ដោយ វុត្ថា
ភ្នំពេញ៖ រដ្ឋាភិបាលបាននឹងកំពុងរៀបចំផ្លូវសំខាន់នៅក្នុងក្រុងព្រះសីហនុ បាននឹងកំពុងសិក្សាគម្រោងប្លង់ផ្លូវថ្នល់សំខាន់ៗក្នុងខេត្តព្រះសីហនុ ដែលមាន ផ្លូវរថយន្ត ផ្លូវម៉ូតូ ផ្លូវថ្មើរជើង ផ្លូវជនពិការ ផ្លូវជិះកង់ ប្រព័ន្ធលូទឹកភ្លៀង ប្រព័ន្ធលូទឹកកខ្វក់ និងបង្គោលភ្លើងបំភ្លឺតាមដងផ្លូវដោយប្រើប្រព័ន្ធសូឡា។

-->
លោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីពេលថ្មីៗនេះ បាន ដឹកនាំកិច្ចប្រជុំពិនិត្យគម្រោងប្លង់មេអភិវឌ្ឍហេដ្ឋារចនាសម័្ពន្ធផ្លូវថ្នល់សំខាន់ៗ ក្នុងក្រុងព្រះសីហនុ ដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធជាច្រើនរូប ក្នុងគោលបំណងរៀបចំផ្លូវថ្នល់នៅក្នុងខេត្តជាប់មាត់សមុទ្រមួយនេះកាន់តែប្រសើរឡើងមួយទៀត។
លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានឱ្យដឹងកន្លងមកនេះថា សម្តេចនាយករដ្ឋមន្ត្រីទទួលការឯកភាពលើគម្រោងផ្តល់ហិរញ្ញប្បទានពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាក្នុងរង្វង់ទឹកប្រាក់ប្រមាណ១០០លានដុល្លារសហរដ្ឋអាមេរិក និងពីវិស័យឯកជនប្រមាណ៤០០លានដុល្លារសហរដ្ឋអាមេរិកបន្ថែមទៀត ដើម្បីស្តារនិងជួសជុលថែទាំផ្លូវនៅខេត្តព្រះសីហនុចំនួន២២ខ្សែ ដែលទទួលរងការខូចខាត ដោយជំនន់ទឹកភ្លៀងនាពេលកន្លង។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអនុញ្ញាតឲ្យប្រើប្រាស់ថវិកាសន្សំរបស់រាជរដ្ឋាភិបាលចំនួន ១០០លានដុល្លារអាមេរិក និងណែនាំឲ្យអនុវត្តគោលការណ៍ «យកស្លឹកត្នោតខ្ចប់ស្ករត្នោត» ចំពោះការស្ថាបនា ជួសជុល កសាងផ្លូវក្នុងក្រុង ផ្លូវវាងក្រុង ប្រព័ន្ធរំដោះទឹកភ្លៀង និងប្រព័ន្ធទឹកកង្វក់ក្នុងខេត្តព្រះសីហនុនេះ។
មន្ត្រីជាន់ខ្ពស់នៃរាជរដ្ខាភិបាលកម្ពុជាធ្លាប់បានឱ្យដឹងថា ការចំណាយថវិការបស់រដ្ឋាភិបាលទៅលើខេត្តព្រះស៊ីហនុនេះ គឺដើម្បីឆ្លើយតបឲ្យ កាន់តែមានប្រសិទ្ធភាពខ្ពស់ តាមសេចក្តីត្រូវការចាំបាច់ជាក់ស្តែងនៅខេត្តព្រះសីហនុ, និងយន្តការនៃការអនុវត្តការងារឱ្យបានច្បាស់លាស់ ចំពោះការជួសជុល កសាងផ្លូវក្នុងក្រុង ផ្លូវវាងក្រុង ប្រព័ន្ធរំដោះទឹកភ្លៀង និងប្រព័ន្ធទឹកកង្វក់ ក្នុងខេត្តព្រះសីហនុ ដើម្បី ធានាបាននូវប្រសិទ្ធភាពការងារ សំណង់ប្រកបដោយគុណភាព ទាន់ពេលវេលាក៏ដូចជា តម្លៃនៃថវិកា៕


