កម្ពុជា​-ឡាវ​ជំរុញ​កិច្ច​សហប្រតិបត្តិ​ការ​ចងសម្ព័ន្ធ​មេត្រី​ជាមួយ​ក្រុង​ និង​ខេត្ត​ចំនួន៤​

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ រដ្ឋាភិបាល​កម្ពុជា​-ឡាវ​ បាន​ឯកភាព​គ្នា​ជំរុញ​កិច្ច​សហប្រតិបត្តិ​ការ​ទីក្រុង​សម្ព័ន្ធ​មេត្រី​ រវាង​រាជធានី​ភ្នំពេញ​ និង​វៀង​ចន្ទ​ និង​រវាង​ខេត្តសៀមរាប​ និង​ខេត្ត​ចំប៉ា​សាក់​ ដើម្បី​ផ្លាស់​សេដ្ឋកិច្ច​ ពាណិជ្ជកម្ម​ និង​វប្បធម៌​។

គម្រោង​ចងសម្ព័ន្ធ​មេត្រី​ជាមួយ​ក្រុង​ និង​ខេត្ត​នៃ​ប្រទេស​ទាំងពីរ​នេះ​ ត្រូវ​បាន​ធ្វើឡើង​ នៅ​ថ្ងៃទី១២​ ខែកញ្ញា​ ឆ្នាំ​ ២០១៩​ ក្នុង​កិច្ចប្រជុំ​ទ្វេភាគី​រវាង​ លោក​ ថង​លូន​ ស៊ី​ស៊ូ​លី​ត នាយក​រដ្ឋមន្ត្រី​ឡាវ​ និង​សម្តេច​អគ្គមហាសេនា​បន​តី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​។

ប្រមុខ​ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ​ក៏បាន​បញ្ជាក់​សារ​ជាថ្មី​ អំពី​សារៈសំខាន់​នៃ​ការ​បង្កើន​ទំនាក់ទំនង​សេដ្ឋកិច្ច​ទ្វេភាគី​ តាមរយៈ​កិច្ចប្រឹងប្រែង​រួមគ្នា​ ដើម្បី​បង្កើន​ការ​ផ្លាស់​ប្តូរ​ពាណិជ្ជកម្ម​ និង​វិនិយោគ​រវាង​ប្រទេស​ទាំងពីរ​ ហើយ​ព្រមទាំង​ជំរុញ​កិច្ច​សហប្រតិបត្តិ​ការ​លើ​វិ​ស័យ​ផ្សេង​ៗទៀត​ដូចជា​ វិស័យ​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ជលូ​តុ​វិទ្យា​ និង​បរិស្ថាន​។

ភាគី​ទាំងពីរ​យល់ស្រប​គ្នា​ថា​ ការ​ពង្រឹង​កិច្ច​សហ​ប្រតិ​បត្ដិ​ការ​ផ្នែក​សង្គម​-វប្បធម៌​ ដែល​រួមមាន​សុខុមាលភាព​សង្គម​ អប់រំ​ និងកីឡា​ ព័ត៌មាន​ វប្បធម៌​ និង​ទេសចរណ៍​ ការ​ថែរក្សា​សុខភាព​ និង​យុវជន​ ដែល​មិន​ត្រឹមតែ​ជួយ​គាំទ្រ​ដល់​ទំនាក់ទំនង​ លើ​វិស័យ​សេដ្ឋកិច្ច​ប៉ុណ្ណោះទេ​ ប៉ុន្តែ​ថែមទាំង​ជួយ​លើកកម្ពស់​ ស្មារតី​មិត្តភាព​រវាង​ប្រជាជាតិ​ទាំងពីរ​ផង​ដែរ​។

នៅក្នុង​កិច្ចប្រជុំ​ពិភាក្សា​នេះ​ ប្រមុខ​ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ​បាន​ឯកភាព​គ្នា​ជំរុញ​កិច្ច​សហប្រតិបត្តិ​ការ​លើ​វិស័យ​ថាមពល​ ជាពិសេស​តាមរយៈ​ការ​បង្កើន​ពាណិជ្ជកម្ម​ទ្វេភាគី​លើ​វិស័យ​ថាមពល​អគ្គិសនី​ ដែល​ផលិត​ពី​ប្រភព​វារីអគ្គិសនី​នៅ​រោងចក្រ​ដើរ​ដោយ​ធ្យូងថ្ម​ និង​ប្រភព​ថាម​ពល​ផ្សេង​ៗទៀត​។ ក្នុង​ន័យ​នេះ​ ភាគី​ទាំងពីរ​បាន​ឯកភាព​គ្នា​ជំរុញ​លើកទឹកចិត្ត​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងសងខាង​ ធានា​ថា​ ការសាងសង់​បណ្តាញ​បញ្ជូន​អគ្គិសនី​តង់ស្យុង​ខ្ពស់​រវាង​កម្ពុជា​ និង​ឡាវ​ នឹង​ត្រូវ​បាន​រួចរាល់​តាម​ការព្រមព្រៀង​គ្នា​និង​ស្របតាម​ផែនការ​។

​ភាគី​ទាំងពីរ​ក៏បាន​បង្ហាញ​នូវ​បំណង​រួម​ ក្នុង​ការជំរុញ​ពាណិជ្ជកម្ម​ថាមពល​ថ្នាក់​តំបន់​ ហើយ​យល់ស្រប​គ្នា​ថា​ ពាណិជ្ជកម្ម​ថាមពល​រវាង​កម្ពុជា​ ឡាវ​ និង​វៀតណាម​ អាច​នឹង​ជំរុញ​បាន​ តាមរយៈ​ការបង្កើត​នូវ​បណ្តាញ​បញ្ជូន​អគ្គិសនី​រួម​នៃ​ប្រទេស​ទាំង​បី​។

លើស​ពីនេះ​ទៀត​ ភាគី​ទាំងពីរ​បាន​ឯកភាព​ជំរុញ​មន្រ្តី​រៀង​ៗខ្លួន​ នៅ​តាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន​ឱ្យធ្វើ​ការ​ជួប​ប្រជុំ​ និង​ពិគ្រោះ​យោបល់​គ្នា​ជាប្រចាំ​ ដើម្បី​បង្កើន​កិច្ច​សហប្រតិបត្តិ​ការ​ និង​ជួយគ្នា​ទៅវិញទៅមក​ លើ​គ្រប់​វិស័យ​ ដែល​បម្រើ​ផលប្រយោជន៍​ទៅវិញទៅមក​។

ភាគី​ទាំងពីរ​បាន​ឯកភាព​បន្ដ​បង្កើន​កិច្ច​សហប្រតិបត្តិ​ការ​ នៅក្នុង​ក្របខ័ណ្ឌ​អនុ​តំបន់​ និង​យន្ដ​ការ​តំបន់​ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​តំបន់​ អោយ​មាន​លក្ខណៈ​គ្រប់ជ្រុងជ្រោយ​ និង​ប្រកបដោយ​ចីរភាព​ តាមរយៈ​ការ​អនុវត្ដ​នូវ​កិច្ច​ព្រមព្រៀង​ ដែល​មានស្រាប់​ ពិសេស​ នៅក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ច​សហ​ប្រតិ​បតិ្តការ​តំបន់​អភិវឌ្ឍ​ត្រីកោណ​ កម្ពុជា​-ឡាវ​-វៀតណាម​៕

LEAVE A REPLY

Please enter your comment!
Please enter your name here