រដ្ឋសភា​ផ្តើម​ពិនិត្យ​សេចក្តី​ព្រាងច្បាប់​យកពន្ធ​ត្រួត​គ្នា​ និង​បង្ការ​ការ​កិបកេង​បន្លំ​ពន្ធ​រវាង​ហុងកុង​ និង​កម្ពុជា​

0

ដោយ ​វុត្ថា​

ភ្នំពេញ​៖​ រដ្ឋសភា​ជាតិ​បាន​ពិនិត្យ​សិក្សា​សេចក្តី​ព្រាងច្បាប់​ស្តី​ពី​ ការ​អនុម័ត​យល់ព្រម​លើ​កិច្ច​ព្រមព្រៀង​ រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​រដ្ឋាភិបាល​នៃ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ស្តី​ពី​ ការ​ជៀសវាង​ការ​ យកពន្ធ​ត្រួត​គ្នា​ និង​បង្ការ​ការ​កិបកេង​បន្លំ​ពន្ធ​ពាក់ព័ន្ធ​ នឹង​ពន្ធ​លើ​ប្រាក់ចំណូល​ មុននឹង​រដ្ឋសភា​ឈាន​ទៅ​បើក​កិច្ចប្រជុំ​ពេញអង្គ​អនុម័ត​ជា​ផ្លូវការ​។

លោក​ ជាម​ យៀប​ ប្រធាន​គណៈកម្មការ​ នៅក្នុង​ប្រជុំ​ពិភាក្សា​ផ្ទៃក្នុង​គណៈកម្មការ​ នា​ព្រឹក​ថ្ងៃទី១៧​ ខែកញ្ញា​ ឆ្នាំ២០១៩​ នេះ​បានឱ្យ​ដឹង​ថា​ សេចក្តី​ព្រាងច្បាប់​នេះ​មាន​គោលបំណង​ទាក់ទាញ​ និង​សម្រួលការ​វិនិយោគ​ និង​ពាណិជ្ជកម្ម​អន្តរជាតិ​ព្រមទាំង​ទប់ស្កាត់​និង​បង្ការ​ការ​កិបកេង​បន្លំ​ពន្ធ​ទាំង​ក្នុង​ក្របខ័ណ្ឌ​ជាតិ​និង​អន្តរជាតិ​។

លោក​បន្ត​ថា​ “កម្ពុជា​បាន​ចាប់ផ្តើម​ចរចា​កិច្ច​ព្រមព្រៀង​ខាងលើ​ ជាមួយ​រដ្ឋបាល​ ពិសេស​ហុងកុង​ ចាប់តាំងពី​ពាក់កណ្តាល​ឆ្នាំ២០១៧​ រហូត​បាន​បញ្ចប់​ជាស្ថាពរ​ និង​ចុះហត្ថលេខា​រួចរាល់​កាលពី​ពេល​ថ្មី​ៗនេះ​”។

សេចក្តី​ព្រាងច្បាប់​នេះ​មាន៣ត្រា​។ អង្គប្រជុំ​បានសម្រេច​ឯកភាព​គ្នា​ដោយ​រក្សា​អត្ថបទ​ដើម​ទាំងស្រុង​នៃ​សេចក្ដីព្រាង​ច្បាប់​ ដោយ​គ្រាន់តែ​កែសម្រួល​អក្ខរា​វិរុទ្ធ​អោយ​បាន​ត្រឹមត្រូវ​ តាម​វចនានុក្រម​ច្បាប់​តែប៉ុណ្ណោះ​។ ដោយឡែក​នៅ​មាន​ចំនុច​មួយចំនួន​ ដែល​មាន​លក្ខណៈ​ ស្មុគស្មាញ​ គណៈកម្មការ​ជំនាញ​នឹង​លើកយក​ទៅ​ប្រជុំ​ជាមួយ​តំណាង​រដ្ឋាភិបាល​ ដើម្បី​ទទួល​បានការ​ស្រាយ​បំភ្លឺ​នា​ពេល​ខាងមុខ​។

ទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី​ កាលពី​ថ្ងៃទី៣០​ ខែសីហា​ ឆ្នាំ​ ២០១៩​ កន្លង​មនេះ​បាន​អនុម័ត​ច្ច​លើ​ព្រមព្រៀង​ រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​រដ្ឋាភិបាល​នៃ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ស្ដីពី​ ការ​ចៀសវាង​ការ​យកពន្ធ​ត្រួត​គ្នា​ និង​ការ​បង្ការ​ការ​កិបកេង​បន្លំ​ពន្ធ​ពាក់ព័ន្ធ​នឹង​ ពន្ធ​លើ​ប្រាក់ចំណូល​នេះ​ ក្រោម​អធិបតីភាព​សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​។

ប្រទេស​កម្ពុជា​កម្ពុជា​ និង​រដ្ឋបាល​ទីក្រុង​ហុងកុង​ កាលពី​ឆ្នាំ២០១៨​ កន្លងមក​នេះ​ បាន​ប្តេជ្ញា​បន្ត​ពង្រឹង​ កិច្ច​សហប្រតិបត្តិ​ការ​ពាណិជ្ជកម្ម​ទ្វេភាគី​បន្ថែម​ទៀត​ ដើម្បី​នាំមក​នូវ​អត្ថ​ប្រយោជន៍​រួម​ដល់​សេដ្ឋកិច្ច​រវាង​ភាគី​ទាំងពីរ​ ខណ:ដែល​ទំហំ​ពាណិជ្ជកម្ម​ហុងកុង​នៅ​កម្ពុជា​ ស្មើ​ប្រមាណ២ភាគរយ​ នៃ​ទុន​វិនិយោគ​ផ្ទាល់​សរុប​ពីក្រៅ​ប្រទេស​។

ទីក្រុង​ហុងកុង​ គឺជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ និង​ជា​តំបន់​ពាណិជ្ជកម្ម​រវាង​ចិនដីគោក​ អាស៊ី​ និង​ពិភពលោក​ ​តា​មយ​រយ:មូលដ្ឋាន​គ្រឹះ​ដ៏​រឹងមាំ​ ដូចជា​ប្រព័ន្ធ​ច្បាប់​ កម្រិត​របរ​បង់ពន្ធ​ទាប​ កម្រិតខ្ពស់​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​ហិរញ្ញវត្ថុ​ និង​ការ​វិនិយោគ​ជឿនលឿន​ ទាំង​បណ្ដាញ​អ្នក​អភិវឌ្ឍ​ជាតិ​ និង​អន្ដរ​ជាតិ​ រួម​ជាមួយនឹង​លំហូរ​ព័ត៌មាន​សេរី​ ចំពោះ​ទីផ្សារ​នៃ​ការ​វិនិយោគ​ទំនិញ​នានា​ និង​បាន​បង្កើត​ជា​ទម្រង់​នៃ​បណ្ដុំ​ព័ត៌មាន​មូលធន​ ចំពោះ​ការ​វិនិយោគ​ និង​ហិរញ្ញវត្ថុ​ សម្រាប់​អ្នក​វិនិយោគ​សកល​៕

LEAVE A REPLY

Please enter your comment!
Please enter your name here