សម្តេច​តេជោ​៖ ការ​ធ្វើ​ទេសន្តរប្រវេសន៍​ដើម្បី​ស្វែងរក​ការងារ​ធ្វើ​គឺជា​ចរន្ត​សកល​

0

ដោយ ​វុត្ថា​

ភ្នំ​ពេញ៖​ សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ថ្លែង​ថា​ ការ​ធ្វើ​ទេសន្តរប្រវេសន៍​ដើម្បី​ស្វែងរក​ការងារ​ធ្វើ​ គឺជា​ចរន្ត​សកល​មួយ​ដែល​កំពុងតែ​ជះឥទ្ធិពល​ស្ទើរគ្រប់​ប្រទេស​ទាំងអស់​ក្នុង​ពិភពលោក​។

សម្តេច​តេជោ​មានប្រសាសន៍​ នៅក្នុង​ពិ​ពី​បើក​សន្និសីទ​ថ្នាក់​រដ្ឋមន្រ្តី​ការងារ​លើក​ទី៣ស្តី​ពី​ កិច្ច​សហប្រតិបត្តិ​ការ​លើ​វិស័យ​ការងារ​សម្រាប់​ប្រទេស​កម្ពុជា​ ឡាវ​ មីយ៉ាន់ម៉ា​ ថៃ​ និង​វៀតណាម​ (CLMTV​) នៅ​ថ្ងៃទី១៧​ ខែកញ្ញា​ ឆ្នាំ​ ២០១៩​ នេះ​ថា​ ក្នុងនាម​រដ្ឋាភិបាល​នៃ​ប្រទេស​នី​មួយ​ៗ តែងតែ​គិតគូរ​យកចិត្ត​ទុកដាក់​ខ្ពស់​ ទៅលើ​សុខទុក្ខ​របស់​ពលករ​ទេសន្តរប្រវេសន៍​ទាំងអស់​ ដោយ​បាន​អនុវត្ត​គោលនយោបាយ​សម្រាប់​ការពារ​ ការគោរព​សិទ្ធិ​ និង​លក្ខខណ្ឌ​ការងារ​ ស្របតាម​បទដ្ឋាន​អាស៊ាន​ និង​លិ​ខិតូ​បក​រណ៍​អន្តរជាតិ​ ដោយ​ចាត់ទុក​ការអនុវត្ត​សិទ្ធិ​ការងារ​ និង​កិច្ច​គាំពារ​សង្គម​គឺជា​ការអនុវត្ត​សិទ្ធិមនុស្ស​ដូចគ្នា​ផង​ដែរ​។

សម្តេច​បន្ថែម​ថា​ រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ដាក់ចេញ​នូវ​គោលនយោបាយ​ច្បាស់លាស់​ទាក់ទង​នឹង​ទេសន្តរប្រវេសន៍​ការងារ​ ស្របតាម​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី៤​ ដើម្បី​កំណើន​ការងារ​ សមធម៌​ និង​ប្រសិទ្ធភាព​នៅ​កម្ពុជា​ ដែល​បាន​ផ្តោត​ការ​យកចិត្ត​ទុកដាក់​យ៉ាង​ខ្លាំង​លើ​កំណែទម្រង់​គ្រប់​វិស័យ​ និង​បាន​ដាក់ចេញ​នូវ​គោលនយោបាយ​ថ្មី​មួយចំនួន​រួមមាន​ គោលនយោបាយ​ជាតិ​ស្តី​ពីមុខ​របរ​ និង​ការងារ​ ​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ គោលនយោបាយ​ជាតិ​ស្តី​ពី​ការអប់រំ​បណ្តុះបណ្តាល​បច្ចេក​ ទេស​និង​វិជ្ជាជីវៈ​ គោលនយោបាយ​ស្តី​ពី​ទេសន្តរប្រវេសន៍​ការងារ​ សម្រាប់​ប្រទេស​កម្ពុជា​ កម្មវិធី​ការងារ​សមរម្យ​សម្រាប់​ប្រទេស​កម្ពុជា​ ជាពិសេស​ក្របខណ្ឌ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម​ ដែល​រួមចំណែក​ក្នុង​ការ​គាំពារ​ពលករ​ទេសន្តរប្រវេសន៍​។

សម្រាប់​របប​សន្តិសុខ​សង្គម​ ក្របខណ្ឌ​គោលនយោបាយ​នេះ​បាន​គិតគូរ​ដល់​មន្ត្រី​រាជការ​សាធារណៈ​ កម្មករ​និយោជិត​វិស័យ​ឯកជន​ ដោយ​បង្កើត​ឱ្យ​មានរបប​ធានារ៉ាប់រង​សង្គម​ផ្នែក​សុខុមាលភាព​ ជរាភាព​ ទុព្វលភាព​ មរណភាព​ និង​ហានិភ័យ​ការងារ​ ដើម្បី​ធានា​បាន​នូវ​សន្តិសុខ​ប្រាក់ចំណូល​ បង្កើន​ផលិតភាព​ការងារ​ និង​យុត្តិធម៌​សង្គម​។ ជា​លទ្ធផល​ កម្ពុជា​បាន​ដាក់​ឱ្យ​ដំណើរការ​នូវ​របប​ហានិភ័យ​ការងារ​ ថែទាំ​សុខភាព​ និង​សោធន​និវត្តន៍​ដែល​គ្រប​ដណ្តប់​លើ​សហគ្រាស​ គ្រឹះស្ថាន​ផ្នែក​ផលិតកម្ម​ ផ្នែក​សេវាកម្ម​ និង​ផ្នែក​សាធារណៈ​ ស្ទើរតែ១០០​%នៃ​កម្មករ​និយោជិត​ និង​មន្ត្រី​សាធារណៈ​។

​ទន្ទឹម​នឹង​នេះ​ កម្ពុជា​កំពុង​រៀបចំ​ និង​ដាក់​ឱ្យ​អនុវត្ត​ច្បាប់​ស្តី​ពី​របប​សន្តិសុខ​សង្គម​នៅ​ឆ្នាំ២០១៨កន្លងមក​នេះ​ ដើម្បី​ពង្រីក​វិសាលភាព​បន្ថែម​ដល់​ប្រជាពលរដ្ឋ​ដែល​ប្រកបរបរ​ស្វ័យ​និ​យោជន៍​និង​ពលករ​ទេសន្តរប្រវេសន៍​ផង​ដែរ​។

តាមរយៈ​របប​សន្តិសុខ​សង្គម​កម្ពុជា​ នឹង​មាន​ប្រព័ន្ធ​គាំពារ​សង្គម​មួយ​កាន់តែ​ប្រសើរ​ឡើង​ ដែល​ជួយ​ដល់​ការ​អភិវឌ្ឍ​ សុខុមាលភាព​សង្គម​ជូន​ដល់​កម្មករ​និយោជិត​ និង​មន្ត្រី​សាធារណៈ​និង​ធ្វើ​ឱ្យ​សង្គម​កាន់តែ​មាន​សមធម៌​។ ដើម្បី​សម្រេច​បាន​នូវ​សេចក្តី​ថ្លែងការណ៍​ស្តី​ពី​ផែនទី​បង្ហាញផ្លូវ​នេះ​ សម្តេច​តេជោ​ ហ៊ុន​ សែន​ បាន​ផ្តល់​អនុសាសន៍​មួយចំនួន​ដូច​ខាងក្រោម​៖

១) ប្រទេស​ CLMTV​ សូម​ធ្វើការ​ពិ​ភា​ក្សា​ដោយ​លឈរ​លើ​គោលនយោបាយ​ជាតិ​ ច្បាប់​ជាតិ​ ច្បាប់អន្តរជាតិ​ និង​ភាព​បត់បែន​តាម​បរិបទ​នៃ​ប្រទេស​នី​មួយ​ៗ ក្នុង​គោលដៅ​ឈាន​ទៅដល់​ការ​ដាក់ចេញ​នូវ​ផែនទី​បង្ហាញផ្លូវ​ ដើម្បី​ឆ្ពោះទៅ​កាន់ការ​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​របស់​រដ្ឋមន្ត្រី​ការងារ​ស្តី​ពី​ចល័ត​ភាព​នៃ​របប​សន្តិសុខ​សង្គម​សម្រាប់​ពលករ​ទេសន្តរប្រវេសន៍​នៃ​ប្រទេស​ CLMTV​។

២) ប្រទេស​សមាជិក​ CLMTV​ សូម​ប្រើប្រាស់​គ្រប់​យន្តការ​នៃ​កិច្ចពិភាក្សា​ទាំង​ក្នុង​ក្របខណ្ឌ​ទ្វេភាគី​ និង​ពហុភាគី​ដើម្បី​សម្រេច​ឱ្យ​បាន​នូវ​សេចក្តី​ថ្លែងការណ៍​រួម​របស់​រដ្ឋមន្ត្រី​ការងារ​ស្តី​ពី​ចល័ត​ភាព​ នៃ​របប​សន្តិសុខ​សង្គម​ សម្រាប់​ពលករ​ទេសន្តរប្រវេសន៍​នៃ​ប្រទេស​ CLMTV​ តាម​ផែនការ​ដែល​បាន​គ្រោងទុក​។

៣) ប្រទេស​សម​ជិ​ក CLMTV​ សូម​បន្ត​ពង្រឹង​ និង​ពង្រីក​ការអនុវត្ត​កិច្ច​សហប្រតិបត្តិ​ការ​លើ​វិស័យ​ការងារ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ក្នុងចំណោម​ប្រទេស​ CLMTV​ និង​ជាមួយ​ដៃគូ​ពាក់ព័ន្ធ​ ដើម្បី​ធានា​ពី​ការ​ការពារ​សិទ្ធិ​ និង​អត្ត​ប្រយោជន៍​របស់​ពលករ​ទេសន្តរប្រវេសន៍​។

សម្តេច​នាយក​រដ្ឋមន្ត្រី​សង្ឃឹមថា​ ការ​បន្ត​កិច្ច​សហប្រតិបត្តិ​ការ​រវាង​រាជរដ្ឋាភិបាល​កម្ពុជា​ និង​រដ្ឋាភិបាល​នៃ​បណ្តា​ប្រទេស​ជា​មិត្ត​ និង​ជាមួយ​បណ្តា​អង្គការ​ជា​ដៃគូ​អភិវឌ្ឍន៍​នានា​នឹង​កាន់តែ​ជិតស្និទ្ធ​ថែមទៀត​ ដើម្បី​យើង​រួមគ្នា​សម្រេច​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់​អង្គការសហប្រជាជាតិ​ (UN​) និង​ដើម្បី​វឌ្ឍនភាព​រួម​របស់​ប្រទេស​ទាំង៥​៕

LEAVE A REPLY

Please enter your comment!
Please enter your name here