ដោយៈ រ៉ាណេត
សៀមរាបៈ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញចូលរួមកិច្ចប្រជុំ និងសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី៣កម្រិតតំបន់ ដែលមានបណ្តារដ្ឋមន្រ្តីមកពីប្រទេសចំនួន៥ ដែលប្រារពធ្វើនៅខេត្តសៀមរាប។ នេះបើផ្អែកតាមព័ត៌មានបឋមដែលចេញដោយក្រសួងការងារមុននេះបន្តិច។

-->
កិច្ចប្រជុំ និងអង្គសន្និសីទថ្នាក់អន្តរជាតិ ដ៏មានសារសំខាន់ខាងលើនេះ នឹងធ្វើឡើងរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី១៦-១៧ ខែកញ្ញា ឆ្នាំ២០១៩ នៅខេត្តសៀមរាប ជាមួយមន្ត្រីជាន់ខ្ពស់ក្រសួងការងារមកពី ប្រទេសឡាវ ថៃ ម៉ាយ៉ាន់ម៉ា ថៃ និងវៀតណាម ខណៈដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា ជាអ្នកទទួលបន្ទុកនិងសម្របសម្រួលជាមួយនឹងប្រធានបទ “ការឆ្ពោះទៅកាន់កិច្ចគាំពារពលករទេសន្តរប្រវេសន៍ នៅក្នុងប្រទេស CLMTV កិច្ចសហប្រតិបត្តិការវិស័យសន្តិសុខសង្គម។
សម្តេចតេជោហ៊ុន សែននឹងអញ្ជើញចូលរួមកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ នៅថ្ងៃស្អែកទី១៧ កញ្ញា។
គោលបំណងចម្បងនៃកិច្ច ប្រជុំដែលកំពុងតែធ្វើឡើងនៅព្រឹកថ្ងៃទី១៦ កញ្ញានេះធ្វើឡើងក្នុងគោលបំណង លើកកម្ពស់បន្ថែមទៀត នៃកិច្ចសហប្រតិបត្តិការលើវិស័យការងារក្នុងប្រទេស CLMTV ជំរុញឱ្យមានការបន្តការចែករំលែកបទពិសោធន៍ និងការអនុវត្តល្អៗ ក្នុងចំណោមប្រទេស CLMTV ពាក់ព័ន្ធនឹងការការពារ និងការលើកកម្ពស់សិទ្ធិពលករទេសន្តរប្រវេសន៍ ជាពិសេសចល័តភាព នៃរបបសន្តិសុខសង្គមពិភាក្សាឱ្យមានការឯកភាពគ្នាលើយន្តការរួមមួយ ដើម្បីឈានទៅកំណត់អំពីការអនុវត្តចល័តភាព នៃរបបសន្តិសុខសង្គមនាពេលអនាគត ធ្វើការឆ្ពោះទៅកាន់ការរៀបចំក្របខ័ណ្ឌរួមមួយ សម្រាប់ប្រទេស CLMTV ស្ដីពី ចល័តភាពនៃរបបសន្តិសុខសង្គមសម្រាប់ពលករទេសន្តរប្រវេសន៍។

តាមរយៈប្រធានបទនេះ ពិតជាបានឆ្លើយតបទៅនឹងគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រដ្ឋាភិបាល ដូចជា ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម (២០១៦-២០២៥) យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងគោលនយោបាយស្ដីពី ទេសន្តរប្រវេសន៍ការងារសម្រាប់ប្រទេសកម្ពុជា (២០១៩-២០២៣) ដែលបានផ្តល់ការគាំពារសិទ្ធិ និងអត្ថប្រយោជន៍របស់ពលករទេសន្តរប្រវេសន៍៕