ផ្សារ​ទំនើប​ធំៗ​ចំនួន៣​ មក​ពី​ប្រទេស​ថៃ​ នឹង​បង្ហាញខ្លួន​នៅ​ក្រុង​ប៉ោយប៉ែត​

0

ដោយ​ ៖ រ៉ា​ណេត​

ប៉ោយប៉ែត​ ៖ ភ្ជាប់​ទៅ​នឹង​កំណើន​នៃ​ចំនួន​ប្រជាសាស្ត្រ​ដែល​កំពុង​កើនឡើង​ឥត​ឈប់​ឈ ខណៈ​ដែល​សេដ្ឋកិច្ច​ក្នុង​តំបន់​កំពុងតែ​រីកចម្រើន​យ៉ាង​លឿន​ នៅពេល​ដ៏​ខ្លី​ខាងមុខនេះ​ វត្តមាន​ផ្សារ​ទំនើប​ធំៗ​ដ៏​ល្បីឈ្មោះ​ចំនួន៣​ ដែល​មាន​ប្រភព​ដើម​នៅក្នុង​ប្រទេស​ថៃ​ នឹង​បង្ហាញខ្លួន​នៅ​ក្រុង​ប៉ោយប៉ែត​។

នៅ​បច្ចុប្បន្ន​នេះ​ គម្រោង​វិនិយោគ​ផ្សារ​ទំនើប​ធំៗ​លំដាប់​អន្តរជាតិ​ចំនួន២ទៀត​ដែល​មាន​ប្រភព​ដើម​នៅក្នុង​ប្រទេស​ថៃ​ បាន​ និង​កំពុង​សិក្សា​ពីទី​តាំង​គ្រោង​មក​បណ្តាក់​ទុន​វិនិយោគ​នៅក្នុង​ក្រុង​ប៉ោយប៉ែត​បន្ថែម​ពី​ផ្សារ​ទំនើប​ Big​ C ដែល​កំពុង​ត្រៀម​បើក​ដំណើរការ​នៅក្នុង​អំឡុង​ខែវិច្ឆិកា​ ចុងឆ្នាំ២០១៩ខាងមុខនេះ​ ។

ប្រធាន​ក្រុមប្រឹក្សា​ភិបាល​នៃ​ក្រុមហ៊ុន​ Four​ stars​ plus​ Four​ លោក​ សួង​ សុ​ខហ៊ា​ង ដែល​បាន​ធ្វើការ​ជិតស្និទ្ធ​ជាមួយ​អ្នក​វិនិយោគ​ថៃ​ ទៅលើ​គម្រោង​អភិវឌ្ឍ​ផ្សារ​ទំនើប Big​ C បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា​ ចំពោះ​ដំណឹង​នៃ​ការ​ចូលខ្លួន​វិនិយោគ​បន្ថែម​ពីសំណាក់​ក្រុមហ៊ុន​អភិវឌ្ឍ​ផ្សារ​ទំនើប​មក​ពី​ប្រទេស​ថៃ​ លោក​ពិតជា​ធ្លាប់​ឮគេនិយាយ​ដូចជា​ការ​លើកឡើង​ខាងលើ​មែន​ ប៉ុន្តែ​មិន​ច្បាស់​ត្រង់ថា​នឹង​ទៅ​ដាក់​ទីតាំងនៅ​កន្លែងណា​ឱ្យ​ប្រាកដ​។

លោក​បាន​បន្ត​ថា​ “កាលពី​ពេល​ថ្មី​ៗនេះ​ មាន​អ្នកជំនាញ​ខាង​អភិវឌ្ឍ​ផ្សារ​ទំនើប​ដ៏​ល្បីឈ្មោះ​ប្រចាំ​នៅ​ប្រទេស​ថៃ​ឈ្មោះ​ Star​ Plaza​ ចុះ​មក​សិក្សា​ពី​លទ្ធភាព​ក្នុង​ការ​វិនិយោគ​ម្ដង​ជា​ពីរ​ដង​រួចមក​ហើយ​ ប៉ុន្តែ​នៅ​មិនទាន់​ច្បាស់​ការណ៍​ថា​ នឹង​ចូល​មក​វិនិយោគ​ពេលណា​ប្រាកដ​នោះ​ទេ​ គ្រាន់តែ​ដឹង​ថា​ ទំហំ​ និង​ទីតាំង​ដែល​ត្រូវ​ធ្វើ​គឺ​ធំជាង​ផ្សារ​ទំនើប​ Big​ C ប្រមាណ​ជិត៣ដង​”។ ​

លោក​បាន​បន្ត​ទៀត​ថា​ “បើ​តាមខ្ញុំ​ដឹង​ ក្រៅពី​គម្រោង​ផ្សារ​ទំនើប​ដ៏​ធំ​ប្រចាំ​ប្រទេស​ថៃ​ឈ្មោះ​ Star​ Plaza​ ក៏​មាន​គម្រោង​ផ្សារ​ Macro​ ផង​ដែរ​ ដែល​ធ្លាប់​មក​សិក្សា​ទីតាំងនៅ​ទល់មុខ​ផ្សារ​ទំនើប​ Big​ C ផង​ដែរ​”។

លោក​ សួង​ សុ​ខហ៊ា​ង បាន​បញ្ជាក់​ថា​ វា​មិន​មាន​អ្វី​ចម្លែក​នោះ​ទេ​ ដែល​មាន​គម្រោង​ផ្សារ​ទំនើប​មកកាន់​ក្រុង​ប៉ោយប៉ែត​ ព្រោះ​បច្ចុប្បន្ន​នេះ​កំណើន​មនុស្ស​ដែល​មក​រស់នៅ​ និង​ធ្វើអាជីវកម្ម​មានការ​កើនឡើង​ច្រើន​ ជាពិសេស​អ្នក​វិនិយោគ​ជនជាតិ​ចិន​តែម្ដង​។ អ្នកជំនាញ​ផ្នែក​ស្រាវជ្រាវ​ក្រុមហ៊ុន​អន្តរជាតិ​ CBRE​ Cambodia​ កញ្ញា​ គឹម​ គិ​នកេ​សា​ បាន​បង្ហាញ​ពី​ក្ដី​សាទរ​ជាមួយនឹង​ដំណឹង​នៃ​គម្រោង​ផ្សារ​ទំនើប​ទាំងអស់​នេះ​។

កញ្ញា​បាន​បញ្ជាក់​ថា​ “វា​ជា​រឿង​ល្អ​សម្រាប់​ក្រុង​ប៉ោយប៉ែត​ ដែល​វត្តមាន​ផ្សារ​ទំនើប​ទាំងអស់​នេះ​នឹង​ជួយ​ធ្វើ​ឱ្យ​ទីក្រុង​ទី២មួយ​មាន​ភាព​ស៊ីវិល័យ​ និង​ទាក់ទាញ​ការ​វិនិយោគ​កាន់​ច្រើន​ចូល​បន្ថែម​ទៀត​”។ កញ្ញា​បាន​បន្ត​ទៀត​ថា​ “ប៉ោយប៉ែត​ពេលនេះ​បាន​ប្រមូល​ផ្តុំ​ទៅ​មនុស្សជា​ច្រើន​ ជាពិសេស​បណ្តា​អ្នកជំនួញ​អន្តរជាតិ​តែម្ដង​ ហើយ​កំណើន​សេដ្ឋកិច្ច​ក្នុង​តំបន់​ក៏​មាន​ភាពល្អ​ប្រសើរ​ ដូច្នេះ​ផ្សារ​ទំនើប​ទាំងនេះ​គឺជា​តម្រូវការ​របស់​ពួកគាត់​”។

កញ្ញា​បាន​បន្ត​ទៀត​ថា​ “បើ​ទោះ​ក្រុង​ប៉ោយប៉ែត​មាន​ផ្សារ​ទំនើប​ចំនួន៣ស្ថិត​នៅ​បណ្តុំ​គ្នា​ក៏ដោយ​វា​មិនមែន​ជា​បញ្ហា​ប្រឈម​នោះ​ទេ​ សំខាន់​គឺ​ប្រភេទ​នៃ​ការ​ផ្គត់ផ្គង់​ខុសប្លែក​ពីគ្នា​ ចៀសវាង​ការប្រកួត​ប្រជែង​ដណ្ដើម​ចំណែក​អតិថិជន​ ហើយ​ខ្ញុំ​ជឿ​ថា​ អ្នកជំនួញ​ក៏​គិត​ពី​បញ្ហា​នៃ​ការប្រកួត​ប្រជែង​នេះ​ដែរ​” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here