ដោយ វុត្ថា
ក្រុងព្រះសីហនុៈ អាជ្ញធរខេត្តព្រះសីហនុបានដាក់ចេញវិធានការណ៍ក្តៅ ដោយបានកោះហៅម្ចាស់ដី និងម្ចាស់សំណង់ចំនួន ៧០ការដ្ឋានដែលការដ្ឋានតម្រូវឱ្យធ្វើកោសល្យវិច័យ ដើម្បីធ្វើកោល្យវិច័យធានាអះអាងពីគុណភាព និងសុវត្ថិភាព ឱ្យបានឆាប់ទៅតាមលិខិតណែនាំរបស់រដ្ឋបាលខេត្តព្រះសីហនុ។

-->
យោងតាមកិច្ចប្រជុំកាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ ២០១៩ ម្សិលមិញនេះ អាជ្ញាធរខេត្តព្រះសីហនុ តាមរយៈមន្ទីរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីបានឱ្យដឹងថា ក្រោយកិច្ចប្រជុំណែនាំ ម្ចាស់សំណង់បានសុំជួបពិភាក្សាពីនិតិវិធី និងបែបបទក្នុងការធ្វើកោសល្យវិច័យ ស្របតាមលិខិតណែនាំរបស់តាមលិខិតណែនាំ របស់រដ្ឋបាលខេត្តព្រះសីហនុ។
រដ្ឋបាលខេត្តព្រះសីហនុកាលពីកន្លងទៅថ្មីនេះ បានសំដែងការសោកស្តាយចំពោះសំណង់ ដែលត្រូវរុះរើជាបន្ទាន់ ក្រោយពីពិនិត្យឃើញសំណង់ទាំងនោះគ្មានបទដ្ឋាន និងគុណភាពត្រឹមត្រូវ ដើម្បីកុំអោយមានគ្រោះថ្នាក់ទៀត។
រដ្ឋាភិបាលខេត្តព្រះសីហនុ បញ្ជាក់ថា “ម្ចាស់សំណង់មិនបាច់ដើររកអ្នកអន្តរាគមន៍ទប់ស្កាត់ទេ បើមិនព្រមរុះរើទេអាជ្ញាធរមានសមត្ថកិច្ច នឹងចាត់វិធានការតាមផ្លូវច្បាប់។ បន្ទាប់ពីបានរុះរើហើយ អាជ្ញាធរនិងមន្ត្រីជំនាញនឹងជួយសម្រួលការគូរប្លង់ ពិនិត្យលក្ខណៈបច្ចេកទេស និងចេញលិខិតអនុញ្ញាតសាងសង់ឡើងវិញ អោយបានឆាប់ដើម្បីជាការប៉ះប៉ូវនូវការខូចខាតនេះ”។

រដ្ឋបាលខេត្តព្រះសីហនុ តាមរយៈគណៈកម្មការត្រួតពិនិត្យគុណភាពសំណង់កាលពីដើមខែកញ្ញាកន្លងមកនេះ បានឱ្យម្ចាស់សំណង់និងម្ចាស់ទីតាំងជួលដីចំនួន១៤ទីតាំង រុះរើដោយខ្លួនឯង ក្នុងនោះមានម្ចាស់សំណង់ចំនួន ៤ កន្លែងបាននឹងកំពុងរុះរើចេញដោយស្មគ្រ័ចិត្ត បន្ទាប់ពីពិនិត្យឃើញថាសំណង់ទាំងនេះ មិនមានគុណភាពហើយអាចប្រឈមនឹងហានិភ័យ ដល់អ្នករស់នៅក្នុងនោះ និងប្រជាពលរដ្ឋដែលមានលំនៅដ្ឋាននៅជុំវិញផងដែរ៕