ពោធិ៍​សែន​ជ័យ​ជាប់​កំណត់ត្រា​ជា​ខណ្ឌ​ដែល​ផ្គត់ផ្គង់​លំនៅ​ដ្ឋាន​ច្រើនជាង​គេ​នៅក្នុង​រាជធានី​ភ្នំពេញ​

0

ដោយ​៖​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ នៅក្នុងចំណោម​ខណ្ឌ​ទាំង១៤​ ក្នុង​រាជធានី​ភ្នំពេញ​ ពោធិ៍​សែន​ជ័យ​ បាន​ជាប់​នៅក្នុង​កំណត់ត្រា​ជា​ខណ្ឌ​ ដែល​មានការ​ផ្គត់ផ្គង់​ចំនួន​លំនៅ​ដ្ឋាន​គ្រប់​ប្រភេទ​ច្រើនជាង​គេ​ និង​មាន​កំណើន​ជាប្រចាំ​ឆ្នាំ​ប្រមាណ៦ភាគរយ​ក្នុង​មួយឆ្នាំ​ ជាមួយនឹង​ការព្យាករណ៍​ថា​ រហូតដល់​ឆ្នាំ២០៣០ការ​ផ្គត់ផ្គង់​លំនៅ​ដ្ឋាន​នៅ​ ក្នុង​ខណ្ឌ​មួយ​នេះ​នឹង​កើនឡើង​ប្រមាណ
៧៧​,០០០ខ្នង​។

យោង​តាម​របាយការណ៍​ ដែល​សិក្សា​ដោយក្រុម​ហ៊ុន​វាយតម្លៃ​អចលនទ្រព្យ​ V-Trust​ កាលពី​ពេល​ថ្មី​ៗនេះ​បាន​បង្ហាញថា​ នៅក្នុង​រាជធានី​ភ្នំពេញ​មាន​ខណ្ឌ​ចំនួន១៤​ ប៉ុន្តែ​ចំពោះ​ខណ្ឌ​ ដែល​មាន​សកម្មភាព​យ៉ាងសកម្ម​ នៅក្នុង​ការ​អភិវឌ្ឍ​វិស័យ​លំនៅ​ដ្ឋាន​មានត្រឹមតែ​ចំនួន៧ខណ្ឌ​តែប៉ុណ្ណោះ​ រួមមាន​ ខណ្ឌោ​ធិ៍​សែន​ជ័យ​ ខណ្ឌដង្កោ​ ខណ្ឌ​ជ្រោយ​ចង្វា​រ ខណ្ឌឫស្សីកែវ​ ខណ្ឌ​សែនសុខ​ ខណ្ឌ​ច្បារអំពៅ​ និង​ខណ្ឌមានជ័យ​។

នៅក្នុង​របាយការណ៍​ដដែល​នេះ​បានឱ្យ​ដឹង​ទៀត​ថា​ ខណ្ឌ​ទាំង៧នេះ​នៅតែ​បន្ត​កំណើន​កើនឡើង​នូវ​ចំនួន​ផ្គត់ផ្គង់​លំនៅ​ដ្ឋាន​ រហូតដល់១០ឆ្នាំទៅ​មុខ​ទៀត​ ខណៈ​ដែល​តម្រូវការ​នៅ​មាន​ភាព​ទូលំទូលាយ​ច្រើន​។ នៅក្នុង​នោះ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ខណ្ឌដង្កោ​ ខណ្ឌ​ជ្រោយ​ចង្វា​រ នឹង​មាន​កំណើន​ប្រមាណ៤ដង​នៅ​ឆ្នាំ២០៣០​ បើ​ធៀប​នឹង​ចំនួន​ពេល​បច្ចុប្បន្ន​ ហើយ​ខណ្ឌឫស្សីកែវ​ ខណ្ឌ​សែនសុខ​ ខណ្ឌ​ច្បារអំពៅ​ នឹង​មាន​កំណើន៣ដង​ ដោយឡែក​ចំពោះ​ខណ្ឌមានជ័យ​ នឹង​មាន​កំណើន​ត្រឹមតែ២ដង​តែប៉ុណ្ណោះ​។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ Khmer​ Foundation​ Appraisal​ លោក​ឧកញ៉ា​ នួន​ រិទ្ធី​ បាន​ទទួលស្គាល់​ទៅ​នឹង​ការសិក្សា​ខាងលើ​ ដោយ​លោក​បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃទី៩​ ខែកញ្ញា​ ឆ្នាំ២០១៩នេះ​ថា​ ការ​កើនឡើង​នូវ​ចំនួន​លំនៅ​ដ្ឋាន​គឺ​នៅក្នុងចំណោម​ខណ្ឌ​ ដែល​ស្ថិតនៅ​វា​អាស្រ័យ​ទៅ​នឹង​តម្រូវការ​ និង​ការ​ផ្គត់ផ្គង់​ ដោយឡែក​ចំពោះ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ដែល​ស្ថិតនៅ​តំបន់​ជាយក្រុង​គឺ​នៅ​មានតម្លៃ​ធូ​ថ្លៃ​នៅឡើយ​ និង​មាន​ភាព​ទូលាយ​ច្រើន​ ដែល​អនុគ្រោះ​ដល់​ការ​អភិវឌ្ឍ​លំនៅ​ដ្ឋាន​កម្រិតមធ្យម​។

លោក​ឧកញ៉ា​បាន​បន្ត​ទៀត​ថា​ “ភាគច្រើន​លំនៅ​ដ្ឋាន​ដែល​ត្រូវ​បាន​អភិវឌ្ឍ​នៅក្នុង​ខណ្ឌ​មួយ​នេះ​ជា​មិន​ប្រភេទ​លំនៅ​ដ្ឋាន​កម្រិតមធ្យម​ និង​ក្រោម​មធ្យម​ ប៉ុន្តែ​ហាក់​មិនសូវ​អនុគ្រោះ​ដល់​វិស័យ​ពាណិជ្ជកម្ម​ខ្នាត​មធ្យម​ ដូចជា​ ខណ្ឌ​សែនសុខ​នោះ​ទេ​”។

លោក​បាន​បន្ត​ទៀត​ថា​ “នៅក្នុង​ពេល​ដ៏​ខ្លី​ខាងមុខនេះ​ ស្ទើ​តែ​គ្រប់​បណ្តា​ខណ្ឌ​ទាំងអស់​ដែល​ចំណុះ​ឱ្យ​រាជធានី​ភ្នំពេញ​ នឹង​មាន​ភាពល្អ​ប្រសើរ​ និង​រីកចម្រើន​ដូចគ្នា​ ដោយសារតែ​បច្ចុប្បន្ន​នេះ​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ពង្រីក​និង​ពង្រឹង​ការ​អភិវឌ្ឍ​យ៉ាង​ទូលំទូលាយ​ ដូចជា​ហេ​ដ្ឋា​រច​ នា​សម្ព័ន្ធ​ផ្លូវថ្នល់​ បណ្តាញ​អគ្គិសនី​ ប្រព័ន្ធ​ទឹក​ស្អាត​ រួម​ជាមួយនឹង​ការបង្កើត​តំបន់​កម្សា​ ន្ត​សាធារណៈ​ស្ទើរគ្រប់​កន្លែង​ទាំងអស់​”។

នៅក្នុង​របាយការណ៍​បាន​បញ្ជាក់​ថា​ ចំនួន​លំនៅ​ដ្ឋាន​ដែល​បាន​សាងសង់​រួចរាល់​ត្រឹម​ឆ្នាំ២០១៨​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​មាន​ចំនួន៤៥​,០០០ខ្នង​ ស្មើនឹង​កំណើន៦ភាគរយ​ក្នុង​មួយឆ្នាំ​ ខណ្ឌ​សែនសុខ​មាន​ចំនួន២៣០០០ខ្នង​ ស្មើ​នឹង​កំនើន​១០ភាគរយ​​ក្នុង​មួយឆ្នាំ​ ខណ្ឌដង្កោ​មាន​ចំនួន​ ២១០០០ខ្នង​ ស្មើ​នឹង​កំនើន១២ភាគរយ​ ខណ្ឌ​ច្បារអំពៅ​មាន​ចំនួន​ ១៤៥០០ខ្នង​ ស្មើ​នឹង​កំនើន១០ភាគរយ​ ខណ្ឌមានជ័យ​មាន​ចំនួន១២០០០ខ្នង​ស្មើ​នឹង​កំនើន៩ភាគរយ​ និង​ខណ្ឌ​ជ្រោយ​ចង្វា​រមាន​ចំនួន​ ៦៥០០ខ្នង​ ស្មើ​នឹង​កំនើន១២ភាគរយ​ក្នុង​មួយឆ្នាំ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here