ដោយ វុត្ថា
ភ្នំពេញ៖ គម្រោងលំនៅឋានជាច្រើនបាននិងកំពុងរីកដុះដាលនៅតាមបណ្តោយផ្លូវជាតិលេខ៣ បើទោះបីផ្លូវដ៏មានសក្តានុពលសេដ្ឋកិច្ចមួយនេះ បាននឹងកំពុងពង្រីក និងស្ថាបនាឡើងវិញ និងគ្រោងបញ្ចប់នៅចុងឆ្នាំ២០២១ ឬលឿនជាងនេះយ៉ាងណាក្តី។
អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Century 21 Fortuna Investment លោកវ៉ា វីរៈ បានមានប្រសាសន៍ឱ្យដឹងតាមទូរស័ព្ទនៅថ្ងៃ១៧ ខែកញ្ញា ឆ្នាំ ២០១៩នេះថា ផ្លូវសំខាន់ៗចេញពីរាជរាជធានីភ្នំពេញ ជាពិសេសផ្លូវជាតិលេខ៣ បាននឹងកំពុងមានសក្តានុពលលើវិស័យសំណង់ការអភិវឌ្ឍន៍គម្រោងលំនៅឋាន រោងចក្រ និងអគារពាណិជ្ជកម្មជាដើម។
-->
លោកបន្តថា “នៅតាមបណ្តោយផ្លូវជាតិនេះ រាប់ពីគីឡូម៉ែត្រទី១០ទៅ២០ គីឡូ ម៉ែត្រចេញពីរង្វង់មូលចោមចៅ មានគម្រោងសាងសង់លំនៅឋានធំៗចំនួន៤ទៅ៥ គម្រោងជាច្រើនបានឹងកំពុងវិនិយោគដោយអ្នកវិនិយោគក្នុងស្រុក ដោយសារនៅតាមណ្តោយផ្លូវជាតិលេខ៣នេះ ដីមានតម្លៃធូថ្លៃ និងកាលពីលើកមុន ផ្លូវគេមិនទាន់បានធ្វើការជុសជួល”។
លោកបន្ថែមថា ប៉ុន្តែនៅពេលនេះផ្លូវជាតិលេខ៣ បាននឹងកំពុងស្ថាបនាឡើងវិញ ដែលជំរុញឱ្យមានការសាងសង់លំនៅឋាន។ ការទិញលំនៅឋាន កុំគិតពីចំងាយឆ្ងាយ សំខាន់គឺផ្លូវសម្រាប់ធ្វើដំណើរ មានភាពងាយស្រួល និងបានលឿន ហើយក្នុងរយៈពេល ២ឆ្នាំទៅមុខទៀត ស្ពានអាកាសចោមចៅត្រូវបានបញ្ចប់ទៀត នឹងធ្វើអោយចរាចរណ៍កាន់តែមានភាពល្អប្រសើរជាងពេលបច្ចុប្បន្ន។
អគ្គនាយកក្រុមហ៊ុន Premium Housing លោក ម៉ាន់ ចាន់ឌី បានឱ្យដឹងដែរថា ជាការពិតណាស់ផ្លូវជាតិលេខ៣ មានសក្តានពុលខ្ពស់ ហើយបាននឹងកំពុងទាក់ទាញគម្រោងអភិវឌ្ឍន៍លំនៅឋានជាច្រើន រួមមាន គម្រោងរបស់បុរីពិភពថ្មី និងបុរីលឹមឈាងហាក់ជាដើម។
លោកបន្តថា ក្រៅពីគម្រោងលំនៅឋានប្រមាណ៣ ទៅ៤ ក៏មានគម្រោងសាងសង់រោងចក្រ និងអភិវឌ្ឍន៍ជាច្រើនផ្សេងទៀត ក៏បានទៅបោះទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ៣នេះដែរ ដែលធ្វើឱ្យសក្តានុពលនៅតាមបណ្តោយផ្លូវជាតិមួយនេះ កាន់តែមានភាពទាក់ទាញ លើការអភិវឌ្ឍគម្រោងលំនៅឋាន និងគម្រោងផ្សេងទៀត ស្របទៅនឹងផ្លូវក៏បាននឹងកំពុងពង្រីក និងស្ថាបនាឡើងវិញផងដែរ។
ស្របពេលដែលរដ្ឋាភិបាលបាននឹងកំពុងជួសជុល និងពង្រីកឡើងវិញនូវជាតិលេខ៣ ចាប់ពីចំណុចរង្វង់មូលចោមចៅ ក្រុងភ្នំពេញឆ្ពោះទៅទីរួមខេត្តកំពត បានធ្វើឱ្យដីនៅតាមបណ្តោយផ្លូវជាតិលេខ៣ នេះមានសក្តានុពលកាន់តែខ្លាំងក្នុងការពុះជាឡូត៍ៗ ការសាងសង់អគារពាណិជ្ជកម្ម និងអគារផ្ទះល្វែងសម្រាប់លក់ជាដើម។

ផ្លូវជាតិលេខ៣ ជាខ្សែផ្លូវនៃប៉ូលសេដ្ឋកិច្ច និងទេសចរណ៍ដ៏មានសក្តានុពលរបស់កម្ពុជា តភ្ជាប់រាជធានីភ្នំពេញ ទៅកាន់ខេត្តកំពត ដោយឆ្លងកាត់រាជធានី-ខេត្តចំនួន៥រួមមាន រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ តាកែវ និងកំពត និងអាចតភ្ជាប់ទៅកាន់កំពង់ផែសមុទ្រអន្តរជាតិខេត្តព្រះសីហនុ តាមរយៈផ្លូវជាតិលេខ៤ និងខេត្តកោះកុង ច្រកព្រំដែនកម្ពុជា-ថៃ តាមរយៈផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ៤៨៕