ដោយ ប៊ី
ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជា និងធនាគាររដ្ឋវៀតណាម (SBV) បានបើកកិច្ចប្រជុំទ្វេភាគីនៅទីក្រុងភ្នំពេញកាលពីម្សិលមិញ ដើម្បីផ្លាស់ប្តូរនិងចែករំលែកបទពិសោធន៍ស្តីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ចជាពិសេសផ្នែកហិរញ្ញវត្ថុ និងធនាគារ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានមួយចុះនៅថ្ងៃទី ១៧ ខែកញ្ញា។
ថ្លែងក្នុងឱកាសបើកកិច្ចប្រជុំប្រចាំឆ្នាំ ដែលធ្វើឡើងក្នុងឱកាសអបអរសាទរខួបលើកទី៤០នៃការបង្កើតធនាគារជាតិនៃកម្ពុជា លោកជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានបង្ហាញការសាទរដល់ធនាគារ SBV ចំពោះការជួយយ៉ាងច្រើនទាក់ទងនឹងការបណ្តុះបណ្តាលបច្ចេកទេស និងធនធានមនុស្សចាប់តាំងពីថ្ងៃដំបូង នៃការបង្កើតរបស់ខ្លួនរហូតមកដល់សព្វថ្ងៃ។
-->
លោកក៏បានវាយតម្លៃ ខ្ពស់ចំពោះប្រតិបត្តិការរបស់ធនាគារវៀតណាម នៅកម្ពុជាដែលបានចូលរួមចំណែកយ៉ាង សកម្មក្នុងការអភិវឌ្ឍប្រព័ន្ធធនាគារ ក៏ដូចជាគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេស។
លោកក៏បានបញ្ជាក់ផងដែរថា ធនាគារជាតិនៃកម្ពុជា នឹងបន្តការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយធនាគារ SBV ក្នុងការផ្លាស់ប្តូរគណៈប្រតិភូ និងចែករំលែកព័ត៌មានអំពីកិច្ចសហប្រតិបត្តិការ ដោយរួមចំណែកជំរុញថែមទៀត នូវកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។
លោក Le Minh Hung ទេសាភិបាលធនាគារ SBV បានបញ្ជាក់ថា ធនាគាររដ្ឋវៀតណាមមានមោទនភាព ដែលបានចូលរួមចំណែកមួយផ្នែក ដល់ការអភិវឌ្ឍនាពេលបច្ចុប្បន្នរបស់ធនាគារជាតិនៃកម្ពុជាជាពិសេស និងសេដ្ឋកិច្ចកម្ពុជាជាទូទៅ។
លោកបានថ្លែងថា ក្នុងបរិបទដែលសេដ្ឋកិច្ចពិភពលោក កំពុងជួបប្រទះការអភិវឌ្ឍស្មុគស្មាញ យន្តការកិច្ចសហប្រតិបត្តិការរវាងធនាគារកណ្តាលទាំងពីរ នឹងជួយឱ្យសេដ្ឋកិច្ចនៃប្រទេសទាំងពីរ ចែករំលែកនូវបទពិសោធន៍ ដើម្បីអភិវឌ្ឍជាមួយគ្នាថែមទៀត៕