រដ្ឋាភិបាល​ប្តេជ្ញា​បន្ត​ពង្រឹង​អភិបាលកិច្ច​ល្អ​ដើម្បី​គាំទ្រ​ការ​អភិវឌ្ឍ​វិស័យ​ឯកជន​ និង​ធ្វើ​ពិពិធ​កម្ម​កំណើន​សេដ្ឋកិច្ច​ជាតិ​

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ ​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ ក្នុង​ការ​បន្ត​ពង្រឹង​អភិបាលកិច្ច​ល្អ​ សំដៅ​គាំទ្រ​ការ​អភិវឌ្ឍ​វិស័យ​ឯកជន​ តាមរយៈ​ការ​ផ្តល់​នូវ​សេវា​សាធារណៈ​ប្រកបដោយ​សុចរិត​ភាព​ តម្លាភាព​ និង​គណនេយ្យ​ភាព​។

រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ លោក​ប៉ាន​ សូរ​ស័ក្តិ​ ថ្លែង​នៅក្នុង​ពិធី​បោះឆ្នោត​ជ្រើសរើស​ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ អាណត្តិ​ទី៤លើក​ទី១កាលពី​ថ្ងៃទី១៦​ ខែកញ្ញា​ ឆ្នាំ២០១៩ម្សិលមិញ​នេះ​ថា​ ការ​ធ្វើ​ដូច្នេះ​ គឺ​ដើម្បី​លើកស្ទួយ​ឧត្តមភាព​ប្រកួតប្រជែង​របស់​កម្ពុជា​ និង​ទាញ​យក​អត្ថ​ប្រយោជន៍​ពី​ការ​ធ្វើស​មា​ហរ​ណកម្ម​ ទៅ​ក្នុង​កម្រិត​តំបន់​និង​ពិភពលោក​។

លោក​រដ្ឋមន្ត្រី​បន្ត​ថា ​“កម្ពុជា​ទទួល​បាន​នូវ​វឌ្ឍនភាព​ផ្នែក​សង្គម​សេដ្ឋកិច្ច​ និង​សមិទ្ធផល​សំ​ខាន់​ៗ ព្រមទាំង​កិច្ចប្រឹងប្រែង​របស់ក្រ​សួង​ពាណិជ្ជកម្ម​ ក្នុង​ការសម្រប​សម្រួលការ​អភិវឌ្ឍ​វិស័យ​ឯកជន​ ដែល​ជា​ក្បាលម៉ាស៊ីន​ដ៏​សំខាន់​នៃ​កំណើន​សេដ្ឋកិច្ច​ជាតិ​ ដូច​បាន​កំណត់​នៅក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី៤​”។ លោក​បន្ត​ថា​ «ការសម្រេច​បាន​នូវ​កត្តា​ទាំងអស់​នេះ​ បាន​ជួយ​ឱ្យ​កម្ពុជា​ ក្លាយជា​គោលដៅ​វិនិយោគ​ដ៏​ទាក់ទាញ​មួយ​នៅក្នុង​តំបន់​ ដែល​រួមចំណែក​យ៉ាង​សំខាន់​ ដល់​ការបង្កើត​ឱកាស​ការងារ​ និង​ការ​កាត់​ភាព​ក្រីក្រ​ ហើយ​បាន​ប្រែក្លាយ​ពី​ប្រទេស​ក្រីក្រ​ ទៅជា​ប្រទេស​ដែល​មាន​ប្រាក់ចំណូល​មធ្យម​កម្រិតទាប​ និង​ជា​ខ្លា​ថ្មី​នៅ​អាស៊ី​”។

ជាមួយគ្នា​នេះ​ លោក​ រដ្ឋមន្ត្រី​ ប៉ាន​ សូរ​ស័ក្តិ​ បាន​ ផ្តល់​អនុសាសន៍​ចំនួន៤​ ដើម្បី​ធានា​ដល់​ការលូតលាស់​នៃ​វិស័យ​ពាណិជ្ជកម្ម​ និង​ជំរុញ​ការ​អភិវឌ្ឍ​កំណើន​សេដ្ឋកិច្ច​ជាតិ​ ប្រកបដោយ​និរន្តរភាព​ ដល់​សភា​ពាណិជ្ជកម្ម​កម្ពុជា​ និង​សភា​ពាណិជ្ជកម្ម​រាជធានី​/ខេត្ត​ ដូចជា​ ទី១​ ត្រូវ​ខិតខំ​ស្វែងរក​ និង​ទាក់ទាញ​អ្នក​វិនិយោគ​ ឱ្យ​ចូល​មក​បណ្តាក់​ទុន​នៅ​កម្ពុជា​ថែមទៀត​ ក្នុង​នោះ​ត្រូវ​ខិតខំ​រៀបចំ​បង្កើត​ការិយាល័យ​តំណាង​សភា​ពាណិជ្ជកម្ម​ នៅ​តាម​តំបន់​ រឺ​ប្រទេស​ណាមួយ​ ដែល​មាន​ប្រជាជន​កម្ពុជា​រស់នៅ​ច្រើន​។

ទី២​ ត្រូវ​នៅ​ជិត​អាជីវករ​ដែល​ជាស​មា​ជិ​កធម្មតា​ ដើម្បី​ដឹងពី​សុខទុក្ខ​ឬបញ្ហា​ប្រឈម​ ដោយ​ទទួលយក​សំណូមពរ​នានា​ ដើម្បី​ផ្តល់​ជា​អនុសាសន៍​ជូន​រាជរដ្ឋាភិបាល​ ហើយ​ត្រូវលើ​កកម្ពស់​ការយល់​ដឹង​របស់​ពួកគាត់​ អំពី​អត្ថ​ប្រយោជន៍​នៃ​ការចូលរួម​ជាមួយ​សភា​ពាណិជ្ជកម្ម​ ដែល​ជា​តំណាង​ឱ្យ​វិស័យ​ឯកជន​។ ទី៣​ ត្រូវ​ធ្វើការ​ផ្តល់​ព័ត៌មាន​ និង​សេ​វា​ផ្សេង​ៗឱ្យ​បាន​ទាន់ពេល​វេលា​ដល់​សមាជិក​-សមាជិកា​ ដើម្បី​ធានា​ឱ្យ​ដំណើរការ​មាន​ភាព​រលូន​។

ទី៤​ ត្រូវ​ពង្រឹង​ការយល់​ដឹង​របស់​សមាជិក​-សមាជិកា​ អំពី​តួនាទី​ ភារកិច្ច​ រចនាសម្ព័ន្ធ​ និង​កា​ងារ​រគ្រប់​គ្រង​រដ្ឋបាល​ ឱ្យ​មានដំណើរ​ការ​ជាប្រចាំ​ ហើយ​ត្រូវ​បន្ត​រៀបចំ​ទីស្នាក់ការ​ឱ្យ​បាន​ច្រើន​ថែមទៀត​ ជាពិសេស​នៅ​តាម​បណ្តា​រាជធានី​/ខេត្ត​ ដែល​មិនទាន់​មាន​៕

LEAVE A REPLY

Please enter your comment!
Please enter your name here