជាមានសន្ទុះខ្លាំង។ ជាពិសេសតម្លៃដីធ្លីមានកំណើនប្រចាំឆ្នាំចន្លោះពី១០ភាគរយ ទៅ១០០ភាគរយឬជាង១០០ភាគរយក៏មាន អាស្រ័យលើទីតាំងភូមិសាស្ត្រ។ សន្ទុះនៃតម្លៃនេះ មិនឆ្លុះបញ្ចាំងពីតម្រូវការមូលដ្ឋានរបស់សេដ្ឋកិច្ច (fundamental needs) នោះទេ ផ្ទុយទៅវិញវាមានចរិតជាកំសួលចិត្តសាស្ត្រ ឬឥរិយាបទ (behavioral) របស់មហាជន និងអ្នកវិនិយោគ។ បណ្តាអ្នកជំនាញបានព្យាករណ៍ថាតម្លៃនឹងមានការកើនឡើងក្នុង១ឆ្នាំ ប្រមាណ៧ភាគរយទៅ១០ភាគរយ ក្នុងរយៈពេល១០ឆ្នាំខាងមុខ។
លោកបន្តទៀតថា “ការព្យាករណ៍នេះទំនងជាអាចទៅរួច ព្រោះតម្លៃនៅកម្ពុជាមានតម្លៃទាបនៅឡើយបើប្រៀបធៀបនឹងបណ្តាប្រទេសនានាក្នុងអាស៊ី”។

យោងតាមទិន្នន័យរបស់ ក្លូបលប្រភើធីហ្កាយបានអោយដឹងថា តម្លៃដីធ្លីជាមធ្យមនៅទីក្រុងនៅកម្ពុជា មានតម្លៃប្រមាណ២៩០០ដុល្លារអាមេរិកក្នុង១ម៉ែត្រការ៉េ។ នៅថៃតម្លៃ ៣៩០០ដុល្លា នៅឥណ្ឌាតម្លៃ ១០.៩០០ដុល្លារ នៅចិនតម្លៃ ១១.៨០០ដុល្លារ នៅសិង្ហបុរីតម្លៃ១៣.៧០០ដុល្លារ និង នៅហុងកុងតម្លៃ ២៨.៥០០ដុល្លារ។ អ្វីដែលគួរឱ្យបារម្មគឺកម្ពុជា អាចប្រឈមនឹងវិបត្តិលំនៅដ្ឋានរបស់ពលរដ្ឋ ដែលមានចំណូលទាបនាពេលអនាគត។
ការផ្គត់ផ្គង់ផ្ទះ ដែលមានតម្លៃសមរម្យនៅកម្ពុជានាពេលបច្ចុប្បន្ន មិនអាចឆ្លើយតបនឹងជីវភាពរបស់កម្មករនោះទេ ព្រោះផ្ទះមួយខ្នងមានតម្លៃយ៉ាងតិច ២៥.០០០ដុល្លារ។ វិបត្តិនេះបានកើតឡើងរួចហើយនៅហុងកុង ដូច្នេះកម្ពុជាគួររៀនសូត្រ និងរៀបចំគោលនយោបាយឱ្យបានល្អ៕