ដោយ វុត្ថា
ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាបានប្រកាសពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការបន្តពង្រឹងអភិបាលកិច្ចល្អ សំដៅគាំទ្រការអភិវឌ្ឍវិស័យឯកជន តាមរយៈការផ្តល់នូវសេវាសាធារណៈប្រកបដោយសុចរិតភាព តម្លាភាព និងគណនេយ្យភាព។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកប៉ាន សូរស័ក្តិ ថ្លែងនៅក្នុងពិធីបោះឆ្នោតជ្រើសរើសប្រធានសភាពាណិជ្ជកម្មកម្ពុជា អាណត្តិទី៤លើកទី១កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ម្សិលមិញនេះថា ការធ្វើដូច្នេះ គឺដើម្បីលើកស្ទួយឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា និងទាញយកអត្ថប្រយោជន៍ពីការធ្វើសមាហរណកម្ម ទៅក្នុងកម្រិតតំបន់និងពិភពលោក។
លោករដ្ឋមន្ត្រីបន្តថា “កម្ពុជាទទួលបាននូវវឌ្ឍនភាពផ្នែកសង្គមសេដ្ឋកិច្ច និងសមិទ្ធផលសំខាន់ៗ ព្រមទាំងកិច្ចប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការសម្របសម្រួលការអភិវឌ្ឍវិស័យឯកជន ដែលជាក្បាលម៉ាស៊ីនដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចជាតិ ដូចបានកំណត់នៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤”។ លោកបន្តថា «ការសម្រេចបាននូវកត្តាទាំងអស់នេះ បានជួយឱ្យកម្ពុជា ក្លាយជាគោលដៅវិនិយោគដ៏ទាក់ទាញមួយនៅក្នុងតំបន់ ដែលរួមចំណែកយ៉ាងសំខាន់ ដល់ការបង្កើតឱកាសការងារ និងការកាត់ភាពក្រីក្រ ហើយបានប្រែក្លាយពីប្រទេសក្រីក្រ ទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប និងជាខ្លាថ្មីនៅអាស៊ី”។
ជាមួយគ្នានេះ លោក រដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បាន ផ្តល់អនុសាសន៍ចំនួន៤ ដើម្បីធានាដល់ការលូតលាស់នៃវិស័យពាណិជ្ជកម្ម និងជំរុញការអភិវឌ្ឍកំណើនសេដ្ឋកិច្ចជាតិ ប្រកបដោយនិរន្តរភាព ដល់សភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មរាជធានី/ខេត្ត ដូចជា ទី១ ត្រូវខិតខំស្វែងរក និងទាក់ទាញអ្នកវិនិយោគ ឱ្យចូលមកបណ្តាក់ទុននៅកម្ពុជាថែមទៀត ក្នុងនោះត្រូវខិតខំរៀបចំបង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្ម នៅតាមតំបន់ រឺប្រទេសណាមួយ ដែលមានប្រជាជនកម្ពុជារស់នៅច្រើន។
ទី២ ត្រូវនៅជិតអាជីវករដែលជាសមាជិកធម្មតា ដើម្បីដឹងពីសុខទុក្ខឬបញ្ហាប្រឈម ដោយទទួលយកសំណូមពរនានា ដើម្បីផ្តល់ជាអនុសាសន៍ជូនរាជរដ្ឋាភិបាល ហើយត្រូវលើកកម្ពស់ការយល់ដឹងរបស់ពួកគាត់ អំពីអត្ថប្រយោជន៍នៃការចូលរួមជាមួយសភាពាណិជ្ជកម្ម ដែលជាតំណាងឱ្យវិស័យឯកជន។ ទី៣ ត្រូវធ្វើការផ្តល់ព័ត៌មាន និងសេវាផ្សេងៗឱ្យបានទាន់ពេលវេលាដល់សមាជិក-សមាជិកា ដើម្បីធានាឱ្យដំណើរការមានភាពរលូន។

ទី៤ ត្រូវពង្រឹងការយល់ដឹងរបស់សមាជិក-សមាជិកា អំពីតួនាទី ភារកិច្ច រចនាសម្ព័ន្ធ និងកាងាររគ្រប់គ្រងរដ្ឋបាល ឱ្យមានដំណើរការជាប្រចាំ ហើយត្រូវបន្តរៀបចំទីស្នាក់ការឱ្យបានច្រើនថែមទៀត ជាពិសេសនៅតាមបណ្តារាជធានី/ខេត្ត ដែលមិនទាន់មាន៕






