រដ្ឋាភិបាល​កំពុង​រៀបចំ​ផ្លូវថ្នល់​សំ​ខាន់​ៗនៅក្នុង​ក្រុង​ព្រះសីហនុ​ឱ្យ​មានផ្លូវ​រថយន្ត​ ផ្លូវ​ម៉ូតូ​ ថ្មើរជើង​ និង​ពិការ

0

ដោយ​ វុត្ថា​

ភ្នំពេញ​៖ រដ្ឋាភិបាល​បាន​នឹង​កំពុង​រៀបចំ​ផ្លូវ​សំខាន់​នៅក្នុង​ក្រុង​ព្រះសីហនុ​ បាន​នឹង​កំពុង​សិក្សា​គម្រោង​ប្លង់​ផ្លូវថ្នល់​សំ​ខាន់​ៗក្នុង​ខេត្ត​ព្រះសីហនុ​ ដែល​មាន​ ផ្លូវ​រថយន្ត​ ផ្លូវ​ម៉ូតូ​ ផ្លូវ​ថ្មើរជើង​ ផ្លូវ​ជន​ពិការ​ ផ្លូវ​ជិះកង់​ ប្រព័ន្ធ​លូ​ទឹកភ្លៀង​ ប្រព័ន្ធ​លូ​ទឹក​កខ្វក់​ និង​បង្គោល​ភ្លើងបំភ្លឺ​តាម​ដងផ្លូវ​ដោយ​ប្រើ​ប្រព័ន្ធ​សូ​ឡា​។

លោក​ឧបនាយក​រដ្ឋមន្រ្តី​ ជា​ សុ​ផា​រ៉ា​ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ កាលពី​ពេល​ថ្មី​ៗនេះ​ បាន​ ដឹកនាំ​កិច្ចប្រជុំ​ពិនិត្យ​គម្រោង​ប្លង់​មេ​អភិវឌ្ឍ​ហេ​ដ្ឋា​រចនាសម័្ពន្ធ​ផ្លូវថ្នល់​សំ​ខាន់​ៗ ក្នុង​ក្រុង​ព្រះសីហនុ​ ដោយមាន​ការចូលរួម​ពី​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​រូប​ ក្នុង​គោលបំណង​រៀបចំ​ផ្លូវថ្នល់​នៅក្នុង​ខេត្ត​ជាប់មាត់​សមុទ្រ​មួយ​នេះ​កាន់តែ​ប្រសើរ​ឡើង​មួយទៀត​។

លោក​ ស៊ុន​ ចាន់​ថុល​ ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ បានឱ្យ​ដឹង​កន្លងមក​នេះ​ថា​ សម្តេច​នាយក​រដ្ឋមន្ត្រី​ទទួលការ​ឯកភាព​លើ​គម្រោង​ផ្តល់​ហិរញ្ញប្បទាន​ពីសំណាក់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងរង្វង់​ទឹកប្រាក់​ប្រមាណ១០០លាន​ដុល្លារ​សហរដ្ឋអាមេរិក​ និង​ពី​វិស័យ​ឯកជន​ប្រមាណ៤០០លាន​ដុល្លារ​សហរដ្ឋអាមេរិក​បន្ថែម​ទៀត​ ដើម្បី​ស្តារ​និង​ជួសជុល​ថែទាំ​ផ្លូវ​នៅ​ខេត្ត​ព្រះសីហនុ​ចំនួន២២ខ្សែ​ ដែល​ទទួលរង​ការខូចខាត​ ដោយ​ជំនន់​ទឹកភ្លៀង​នា​ពេល​កន្លង​។

សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​កម្ពុជា​ បាន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ថវិកា​សន្សំ​របស់​រាជរដ្ឋាភិបាល​ចំនួន​ ១០០លាន​ដុល្លារ​អាមេរិក​ និង​ណែនាំ​ឲ្យ​អនុវត្ត​គោលការណ៍​ «យក​ស្លឹកត្នោត​ខ្ចប់​ស្ករត្នោត​» ចំពោះ​ការស្ថាបនា​ ជួសជុល​ កសាង​ផ្លូវ​ក្នុង​ក្រុង​ ផ្លូវវាង​ក្រុង​ ប្រព័ន្ធ​រំដោះ​ទឹកភ្លៀង​ និង​ប្រព័ន្ធ​ទឹក​កង្វក់​ក្នុង​ខេត្ត​ព្រះសីហនុ​នេះ​។

មន្ត្រី​ជាន់ខ្ពស់​នៃ​រា​ជរ​ដ្ខា​ភិបាល​កម្ពុជា​ធ្លាប់​បានឱ្យ​ដឹង​ថា​ ការ​ចំណាយ​ថវិកា​របស់​រដ្ឋាភិបាល​ទៅលើ​ខេត្ត​ព្រះ​ស៊ី​ហនុ​នេះ​ គឺ​ដើម្បី​ឆ្លើយតប​ឲ្យ​ កាន់តែ​មានប្រសិទ្ធភាព​ខ្ពស់​ តាម​សេចក្តី​ត្រូវការ​ចាំបាច់​ជាក់ស្តែង​នៅ​ខេត្ត​ព្រះសីហនុ​, និង​យន្តការ​នៃ​ការអនុវត្ត​ការងារ​ឱ្យ​បាន​ច្បាស់លាស់​ ចំពោះ​ការ​ជួសជុល​ កសាង​ផ្លូវ​ក្នុង​ក្រុង​ ផ្លូវវាង​ក្រុង​ ប្រព័ន្ធ​រំដោះ​ទឹកភ្លៀង​ និង​ប្រព័ន្ធ​ទឹក​កង្វក់​ ក្នុង​ខេត្ត​ព្រះសីហនុ​ ដើម្បី​ ធានា​បាន​នូវ​ប្រសិទ្ធភាព​ការងារ​ សំណង់​ប្រកបដោយ​គុណភាព​ ទាន់ពេល​វេលា​ក៏ដូចជា​ តម្លៃ​នៃ​ថវិកា​៕

LEAVE A REPLY

Please enter your comment!
Please enter your name here