សម្ដេច​តេជោ​នឹង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ថ្នាក់​មន្ត្រី​ជាន់ខ្ពស់​កម្រិត​តំបន់​នៅ​ខេត្តសៀមរាប​

0

ដោយៈ​ រ៉ា​ណេត​

សៀម​រា​បៈ​ សម្តេច​តេជោ​ហ៊ុន​ សែន​នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ និង​សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី​លើក​ទី៣កម្រិត​តំបន់​ ដែល​មាន​បណ្តា​រដ្ឋមន្រ្តី​មក​ពី​ប្រទេស​ចំនួន៥​ ដែ​លប្រារព​ធ្វើ​នៅ​ខេត្តសៀមរាប​។ នេះ​បើ​ផ្អែក​តាម​ព័ត៌មាន​បឋម​ដែល​ចេញ​ដោយ​ក្រសួងការងារ​មុន​នេះ​បន្តិច​។

កិច្ចប្រជុំ​ និង​អង្គ​សន្និសីទ​ថ្នាក់​អន្តរជាតិ​ ដ៏​មាន​សារសំខាន់​ខាងលើ​នេះ​ នឹង​ធ្វើឡើង​រយៈពេល២ថ្ងៃ​ គឺ​ចាប់ពី​ថ្ងៃទី១៦​-១៧​ ខែកញ្ញា​ ឆ្នាំ២០១៩​ នៅ​ខេត្តសៀមរាប​ ជាមួយ​មន្ត្រី​ជាន់ខ្ពស់​ក្រសួងការងារ​មក​ពី​ ប្រទេស​ឡាវ​ ថៃ​ ម៉ា​យ៉ាន់​ម៉ា​ ថៃ​ និង​វៀតណាម​ ខណៈ​ដែល​ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​កម្ពុជា​ ជា​អ្នកទទួល​បន្ទុក​និង​សម្របសម្រួល​ជាមួយនឹង​ប្រធានបទ​ “ការ​ឆ្ពោះទៅ​កាន់​កិច្ច​គាំពារ​ពលករ​ទេសន្តរប្រវេសន៍​ នៅក្នុង​ប្រទេស​ CLMTV​ កិច្ច​សហប្រតិបត្តិ​ការ​វិស័យ​សន្តិសុខ​សង្គម​។

សម្តេច​តេជោ​ហ៊ុន​ សែន​នឹង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ដ៏​មាន​សារៈសំខាន់​នេះ​ នៅ​ថ្ងៃស្អែក​ទី១៧​ កញ្ញា​។

គោលបំណង​ចម្បង​នៃ​កិច្ច​ ប្រជុំ​ដែល​កំពុងតែ​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី១៦​ កញ្ញា​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ លើកកម្ពស់​បន្ថែម​ទៀត​ នៃ​កិច្ច​សហប្រតិបត្តិ​ការ​លើ​វិស័យ​ការងារ​ក្នុង​ប្រទេស​ CLMTV​ ជំរុញ​ឱ្យ​មានការ​បន្ត​ការចែក​រំលែក​បទពិសោធន៍​ និង​ការ​អនុ​វត្ត​ល្អ​ៗ ក្នុងចំណោម​ប្រទេស​ CLMTV​ ពាក់ព័ន្ធ​នឹង​ការ​ការពារ​ និង​ការ​លើកកម្ពស់​សិទ្ធិពល​ករ​ទេសន្តរប្រវេសន៍​ ជាពិសេស​ចល័ត​ភាព​ នៃ​របប​សន្តិសុខ​សង្គម​ពិភាក្សា​ឱ្យ​មានការ​ឯកភាព​គ្នា​លើ​យន្តការ​រួម​មួយ​ ដើម្បី​ឈាន​ទៅ​កំណត់​អំពី​ការអនុវត្ត​ចល័ត​ភាព​ នៃ​របប​សន្តិសុខ​សង្គម​នា​ពេល​អនាគត​ ធ្វើការ​ឆ្ពោះទៅ​កាន់ការ​រៀបចំ​ក្របខ័ណ្ឌ​រួម​មួយ​ សម្រាប់​ប្រទេស​ CLMTV​ ស្ដីពី​ ចល័ត​ភាព​នៃ​របប​សន្តិសុខ​សង្គម​សម្រាប់​ពលករ​ទេសន្តរប្រវេសន៍​។

តាមរយៈ​ប្រធានបទ​នេះ​ ពិតជា​បាន​ឆ្លើយតបទៅនឹង​គោលនយោបាយ​ និង​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល​ ដូចជា​ ក្របខ័ណ្ឌ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម​ (២០១៦​-២០២៥​) យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី៤​ និង​គោលនយោបាយ​ស្ដីពី​ ទេសន្តរប្រវេសន៍​ការងារ​សម្រាប់​ប្រទេស​កម្ពុជា​ (២០១៩​-២០២៣​) ដែល​បាន​ផ្តល់​ការ​គាំពារ​សិទ្ធិ​ និង​អត្ថ​ប្រយោជន៍​របស់​ពលករ​ទេសន្តរប្រវេសន៍​៕

LEAVE A REPLY

Please enter your comment!
Please enter your name here