ដោយ វុត្ថា
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា ការធ្វើទេសន្តរប្រវេសន៍ដើម្បីស្វែងរកការងារធ្វើ គឺជាចរន្តសកលមួយដែលកំពុងតែជះឥទ្ធិពលស្ទើរគ្រប់ប្រទេសទាំងអស់ក្នុងពិភពលោក។
សម្តេចតេជោមានប្រសាសន៍ នៅក្នុងពិពីបើកសន្និសីទថ្នាក់រដ្ឋមន្រ្តីការងារលើកទី៣ស្តីពី កិច្ចសហប្រតិបត្តិការលើវិស័យការងារសម្រាប់ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម (CLMTV) នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ២០១៩ នេះថា ក្នុងនាមរដ្ឋាភិបាលនៃប្រទេសនីមួយៗ តែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់ ទៅលើសុខទុក្ខរបស់ពលករទេសន្តរប្រវេសន៍ទាំងអស់ ដោយបានអនុវត្តគោលនយោបាយសម្រាប់ការពារ ការគោរពសិទ្ធិ និងលក្ខខណ្ឌការងារ ស្របតាមបទដ្ឋានអាស៊ាន និងលិខិតូបករណ៍អន្តរជាតិ ដោយចាត់ទុកការអនុវត្តសិទ្ធិការងារ និងកិច្ចគាំពារសង្គមគឺជាការអនុវត្តសិទ្ធិមនុស្សដូចគ្នាផងដែរ។
-->
សម្តេចបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយច្បាស់លាស់ទាក់ទងនឹងទេសន្តរប្រវេសន៍ការងារ ស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាពនៅកម្ពុជា ដែលបានផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងលើកំណែទម្រង់គ្រប់វិស័យ និងបានដាក់ចេញនូវគោលនយោបាយថ្មីមួយចំនួនរួមមាន គោលនយោបាយជាតិស្តីពីមុខរបរ និងការងារ គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា គោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេក ទេសនិងវិជ្ជាជីវៈ គោលនយោបាយស្តីពីទេសន្តរប្រវេសន៍ការងារ សម្រាប់ប្រទេសកម្ពុជា កម្មវិធីការងារសមរម្យសម្រាប់ប្រទេសកម្ពុជា ជាពិសេសក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ដែលរួមចំណែកក្នុងការគាំពារពលករទេសន្តរប្រវេសន៍។
សម្រាប់របបសន្តិសុខសង្គម ក្របខណ្ឌគោលនយោបាយនេះបានគិតគូរដល់មន្ត្រីរាជការសាធារណៈ កម្មករនិយោជិតវិស័យឯកជន ដោយបង្កើតឱ្យមានរបបធានារ៉ាប់រងសង្គមផ្នែកសុខុមាលភាព ជរាភាព ទុព្វលភាព មរណភាព និងហានិភ័យការងារ ដើម្បីធានាបាននូវសន្តិសុខប្រាក់ចំណូល បង្កើនផលិតភាពការងារ និងយុត្តិធម៌សង្គម។ ជាលទ្ធផល កម្ពុជាបានដាក់ឱ្យដំណើរការនូវរបបហានិភ័យការងារ ថែទាំសុខភាព និងសោធននិវត្តន៍ដែលគ្របដណ្តប់លើសហគ្រាស គ្រឹះស្ថានផ្នែកផលិតកម្ម ផ្នែកសេវាកម្ម និងផ្នែកសាធារណៈ ស្ទើរតែ១០០%នៃកម្មករនិយោជិត និងមន្ត្រីសាធារណៈ។
ទន្ទឹមនឹងនេះ កម្ពុជាកំពុងរៀបចំ និងដាក់ឱ្យអនុវត្តច្បាប់ស្តីពីរបបសន្តិសុខសង្គមនៅឆ្នាំ២០១៨កន្លងមកនេះ ដើម្បីពង្រីកវិសាលភាពបន្ថែមដល់ប្រជាពលរដ្ឋដែលប្រកបរបរស្វ័យនិយោជន៍និងពលករទេសន្តរប្រវេសន៍ផងដែរ។

តាមរយៈរបបសន្តិសុខសង្គមកម្ពុជា នឹងមានប្រព័ន្ធគាំពារសង្គមមួយកាន់តែប្រសើរឡើង ដែលជួយដល់ការអភិវឌ្ឍ សុខុមាលភាពសង្គមជូនដល់កម្មករនិយោជិត និងមន្ត្រីសាធារណៈនិងធ្វើឱ្យសង្គមកាន់តែមានសមធម៌។ ដើម្បីសម្រេចបាននូវសេចក្តីថ្លែងការណ៍ស្តីពីផែនទីបង្ហាញផ្លូវនេះ សម្តេចតេជោ ហ៊ុន សែន បានផ្តល់អនុសាសន៍មួយចំនួនដូចខាងក្រោម៖
១) ប្រទេស CLMTV សូមធ្វើការពិភាក្សាដោយលឈរលើគោលនយោបាយជាតិ ច្បាប់ជាតិ ច្បាប់អន្តរជាតិ និងភាពបត់បែនតាមបរិបទនៃប្រទេសនីមួយៗ ក្នុងគោលដៅឈានទៅដល់ការដាក់ចេញនូវផែនទីបង្ហាញផ្លូវ ដើម្បីឆ្ពោះទៅកាន់ការចេញសេចក្តីថ្លែងការណ៍រួមរបស់រដ្ឋមន្ត្រីការងារស្តីពីចល័តភាពនៃរបបសន្តិសុខសង្គមសម្រាប់ពលករទេសន្តរប្រវេសន៍នៃប្រទេស CLMTV។
២) ប្រទេសសមាជិក CLMTV សូមប្រើប្រាស់គ្រប់យន្តការនៃកិច្ចពិភាក្សាទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគីដើម្បីសម្រេចឱ្យបាននូវសេចក្តីថ្លែងការណ៍រួមរបស់រដ្ឋមន្ត្រីការងារស្តីពីចល័តភាព នៃរបបសន្តិសុខសង្គម សម្រាប់ពលករទេសន្តរប្រវេសន៍នៃប្រទេស CLMTV តាមផែនការដែលបានគ្រោងទុក។
៣) ប្រទេសសមជិក CLMTV សូមបន្តពង្រឹង និងពង្រីកការអនុវត្តកិច្ចសហប្រតិបត្តិការលើវិស័យការងារឱ្យកាន់តែស៊ីជម្រៅក្នុងចំណោមប្រទេស CLMTV និងជាមួយដៃគូពាក់ព័ន្ធ ដើម្បីធានាពីការការពារសិទ្ធិ និងអត្តប្រយោជន៍របស់ពលករទេសន្តរប្រវេសន៍។
សម្តេចនាយករដ្ឋមន្ត្រីសង្ឃឹមថា ការបន្តកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃបណ្តាប្រទេសជាមិត្ត និងជាមួយបណ្តាអង្គការជាដៃគូអភិវឌ្ឍន៍នានានឹងកាន់តែជិតស្និទ្ធថែមទៀត ដើម្បីយើងរួមគ្នាសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ (UN) និងដើម្បីវឌ្ឍនភាពរួមរបស់ប្រទេសទាំង៥៕