ក្រុមហ៊ុន KrisEnergy បញ្ជាក់ពីពេលវេលាទាញយកដំណក់ប្រេងដំបូងតាមផែនការ
ដោយ Donald Lee
ភ្នំពេញៈ ក្រុមហ៊ុន KrisEnergy Ltd ដែលមានមូលដ្ឋាននៅប្រទេសសឹង្ហបូរី ជាម្ចាស់ស្ថានីយ៍ប្រេងអប្សារានៅប្លុកAឱ្យដឹងថា ការអភិវឌ្ឍគម្រោងផ្សេងៗនៅតែដំណើរធម្មតា ទោះបីជាមានបញ្ហាផ្នែកហិរញ្ញវត្ថុ ដែលបង្កចលាចលដល់ក្រុមហ៊ុននៅសឹង្ហបូរីនេះក៏ដោយ។
អ្នកនាំពាក្យក្រុមហ៊ុន KrisEnergy បានប្រាប់ Property Area Asia នៅថ្ងៃ១៨ ខែកញ្ញានេះក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះថា “ការអភិវឌ្ឍតំបន់ប្រេងអប្សរា (ប្លុកA) ត្រូវបានចាត់ទុកជារតនវត្ថុមួយនៅក្នុងផលប័ត្រទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន KrisEnergy និងកំពុងដំណើរការ”។ លោកបន្តថា “ដំណើរការទាញយកប្រេង នឹងសម្រេចបានតាមការគ្រោងទុក ដែលអាចនឹងដំណើរការនៅដើមឆ្នាំ២០២០ខាងមុខ”។
-->
បច្ចុប្បន្នក្រុមហ៊ុនកំពុងកែច្នៃសំភារៈ ក្នុងការសាងសង់គ្រោងទាញយកប្រេង និងជួសជុលកន្លែងផលិតកម្មសម្រាប់គម្រោង។
អ្នកនាំពាក្យក្រុមហ៊ុន KrisEnergy ឱ្យដឹងថា “ដែកថែបសម្រាប់គ្រឿងបរិក្ខារនានាកំពុងត្រូវបានដាក់ដំណើរការផលិត ហើយត្រូវបានរំពឹងថា នឹងដឹកចេញពីកន្លែងផលិតទៅកាន់តំបន់ប្លុកប្រេងនៅចុងខែកញ្ញា ឆ្នាំ២០១៩”។
អ្នកនាំពាក្យរូបខាងលើបានបានបន្ថែមទៀតថា “ការធ្វើឱ្យប្រសើរឡើង និងការកែលម្អផលិតកម្ម Ingenium II កំពុងបន្តនៅក្នុងទីធ្លា Keppel’s Benoi ក្នុងប្រទេសសឹង្ហបូរីជាមួយនឹងការតំឡើងចុងក្រោយបង្អស់ គឺបន្ទប់ត្រួតពិនិត្យកណ្តាល និងឧបករណ៍បំពាក់ថាមពល”។
តម្លៃប្រេងបានហក់ឡើងនៅសប្តាហ៍នេះ បន្ទាប់ពីមានការវាយប្រហារទៅលើរោងចក្រផលិតប្រេងធំបំផុតរបស់ពិភពលោក នៅអារ៉ាប់ប៊ីសាអូឌីតបានបង្អាក់ការផលិតប្រេងជិត៥ភាគរយនៃផលិតកម្មប្រេងប្រចាំថ្ងៃរបស់ពិភពលោក។
បន្ទាប់ពីការវាយប្រហារ តម្លៃប្រេងឡើងដល់២០ភាគរយ ហើយមានតម្លៃជិត៧០ ដុល្លារក្នុងមួយបារ៉ែលក្នុងសប្តាហ៍នេះ។
តម្លៃប្រេងកាន់តែខ្ពស់ អាចផ្តល់ប្រាក់ចំណូលខ្ពស់ សម្រាប់ក្រុមហ៊ុនថាមពលសឹង្ហបូរីដែលកំពុងព្យាយាមដោះស្រាយ ខណៈដែលខ្លួនព្យាយាមសា្តរបំណុលឡើងវិញជិត ៥០០លានដុល្លារ។

ក្រុមហ៊ុន KrisEnergy បានឱ្យដឹងថា “តម្លៃប្រេងកាន់តែខ្ពស់ផ្តល់នូវប្រាក់ចំណូលខ្ពស់ពីការលក់ប្រេង។ ទីផ្សារប្រេងមានភាពប្រែប្រួលឡើងចុះ ហើយវាសំខាន់សម្រាប់ប្រតិបត្តិករផ្នែកខាងលើ ដើម្បីវាស់ស្ទង់ភាពអាចធ្វើពាណិជ្ជកម្ម នៃទ្រព្យសកម្មរបស់ខ្លួននៅក្នុងសេណារីយ៉ូតម្លៃប្រេងជាច្រើន ដើម្បីធានានិរន្តរភាពអាជីវកម្ម”។
អ្នកនាំពាក្យរូបខាងលើបានបន្ថែមថា “ទោះយ៉ាងណាតម្លៃប្រេងខ្ពស់ ដែលអូសបន្លាយពេលយូរ ក៏អាចនាំឱ្យមានអតិផរណាថ្លៃដើម សម្រាប់ថ្លៃដើមសម្ភារៈ និងសេវាកម្មផងដែរ”៕