រដ្ឋបាល​ក្រុងភ្នំពេញ​ដាក់​ឱ្យ​ដំណើរការ​ម៉ាស៊ីន​ខួង​ក្រោម​ដី​ដាក់​លូ​លើកដំបូង

0

ដោយ​ វុត្ថា​

ភ្នំពេញ​៖ រដ្ឋបាល​ក្រុងភ្នំពេញ​សហការ​ជាមួយ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការអន្តរជាតិ​ជប៉ុន​ (JICA​) បាន​ដាក់​ឱ្យ​ដំណើរ​ជា​ផ្លូវការ​នូវ​ម៉ាស៊ីន​ខួង​ក្រោម​ដី​ដាក់​លូ​លើកដំបូង​ និង​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​ដោយ​មិន​ចាំបាច់​ជីក​កាត់​ថ្នល់​ សួនច្បារ​ និង​មិន​ប៉ះពាល់​ចរាចរ​លើ​ដងផ្លូវ​ឡើយ​។

លោក​ សុំា​ ពិសិដ្ឋ​ ប្រធានមន្ទីរ​សាធារណៈ​ការ​ និង​ដឹក​ជញ្ជូ​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​នៅ​ថ្ងៃទី​ ១០​ ខែកញ្ញា​ឆ្នាំ​ ២០១៩​ នេះ​ថា​ គម្រោងការ​ពារ​ទឹកជំនន់​ និង​កែលំអ​ប្រឡាយ​លូ​ក្នុង​រាជធានី​ភ្នំពេញ​ ជំហាន​ទី៤​ ជា​ជំនួយឥតសំណង​របស់​ប្រទេស​ជប៉ុន​ បាន​នាំ​បច្ចេកវិទ្យា​ថ្មី​ដោយ​ប្រើប្រាស់​ម៉ាស៊ីន​ខួង​ក្រោម​ដី​ស្វ័យប្រវត្តិ​ដាក់​លូ​ទំហំ​ ៨០០មម​ ប្រវែង​ ១៥៦០ម​ ខួង​ក្នុង​ជំរៅ​ ៨ម​ ចាប់ពី​អាង​ក្រោម​ដី​សួនច្បារ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​រត់​ក្រោម​វិថី​ព្រះស៊ីសុវត្ថិ​ ផ្លូវ​លេខ​ ៤៧​ ឆ្លងកាត់​សួនច្បារ​កួច​កាណុង​ និង​ផ្លូវ​លេខ​ ៧០​ ក្នុង​ខណ្ឌដូនពេញ​ ។

លោក​បន្ត​ថា​ ការ​សម្ពោធ​ដាក់អោយ​ដំណើរ​កា​រប្រ​ពន្ធ័​បច្ចេកវិទ្យា​ថ្មី​ដែល​មិនធ្លាប់​មាន​ពីមុន​ នោះ​គឺ​ការប្រើ​ប្រាស់​គ្រឿងចក្រ​មុជ​ក្នុង​ដី​ក្នុង​ជម្រៅ៨ម៉ែត្រ​ ដា​ក់​ប្រពន្ធ័​លូ​ប្រភេទ​ថ្មី​ទំនើប​និង​ស្វ័យប្រវត្តិ​ដោយ​មិនបាច់​ប្រើ​មនុស្ស​ និង​មិន​រំខាន​ដល់​ការ​ធ្វើដំណើរ​ដល់​ប្រជាពលរដ្ឋ​ឡើយ​ ។

លោក​បន្ត​ថា​ “ចំពោះ​ការ​ខួង​ដី​ជែក​ ឃីង​ ដាក់​លូ​ ជា​ស្វ័យប្រវត្តិ​នេះ​ យើង​គ្រោង​នឹង​ខួង​ក្រោម​ដី​ចម្ងាយ​ប្រវែង១៥៦០ម៉ែត្រ​ ក្នុង​ជម្រៅ​ក្រោម​ដី​ ៨ម៉ែត្រ​ដោយ​ខួង​ចាប់​ចេញពី​មុខ​ស៊ីឌី​ស៊ី​រហូតដល់​ផ្លូវ​លេខ៧០​ (ទំនប់​ទួលគោក​) កាត់​ក្រោម​រង្វង់​មូល​គួច​កាណុង​ ។

គម្រោង​នេះ​ក្នុង​ដំណាក់កាល​ទី១​ មាន​ ប្រវែង៥០០ម៉ែត្រ​ ដោយ​ប្រើប្រាស់​រយៈពេល៥ខែ​”។ លោក​សាំ​ ពិសិដ្ឋ​បាន​បញ្ជាក់ឲ្យដឹង​ទៀត​ថា​ ការប្រើ​ប្រាស់​បច្ចេកវិជ្ជា​ថ្មី​មួយ​នេះ​វា​មិន​រំខាន​ទៅដល់​ការ​កកស្ទះ​ចរាចរណ៍​ និង​ប៉ះពាល់​ដល់​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ ព្រោះ​វា​ខួង​នៅ​ក្រោម​ដី​ជម្រៅ​រហូតដល់៨ម៉ែត្រ​ ហើយ​នេះ​ក៏​ជា​គម្រោងការ​ពារ​ទឹកជំនន់​និង​កែ​លម្អ​ប្រព័ន្ធ​ប្រឡាយ​លូ​ ក្នុង​រាជធានី​ភ្នំពេញ​ជំហាន​ទី៤ផង​ដែរ​ ។

លោក​បញ្ជាក់​ផង​ដែរ​ថា​ ម្ចាស់​គម្រោង​នេះ​ រដ្ឋបាល​រាជធានី​ភ្នំពេញ​ អ្នក​អនុវត្ត​គម្រោង​ មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ ទីប្រឹក្សា​បច្ចេកទេស​ ក្រុមហ៊ុន​ស៊ី​ធី​អាយ​វិស្វកម្ម​អន្តរជាតិ​ និង​ក្រុមហ៊ុន​ម៉ៅការ​សាងសង់​ ក្រុមហ៊ុន​សំណង់​ ភូ​អា​ខបភើ​រេ​សិន​។

គម្រោងការ​ពារ​ទឹកជំនន់​ និង​កែលំអ​ប្រព័ន្ធ​ប្រឡាយ​លូ​ក្នុង​រាជធានី​ភ្នំពេញ​ ជំហាន​ទី៤​ នេះ​ មាន​ទឹកប្រាក់​សរុប​ប្រមាណ​ ៣០លាន​ដុល្លារ​អាមេរិក​ ដែល​ជា​ជំនួយឥតសំណង​របស់​រដ្ឋាភិបាល​ជប៉ុន​តាមរយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការអន្តរជាតិ​ជប៉ុន​ JICA​ ។

គម្រោង​នេះ​នឹង​ត្រូវ​អនុវត្ត​ការដ្ឋាន​ ដូច​ខាងក្រោម​ ក្នុង​នោះ​រួមមាន​៖

១-ដាក់​បណ្តាញ​លូ​មេ​ នៅក្នុង​ភូមិសាស្ត្រ​ខណ្ឌទួលគោក​ ប្រវែង​ ៨.២គីឡូម៉ែត្រ​។

២-ដាក់​បណ្តាញ​លូ​មេ​ នៅក្នុង​ភូមិសាស្ត្រ​ខណ្ឌដូនពេញ​ ប្រវែង​ ៤.៤គីឡូម៉ែត្រ​។

៣-សាងសង់​អាងស្តុកទឹក​ក្រោម​ដី​ និង​សាងសង់​ស្ថានីយ៍​បូមទឹក​ នៅ​សួនច្បារ​មុខ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ CDC​។

៤-តម្លើង​របា​មេកានិច​ស្វ័យប្រវត្តិ​ ដើម្បី​ប្រមូល​សំរាម​នៅមុខ​ផ្លូវ​បង្ហូរទឹក​នៅ​ស្ថានីយ៍​បូមទឹក​ចតុមុខ​ ព្រះ​គន្លង់១​ ព្រះ​គន្លង់២​ និង​ផ្សារចាស់​។

៥-ផ្តល់​រថយន្ត​បូមទឹក​ចល័ត​ ចំនួន​ ២គ្រឿង​៕

LEAVE A REPLY

Please enter your comment!
Please enter your name here