គណៈកម្មការ​មូលបត្រ​កម្ពុជា​ចុះ​ MOU​ ជាមួយ​គណៈកម្មការ​មូលបត្រ​ថៃ​ដើម្បី​ពង្រីក​ទីផ្សារ​កាន់តែ​ធំ​

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ គណៈកម្មការ​មូលបត្រ​កម្ពុជា​ បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ (MOU​) ជាមួយ​គណៈកម្មការ​មូលបត្រ​ថៃ​ ដើម្បី​ធ្វើ​កិច្ច​សហប្រតិបត្តិ​ការ​ និង​ពង្រីក​ទីផ្សារ​កាន់តែ​មាន​ទំហំ​ធំ​បន្ថែម​ទៀត​លើ​វិស័យ​មូលបត្រ​ឆ្លងដែន​។

លោក​ ស៊ូ​ សុ​ជាតិ​ អគ្គនាយក​នៃ​គណៈកម្មការ​មូលបត្រ​កម្ពុជា​ នៅក្នុង​ពិធី​ចុះហត្ថលេខា​កាលពី​ថ្ងៃទី១៧​ ខែកញ្ញា​ ម្សិលមិញ​នេះ​បានឱ្យ​ដឹង​ថា​ អនុស្សរណៈ​នេះ​ត្រូវ​បាន​រៀបចំឡើង​ ក្នុង​គោលបំណង​បង្កើន​នូវ​កិច្ច​សហប្រតិបត្តិ​ការ​ រវាង​និយ័ត​ករ​ទាំងពីរ​ពាក់ព័ន្ធ​នឹង​ការបោះផ្សាយ​លក់​មូលបត្រ​កម្មសិទ្ធិ​ឆ្លងដែន​ (Cross​-border​ Equity​ Offering​) និង​ផលិត​ផល​ឌី​ប៉ូស៊ី​តធើ​រី​រី​ស៊ីប​ (Depositary​ Receipt​) ដែល​ជា​ប្រភេទ​មួយ​នៃ​មូលបត្រ​ តំណាង​ឱ្យ​មូលបត្រ​ដើម​ដែល​បាន​ចុះបញ្ជី​លក់​ និង​កំពុង​ជួញដូរ​នៅ​ទីផ្សារ​មូលបត្រ​ប្រតិស្រុត​បរទេស​ បន្ថែម​លើ​ MOU​ ស្តី​ពី​ “កិច្ច​សហប្រតិបត្តិ​ការ​ ការ​ប្រឹក្សា​ និង​ការ​ផ្លាស់​ប្តូរ​ព័ត៌មាន​” ដែល​បាន​ចុះហត្ថលេខា​ក្នុង​ឆ្នាំ២០១៤​។

លោក​បន្ត​ថា​ “តាមរយៈ​ MOU ​បន្ថែម​ថ្មីនេះ​ នឹង​អនុញ្ញាត​ឱ្យ​មាន​កិច្ច​ពង្រឹង​ការអនុវត្ត​ច្បាប់​រួមគ្នា​ និង​បើកផ្លូវ​ឱ្យ​មានការ​ចុះបញ្ជី​លក់​មូលបត្រ​កម្មសិទ្ធិ​ឆ្លងដែន​ ពោល​គឺ​ក្រុមហ៊ុន​ដែល​ចុះបញ្ជី​លក់​មូលបត្រ​នៅ​កម្ពុជា​ និង​ថៃ​ អាច​ចុះបញ្ជី​លក់​មូលបត្រ​ជា​លើក​ទី២ឆ្លងដែន​នៅ​ថៃ​ និង​កម្ពុជា​ (Secondary​ Listing​) ឬចុះបញ្ជី​លក់​មូលបត្រ​ព្រមគ្នា​នៅ​កម្ពុជា​ និង​ថៃ​ (Dual​ Listing​) ព្រមទាំង​ជំរុញ​ឱ្យ​មាន​ពិពិធ​កម្ម​ផលិតផល​សម្រាប់​ការ​ជួញដូរ​តាមរយៈ​យន្ត​ការ​ឌី​ប៉ូស៊ី​តធើ​រី​រី​ស៊ីប​”។

លោក​បន្ថែម​ថា​ “ការ​ចុះ​ MOU ​នេះ​ នឹង​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​នៅ​កម្ពុជា​ និង​ថៃ​អាច​មានលទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន​ក្នុង​ទំហំ​កាន់តែ​ធំ​ ក៏ដូចជា​មាន​សន្ទនីយភាព​ក្នុង​ទីផ្សារ​ទាំងពីរ​ ដែល​ជា​កត្តា​ចូលរួម​ជំរុញ​ឱ្យ​មាន​កំណើន​សេដ្ឋកិច្ច​ប្រទេស​ទាំងពីរ​ផង​ដែរ​”។

លោក​ស៊ូ​ សុ​ជាតិ​បាន​បញ្ជាក់​ថា​ ពិធី​នេះ​ត្រូវ​បាន​ធ្វើ​ឡើ​ងន​នៅ​ទី​ស្តី​ការ​គណៈកម្មការ​មូលបត្រ​ថៃ​ នាទី​ក្រុង​បាងកក​ ប្រទេស​ថៃ​ មានការ​អញ្ជើញ​ចូលរួម​ដោយ​ប្រធាន​គណៈកម្មការ​មូលបត្រ​ថៃ​ ប្រធាន​ធនាគារពិភពលោក​ប្រចាំ​ប្រទេស​ថៃ​ ប្រធាន​ផ្សារ​មូលបត្រ​ថៃ​ អគ្គលេខាធិការ​សមាគម​ក្រុមហ៊ុន​មូលបត្រ​ថៃ​ ប្រធាន​សមាគម​ក្រុមហ៊ុន​វិនិយោគ​ថៃ​ ប្រធាន​ក្លឹប​ធនាគារ​វិនិយោគ​ តំណាង​ក្រសួង​ការបរទេស​ តំណាង​ក្រសួងហិរញ្ញវត្ថុ​ អង្គការ​សហព័ន្ធ​ផ្សារ​មូលបត្រ​ថៃ​ ព្រមទាំង​មន្រ្តី​ជាន់ខ្ពស់​នៃ​គណៈកម្មការ​មូលបត្រ​កម្ពុជា​ ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា​ និង​វិស័យ​ឯកជន​ជាច្រើន​រូប​ទៀត​៕

LEAVE A REPLY

Please enter your comment!
Please enter your name here