ធនាគារជាតិ​កម្ពុជា​ វៀតណាម​នឹង​បន្ត​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំងពីរ​

0

ដោយ​ ប៊ី​

ភ្នំ​ពេញៈ​ ធនាគារជាតិនៃកម្ពុជា​ និង​ធនាគារ​រដ្ឋ​វៀតណាម​ (SBV​) បាន​បើក​កិច្ចប្រជុំ​ទ្វេភាគី​នៅ​ទីក្រុង​ភ្នំពេញ​កាលពី​ម្សិលមិញ​ ដើម្បី​ផ្លាស់​ប្តូរ​និង​ចែករំលែក​បទពិសោធន៍​ស្តី​ពី​ការគ្រប់គ្រង​ម៉ាក្រូ​សេដ្ឋកិច្ច​ជាពិសេស​ផ្នែក​ហិរញ្ញវត្ថុ​ និង​ធនាគារ​។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ចុះ​នៅ​ថ្ងៃទី​ ១៧​ ខែកញ្ញា​។

ថ្លែង​ក្នុង​ឱកាស​បើក​កិច្ចប្រជុំ​ប្រចាំឆ្នាំ​ ដែល​ធ្វើឡើង​ក្នុង​ឱកាស​អបអរសាទរ​ខួប​លើក​ទី៤០នៃ​ការបង្កើត​ធនាគារជាតិនៃកម្ពុជា​ លោក​ជា​ ចាន់​តូ​ ទេសាភិបាល​ធនាគារជាតិនៃកម្ពុជា​ បាន​បង្ហាញ​ការ​សាទរ​ដល់​ធនាគារ​ SBV​ ចំពោះ​ការ​ជួយ​យ៉ាងច្រើន​ទាក់ទង​នឹង​ការ​បណ្តុះបណ្តាល​បច្ចេកទេស​ និង​ធនធានមនុស្ស​ចាប់តាំងពី​ថ្ងៃ​ដំបូង​ នៃ​ការបង្កើត​របស់​ខ្លួន​រហូតមកដល់​សព្វថ្ងៃ​។

លោក​ក៏បាន​វាយតម្លៃ​ ខ្ពស់​ចំពោះ​ប្រតិបត្តិ​ការ​របស់​ធនាគារ​វៀតណាម​ នៅ​កម្ពុជា​ដែល​បាន​ចូលរួម​ចំណែក​យ៉ាង​ សកម្ម​ក្នុង​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ធនាគារ​ ក៏ដូចជា​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ប្រទេស​។

លោក​ក៏បាន​បញ្ជាក់​ផង​ដែរ​ថា​ ធនាគារជាតិនៃកម្ពុជា​ នឹង​បន្ត​ការសម្រប​សម្រួល​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ធនាគារ​ SBV​ ក្នុង​ការ​ផ្លាស់​ប្តូរ​គណៈប្រតិភូ​ និង​ចែករំលែក​ព័ត៌មាន​អំពី​កិច្ច​សហប្រតិបត្តិ​ការ​ ដោយ​រួមចំណែក​ជំរុញ​ថែមទៀត​ នូវ​កិច្ច​សហប្រតិបត្តិ​ការ​គ្រប់ជ្រុងជ្រោយ​រវាង​ប្រទេស​ទាំងពីរ​។

លោក ​Le​ Minh​ Hung​ ទេសាភិបាល​ធនាគារ​ SBV​ បាន​បញ្ជាក់​ថា​ ធនាគារ​រដ្ឋ​វៀតណាម​មាន​មោទនភាព​ ដែល​បាន​ចូលរួម​ចំណែក​មួយ​ផ្នែក​ ដល់​ការ​អភិវឌ្ឍ​នា​ពេល​បច្ចុប្បន្ន​របស់​ធនាគារជាតិនៃកម្ពុជា​ជាពិសេស​ និង​សេដ្ឋកិច្ច​កម្ពុជា​ជាទូទៅ​។

លោក​បាន​ថ្លែង​ថា​ ក្នុង​បរិបទ​ដែល​សេដ្ឋកិច្ច​ពិភពលោក​ កំពុង​ជួបប្រទះ​ការ​អភិវឌ្ឍ​ស្មុគស្មាញ​ យន្តការ​កិច្ច​សហប្រតិបត្តិ​ការ​រវាង​ធនាគារ​កណ្តាល​ទាំងពីរ​ នឹង​ជួយ​ឱ្យ​សេដ្ឋកិច្ច​នៃ​ប្រទេស​ទាំងពីរ​ ចែករំលែក​នូវ​បទពិសោធន៍​ ដើម្បី​អភិវឌ្ឍ​ជាមួយគ្នា​ថែមទៀត​៕

LEAVE A REPLY

Please enter your comment!
Please enter your name here