ដោយ វុត្ថា
ភ្នំពេញ៖ រដ្ឋសភាជាតិបានពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃតំបន់រដ្ឋបាលពិសេសហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិនស្តីពី ការជៀសវាងការ យកពន្ធត្រួតគ្នា និងបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធ នឹងពន្ធលើប្រាក់ចំណូល មុននឹងរដ្ឋសភាឈានទៅបើកកិច្ចប្រជុំពេញអង្គអនុម័តជាផ្លូវការ។
លោក ជាម យៀប ប្រធានគណៈកម្មការ នៅក្នុងប្រជុំពិភាក្សាផ្ទៃក្នុងគណៈកម្មការ នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ នេះបានឱ្យដឹងថា សេចក្តីព្រាងច្បាប់នេះមានគោលបំណងទាក់ទាញ និងសម្រួលការវិនិយោគ និងពាណិជ្ជកម្មអន្តរជាតិព្រមទាំងទប់ស្កាត់និងបង្ការការកិបកេងបន្លំពន្ធទាំងក្នុងក្របខ័ណ្ឌជាតិនិងអន្តរជាតិ។
-->
លោកបន្តថា “កម្ពុជាបានចាប់ផ្តើមចរចាកិច្ចព្រមព្រៀងខាងលើ ជាមួយរដ្ឋបាល ពិសេសហុងកុង ចាប់តាំងពីពាក់កណ្តាលឆ្នាំ២០១៧ រហូតបានបញ្ចប់ជាស្ថាពរ និងចុះហត្ថលេខារួចរាល់កាលពីពេលថ្មីៗនេះ”។
សេចក្តីព្រាងច្បាប់នេះមាន៣ត្រា។ អង្គប្រជុំបានសម្រេចឯកភាពគ្នាដោយរក្សាអត្ថបទដើមទាំងស្រុងនៃសេចក្ដីព្រាងច្បាប់ ដោយគ្រាន់តែកែសម្រួលអក្ខរាវិរុទ្ធអោយបានត្រឹមត្រូវ តាមវចនានុក្រមច្បាប់តែប៉ុណ្ណោះ។ ដោយឡែកនៅមានចំនុចមួយចំនួន ដែលមានលក្ខណៈ ស្មុគស្មាញ គណៈកម្មការជំនាញនឹងលើកយកទៅប្រជុំជាមួយតំណាងរដ្ឋាភិបាល ដើម្បីទទួលបានការស្រាយបំភ្លឺនាពេលខាងមុខ។
ទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ ២០១៩ កន្លងមនេះបានអនុម័តច្ចលើព្រមព្រៀង រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃតំបន់រដ្ឋបាលពិសេសហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិនស្ដីពី ការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹង ពន្ធលើប្រាក់ចំណូលនេះ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា។
ប្រទេសកម្ពុជាកម្ពុជា និងរដ្ឋបាលទីក្រុងហុងកុង កាលពីឆ្នាំ២០១៨ កន្លងមកនេះ បានប្តេជ្ញាបន្តពង្រឹង កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីបន្ថែមទៀត ដើម្បីនាំមកនូវអត្ថប្រយោជន៍រួមដល់សេដ្ឋកិច្ចរវាងភាគីទាំងពីរ ខណ:ដែលទំហំពាណិជ្ជកម្មហុងកុងនៅកម្ពុជា ស្មើប្រមាណ២ភាគរយ នៃទុនវិនិយោគផ្ទាល់សរុបពីក្រៅប្រទេស។

ទីក្រុងហុងកុង គឺជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងជាតំបន់ពាណិជ្ជកម្មរវាងចិនដីគោក អាស៊ី និងពិភពលោក តាមយរយ:មូលដ្ឋានគ្រឹះដ៏រឹងមាំ ដូចជាប្រព័ន្ធច្បាប់ កម្រិតរបរបង់ពន្ធទាប កម្រិតខ្ពស់នៃហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុ និងការវិនិយោគជឿនលឿន ទាំងបណ្ដាញអ្នកអភិវឌ្ឍជាតិ និងអន្ដរជាតិ រួមជាមួយនឹងលំហូរព័ត៌មានសេរី ចំពោះទីផ្សារនៃការវិនិយោគទំនិញនានា និងបានបង្កើតជាទម្រង់នៃបណ្ដុំព័ត៌មានមូលធន ចំពោះការវិនិយោគ និងហិរញ្ញវត្ថុ សម្រាប់អ្នកវិនិយោគសកល៕