ដោយ ប៊ី
ភ្នំពេញៈ បញ្ហាបំណុលរបស់ក្រុមហ៊ុន KrisEnergy ដែលជាក្រុមហ៊ុនទទួលបានសិទ្ធិវិនិយោគ លើការបូមប្រេងកាតប្លុក A របស់កម្ពុជា នឹងមិនប៉ះពាល់ដល់ការចាប់ផ្តើមផលិតកម្មប្រេងឆៅរបស់កម្ពុជានោះឡើយ។
ក្រុមហ៊ុន KrisEnergy ដែលមានមូលដ្ឋាននៅសឹង្ហបូរី ព្យាយាមស្តារបំណុលជិត ៥០០លានដុល្លារអាមេរិក បន្ទាប់ពីបានជួបបញ្ហា និងដោះស្រាយបំណុល កាលពីខែសីហា។ នេះយោងតាមរបាយការសារព័ត៌មាន Strait Times ដែលមានមូលដ្ឋានរបស់សឹងបូរី។
-->
លោក ម៉េង សក្តិធារ៉ា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ថា “បញ្ហាកំណែទម្រង់បំណុលហិរញ្ញប្បទានរបស់ KrisEnergy នឹងមិនប៉ះពាល់ ឬរាំងស្ទះដល់ការឈាន ទៅចាប់ផ្តើមផលិតកម្មប្រេងឆៅរបស់កម្ពុជាទេ”។
លោកបានបន្តថា “យើងមានការបារម្ភខ្លះៗពីកត្តាអាកាសធាតុ ដែលអាចបង្កឧបសគ្គខ្លះដល់សុវត្ថិភាព និងដំណើរការសាងសង់ស្ថានីយអណ្តូងប្រេង។ ប៉ុន្តែរហូតមកដល់បច្ចុប្បន្ននេះ ដំណើរការអនុវត្តគម្រោងនៅតែមានវឌ្ឍនភាពទៅមុខជាធម្មតា តាមផែនការគ្រោងទុក ពុំមានការរាំងស្ទះគួរកត់សំគាល់ទេ”។
តំបន់ប្លុក A ត្រូវបានគេរំពឹងថា នឹងផលិតប្រេងឆៅដំបូងនៅកម្ពុជា នៅឆ្នាំក្រោយ ប៉ុន្តែក្រុមអ្នកវិភាគកំពុងចាប់ផ្តើមសង្ស័យថា ក្រុមហ៊ុននេះនឹងឈានដល់គោលដៅរបស់ខ្លួន នៅពេលដែលខ្លួនកំពុងព្យាយាមជាមួយការសងប្រាក់ រាប់រយលានដុល្លារដល់ធនាគារនិងម្ចាស់បំណុលបរទេស។
ក្រុមហ៊ុននេះ បានជាប់គាំងជាបំណុលចំនួន៤៧៦,៨លានដុល្លារ ហើយបានបញ្ឈប់ការសងប្រាក់កម្ចី និងការប្រាក់ចាប់តាំងពីខែ សីហា។
របាយការណ៍របស់ក្រមហ៊ុន Fitch Solutions Macro Research បានលើកឡើងថា “ផែនការរបស់កម្ពុជា ដើម្បីផលិតប្រេងឆៅដំបូងរបស់ខ្លួននៅឆ្នាំ២០២០ ហាក់ដូចជានឹងទទួលរងផលប៉ះពាល់ដោយឧបសគ្គ បន្ទាប់ពីក្រុមហ៊ុន KrisEnergy របស់ប្រទេសសឹង្ហបូរីបានប្រកាសជួបបញ្ហាបំណុលកាលពីខែ សីហាចំពេលតម្លៃប្រេងទាប និងផលិតកម្មប្រេងនិងឧស្ម័នចុះខ្សោយ”។

ក្រុមហ៊ុន KrisEnergy បានស្នើសុំការការពារពីតុលាការរយៈពេល៦ខែ ពីធនាគារ និងម្ចាស់បំណុល ប៉ុន្តែត្រូវបានបដិសេធនៅឯសវនាការកាលពីថ្ងៃច័ន្ទ។
តុលាការសឹង្ហបូរី បានបដិសេធសំណើរយៈពេល៦ខែ និងបានបញ្ជាឲ្យក្រុមហ៊ុនរៀបចំស្តារបំណុលឡើងវិញក្នុងរយៈ ពេល៣ខែ៕