ដោយ វុត្ថា
ភ្នំពេញៈ គណៈកម្មការមូលបត្រកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយគណៈកម្មការមូលបត្រថៃ ដើម្បីធ្វើកិច្ចសហប្រតិបត្តិការ និងពង្រីកទីផ្សារកាន់តែមានទំហំធំបន្ថែមទៀតលើវិស័យមូលបត្រឆ្លងដែន។
លោក ស៊ូ សុជាតិ អគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជា នៅក្នុងពិធីចុះហត្ថលេខាកាលពីថ្ងៃទី១៧ ខែកញ្ញា ម្សិលមិញនេះបានឱ្យដឹងថា អនុស្សរណៈនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងបង្កើននូវកិច្ចសហប្រតិបត្តិការ រវាងនិយ័តករទាំងពីរពាក់ព័ន្ធនឹងការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិឆ្លងដែន (Cross-border Equity Offering) និងផលិតផលឌីប៉ូស៊ីតធើរីរីស៊ីប (Depositary Receipt) ដែលជាប្រភេទមួយនៃមូលបត្រ តំណាងឱ្យមូលបត្រដើមដែលបានចុះបញ្ជីលក់ និងកំពុងជួញដូរនៅទីផ្សារមូលបត្រប្រតិស្រុតបរទេស បន្ថែមលើ MOU ស្តីពី “កិច្ចសហប្រតិបត្តិការ ការប្រឹក្សា និងការផ្លាស់ប្តូរព័ត៌មាន” ដែលបានចុះហត្ថលេខាក្នុងឆ្នាំ២០១៤។
-->
លោកបន្តថា “តាមរយៈ MOU បន្ថែមថ្មីនេះ នឹងអនុញ្ញាតឱ្យមានកិច្ចពង្រឹងការអនុវត្តច្បាប់រួមគ្នា និងបើកផ្លូវឱ្យមានការចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិឆ្លងដែន ពោលគឺក្រុមហ៊ុនដែលចុះបញ្ជីលក់មូលបត្រនៅកម្ពុជា និងថៃ អាចចុះបញ្ជីលក់មូលបត្រជាលើកទី២ឆ្លងដែននៅថៃ និងកម្ពុជា (Secondary Listing) ឬចុះបញ្ជីលក់មូលបត្រព្រមគ្នានៅកម្ពុជា និងថៃ (Dual Listing) ព្រមទាំងជំរុញឱ្យមានពិពិធកម្មផលិតផលសម្រាប់ការជួញដូរតាមរយៈយន្តការឌីប៉ូស៊ីតធើរីរីស៊ីប”។
លោកបន្ថែមថា “ការចុះ MOU នេះ នឹងអនុញ្ញាតឱ្យក្រុមហ៊ុននៅកម្ពុជា និងថៃអាចមានលទ្ធភាពទទួលបានហិរញ្ញប្បទានក្នុងទំហំកាន់តែធំ ក៏ដូចជាមានសន្ទនីយភាពក្នុងទីផ្សារទាំងពីរ ដែលជាកត្តាចូលរួមជំរុញឱ្យមានកំណើនសេដ្ឋកិច្ចប្រទេសទាំងពីរផងដែរ”។

លោកស៊ូ សុជាតិបានបញ្ជាក់ថា ពិធីនេះត្រូវបានធ្វើឡើងននៅទីស្តីការគណៈកម្មការមូលបត្រថៃ នាទីក្រុងបាងកក ប្រទេសថៃ មានការអញ្ជើញចូលរួមដោយប្រធានគណៈកម្មការមូលបត្រថៃ ប្រធានធនាគារពិភពលោកប្រចាំប្រទេសថៃ ប្រធានផ្សារមូលបត្រថៃ អគ្គលេខាធិការសមាគមក្រុមហ៊ុនមូលបត្រថៃ ប្រធានសមាគមក្រុមហ៊ុនវិនិយោគថៃ ប្រធានក្លឹបធនាគារវិនិយោគ តំណាងក្រសួងការបរទេស តំណាងក្រសួងហិរញ្ញវត្ថុ អង្គការសហព័ន្ធផ្សារមូលបត្រថៃ ព្រមទាំងមន្រ្តីជាន់ខ្ពស់នៃគណៈកម្មការមូលបត្រកម្ពុជា ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា និងវិស័យឯកជនជាច្រើនរូបទៀត៕