ដោយៈ រ៉ាណេត
ភ្នំពេញៈ បន្ទាប់ពីមានសាឡង់ដឹកប្រេងបើកប៉ះសសរស្ពាននាឡេ ឆ្លងកាត់ទន្លេសាបពីតំបន់ជ្រោយចង្វារ មកកាន់ផ្លូវជាតិលេខ៥ ត្រូវបានសាលារាជធានីភ្នំពេញបានសម្រេចផ្អាកការធ្វើចរាចរណ៍ជាបណ្តោះអាសន្ន ដើម្បីបង្ការគ្រោះថ្នាក់ និងរង់ចាំការជួសជុលរួចរាល់។

-->
ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ លោកសាំ ពិសិដ្ឋ បានប្រាប់កាលពីព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ នេះថា អាជ្ញាធរសម្រេចផ្អាកចរាចរណ៍ឆ្លងកាត់ស្ពានបាឡេ តភ្ជាប់ពីខណ្ឌឫស្សីកែវ ទៅខណ្ឌជ្រោយចង្វារ ជាបណ្តោះអាសន្ន ដើម្បីត្រួតពិនិត្យបន្ទាប់ពីស្ពាននេះ ត្រូវបានសាឡង់ដឹកប្រេងរបស់ក្រុមហ៊ុនសាវីមិច បើកប៉ះទង្គិចកាលពីម៉ោង៣រសៀលថ្ងៃទី១០ ខែកញ្ញាម្សិលមិញ។
លោកបន្តថា ភ្លាមៗមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ បាននិងកំពុងត្រួតពិនិត្យទីតាំងកើតហេតុ ដើម្បីបញ្ជាក់ថា តើការប៉ះទង្គិចនោះប៉ះពាល់ដល់ស្ពានដែរ ឬយ៉ាងណា? ជាលទ្ឋផលបឋម ក្រុមការងារការដ្ឋានត្រវការពេលវេលាមួយរយៈពេល ដើម្បីធ្វើការជួសជុលអោយបានដូចដើម រួចដាក់អោយដំណើរការជាប្រក្រតីឡើងវិញ នៅពេលប៉ុន្មានថ្ងៃខាងមុខ។
ស្ពានបាឡេថ្មី ឆ្លងកាត់ទន្លេសាប ពីចំណុចឃ្លាំងស្តុកប្រេងសូគីម៉ិច ផ្លូវជាតិលេខ៥ ក្នុងខណ្ឌឫស្សីកែវ ឆ្ពោះមកកាន់តំបន់អភិវឌ្ឍន៍ ទីក្រុងរណបជ្រោយចង្វា ខណ្ឌជ្រោយចង្វា ត្រូវបានបើកសម្ពោធដាក់ឲ្យចរាចរណ៍ជាផ្លូវការ កាលពីរសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨ ក្រោយពីបានដំណើរការសាងសង់ អស់រយៈពេល៦ខែ កន្លងមកនេះ។

ស្ពានបាឡេថ្មីនេះមានទទឹង១២ម៉ែត្រ និងបណ្ដោយ៥០០ម៉ែត្រ ដោយចំណាយថវិកាសាងសង់ចំនួន៩លានដុល្លារ ប្រើពេលសាងសង់៦ខែ។ ពេលដំណើរការ រថយន្តទម្ងន់លើសពី១៥តោន និងមានកម្ពស់លើស ២,៨ម៉ែត្រ មិនអនុញ្ញាតឲ្យឆ្លងកាត់ឡើយ៕