រដ្ឋាភិបាល​បញ្ជាក់​ថា​ បញ្ហា​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​ KrisEnergy​ មិន​រាំងស្ទះ​ដល់​ការ​ចាប់ផ្តើម​ផលិតកម្ម​ប្រេងឆៅ​នៅ​កម្ពុជា​

0

ដោយ​ ប៊ី​

ភ្នំ​ពេញៈ​ បញ្ហា​បំណុល​របស់​ក្រុមហ៊ុន​ KrisEnergy​ ដែល​ជា​ក្រុមហ៊ុន​ទទួល​បាន​សិទ្ធិ​វិនិយោគ​ លើ​ការ​បូម​ប្រេងកាត​ប្លុក ​A របស់​កម្ពុជា​ នឹង​មិន​ប៉ះពាល់​ដល់​ការ​ចាប់ផ្តើម​ផលិតកម្ម​ប្រេងឆៅ​របស់​កម្ពុជា​នោះ​ឡើយ​។

ក្រុមហ៊ុន ​KrisEnergy​ ដែល​មាន​មូលដ្ឋាន​នៅ​សឹង្ហ​បូរី​ ព្យាយាម​ស្តារ​បំណុល​ជិត ៥០០លាន​ដុល្លារ​អាមេរិក​ បន្ទាប់ពី​បាន​ជួបបញ្ហា និងដោះស្រាយបំណុល​ កាលពី​ខែសីហា​។ នេះ​យោង​តាម​របាយ​ការ​សារព័ត៌មាន​ Strait​ Times​ ដែល​មាន​មូលដ្ឋាន​របស់​សឹង​បូរី​។

លោក​ ម៉េ​ង សក្តិ​ធា​រ៉ា​ រដ្ឋលេខាធិការ​ក្រសួង​រ៉ែ​ និង​ថាមពល​ នៅ​ថ្ងៃទី១២​ ខែកញ្ញា​ ឆ្នាំ២០១៩​ បាន​បញ្ជាក់​ប្រាប់​បណ្តាញ​ព័ត៌មាន​ Fresh​ News​ ថា​ “បញ្ហា​កំណែទម្រង់​បំណុល​ហិរញ្ញប្បទាន​របស់​ KrisEnergy​ នឹង​មិន​ប៉ះពាល់​ ឬរាំងស្ទះ​ដល់​ការ​ឈាន​ ទៅ​ចាប់ផ្តើម​ផលិតកម្ម​ប្រេងឆៅ​របស់​កម្ពុជា​ទេ​”។

លោក​បាន​បន្ត​ថា​ “យើង​មានការ​បា​រម្ភ​ខ្លះ​ៗពីក​ត្តា​អាកាសធាតុ​ ដែល​អាច​បង្ក​ឧបសគ្គ​ខ្លះ​ដល់​សុវត្ថិភាព​ និង​ដំណើរការ​សាងសង់​ស្ថានីយ​អណ្តូង​ប្រេង​។ ប៉ុន្តែ​រហូតមកដល់​បច្ចុប្បន្ន​នេះ​ ដំណើរការ​អនុវត្ត​គម្រោង​នៅតែ​មាន​វឌ្ឍនភាព​ទៅមុខ​ជា​ធម្មតា​ តាម​ផែនការ​គ្រោងទុក​ ពុំ​មានការ​រាំងស្ទះ​គួរ​កត់សំគាល់​ទេ​”។

តំបន់​ប្លុក​ A ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​ផលិត​ប្រេងឆៅ​ដំបូង​នៅ​កម្ពុជា​ នៅ​ឆ្នាំក្រោយ​ ប៉ុន្តែ​ក្រុម​អ្នកវិភាគ​កំពុង​ចាប់ផ្តើម​សង្ស័យ​ថា​ ក្រុមហ៊ុន​នេះ​នឹង​ឈាន​ដល់​គោលដៅ​របស់​ខ្លួន​ នៅពេល​ដែល​ខ្លួន​កំពុង​ព្យាយាម​ជាមួយ​ការ​សង​ប្រាក់​ រាប់​រយ​លាន​ដុល្លារ​ដល់​ធនាគារ​និង​ម្ចាស់បំណុល​បរទេស​។

ក្រុមហ៊ុន​នេះ​ បាន​ជាប់​គាំង​ជា​បំណុល​ចំនួន៤៧៦​,៨លាន​ដុល្លារ​ ហើយ​បាន​បញ្ឈប់​ការ​សង​ប្រាក់កម្ចី​ និង​ការប្រាក់​ចាប់តាំងពី​ខែ​ សីហា​។

របាយការណ៍​របស់​ក្រម​ហ៊ុន​ Fitch​ Solutions​ Macro​ Research​ បាន​លើកឡើង​ថា​ “ផែនការ​របស់​កម្ពុជា​ ដើម្បី​ផលិត​ប្រេងឆៅ​ដំបូង​របស់​ខ្លួន​នៅ​ឆ្នាំ២០២០​ ហាក់ដូចជា​នឹង​ទទួលរង​ផល​ប៉ះពាល់​ដោយ​ឧបសគ្គ​ បន្ទាប់ពី​ក្រុមហ៊ុន​ KrisEnergy​ របស់​ប្រទេស​សឹង្ហ​បូរី​បាន​ប្រកាស​ជួបបញ្ហាបំណុល​កាលពី​ខែ​ សីហា​ចំ​ពេល​តម្លៃ​ប្រេង​ទាប​ និង​ផលិតកម្ម​ប្រេង​និង​ឧស្ម័ន​ចុះ​ខ្សោយ​”។

ក្រុមហ៊ុន​ KrisEnergy​ បាន​ស្នើសុំ​ការ​ការពារ​ពី​តុលាការ​រយៈពេល៦ខែ​ ពី​ធនាគារ​ និង​ម្ចាស់បំណុល​ ប៉ុន្តែ​ត្រូវ​បាន​បដិសេធ​នៅ​ឯស​វនា​ការ​កាលពី​ថ្ងៃច័ន្ទ​។

តុលាការ​សឹង្ហ​បូរី​ បាន​បដិសេធ​សំណើ​រយៈពេល៦ខែ​ និង​បាន​បញ្ជា​ឲ្យ​ក្រុមហ៊ុន​រៀបចំ​ស្តារ​បំណុល​ឡើងវិញ​ក្នុងរយៈ ពេល៣ខែ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here