ដោយ វុត្ថា
ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជា-ឡាវ បានឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការទីក្រុងសម្ព័ន្ធមេត្រី រវាងរាជធានីភ្នំពេញ និងវៀងចន្ទ និងរវាងខេត្តសៀមរាប និងខេត្តចំប៉ាសាក់ ដើម្បីផ្លាស់សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌។

-->
គម្រោងចងសម្ព័ន្ធមេត្រីជាមួយក្រុង និងខេត្តនៃប្រទេសទាំងពីរនេះ ត្រូវបានធ្វើឡើង នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០១៩ ក្នុងកិច្ចប្រជុំទ្វេភាគីរវាង លោក ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្ត្រីឡាវ និងសម្តេចអគ្គមហាសេនាបនតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ប្រមុខដឹកនាំនៃប្រទេសទាំងពីរក៏បានបញ្ជាក់សារជាថ្មី អំពីសារៈសំខាន់នៃការបង្កើនទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគី តាមរយៈកិច្ចប្រឹងប្រែងរួមគ្នា ដើម្បីបង្កើនការផ្លាស់ប្តូរពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ ហើយព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀតដូចជា វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសាធារណៈការ និងដឹកជញ្ជូន ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជលូតុវិទ្យា និងបរិស្ថាន។
ភាគីទាំងពីរយល់ស្របគ្នាថា ការពង្រឹងកិច្ចសហប្រតិបត្ដិការផ្នែកសង្គម-វប្បធម៌ ដែលរួមមានសុខុមាលភាពសង្គម អប់រំ និងកីឡា ព័ត៌មាន វប្បធម៌ និងទេសចរណ៍ ការថែរក្សាសុខភាព និងយុវជន ដែលមិនត្រឹមតែជួយគាំទ្រដល់ទំនាក់ទំនង លើវិស័យសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយលើកកម្ពស់ ស្មារតីមិត្តភាពរវាងប្រជាជាតិទាំងពីរផងដែរ។
នៅក្នុងកិច្ចប្រជុំពិភាក្សានេះ ប្រមុខដឹកនាំនៃប្រទេសទាំងពីរបានឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថាមពល ជាពិសេសតាមរយៈការបង្កើនពាណិជ្ជកម្មទ្វេភាគីលើវិស័យថាមពលអគ្គិសនី ដែលផលិតពីប្រភពវារីអគ្គិសនីនៅរោងចក្រដើរដោយធ្យូងថ្ម និងប្រភពថាមពលផ្សេងៗទៀត។ ក្នុងន័យនេះ ភាគីទាំងពីរបានឯកភាពគ្នាជំរុញលើកទឹកចិត្តដល់ស្ថាប័នពាក់ព័ន្ធទាំងសងខាង ធានាថា ការសាងសង់បណ្តាញបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់រវាងកម្ពុជា និងឡាវ នឹងត្រូវបានរួចរាល់តាមការព្រមព្រៀងគ្នានិងស្របតាមផែនការ។
ភាគីទាំងពីរក៏បានបង្ហាញនូវបំណងរួម ក្នុងការជំរុញពាណិជ្ជកម្មថាមពលថ្នាក់តំបន់ ហើយយល់ស្របគ្នាថា ពាណិជ្ជកម្មថាមពលរវាងកម្ពុជា ឡាវ និងវៀតណាម អាចនឹងជំរុញបាន តាមរយៈការបង្កើតនូវបណ្តាញបញ្ជូនអគ្គិសនីរួមនៃប្រទេសទាំងបី។
លើសពីនេះទៀត ភាគីទាំងពីរបានឯកភាពជំរុញមន្រ្តីរៀងៗខ្លួន នៅតាមបណ្តាខេត្តជាប់ព្រំដែនឱ្យធ្វើការជួបប្រជុំ និងពិគ្រោះយោបល់គ្នាជាប្រចាំ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ និងជួយគ្នាទៅវិញទៅមក លើគ្រប់វិស័យ ដែលបម្រើផលប្រយោជន៍ទៅវិញទៅមក។
ភាគីទាំងពីរបានឯកភាពបន្ដបង្កើនកិច្ចសហប្រតិបត្តិការ នៅក្នុងក្របខ័ណ្ឌអនុតំបន់ និងយន្ដការតំបន់ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចតំបន់ អោយមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងប្រកបដោយចីរភាព តាមរយៈការអនុវត្ដនូវកិច្ចព្រមព្រៀង ដែលមានស្រាប់ ពិសេស នៅក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបតិ្តការតំបន់អភិវឌ្ឍត្រីកោណ កម្ពុជា-ឡាវ-វៀតណាម៕