ដោយ ៖ រ៉ាណេត
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសចក្រភពអង់គ្លេសទទួលបន្ទុកកិច្ចការអាស៊ី ប៉ាស៊ីហ្វិក បានអះអាងថា នៅតែបើកចំហរចំពោះកិច្ចអនុគ្រោះពន្ធមកលើប្រទេសកម្ពុជាដដែល ខណៈប្រព័ន្ធអនុគ្រោះពន្ធទីផ្សារសហភាពអឺរ៉ុប EBA ស្ថិតនៅក្នុងការពិចារណានៅឡើយ។
រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអាស៊ី ប៉ាស៊ីហ្វិក នៃក្រសួងការបទេសចក្រភពអង់គ្លេស លោកស្រី Heather Wheeler បានប្រកាសជំហរថា អង់គ្លេសនឹងនៅតែបន្តផ្តល់ការអនុគ្រោះពន្ធមកលើប្រទេសកម្ពុជាដដែល នៅពេលដែលខ្លួនបានចាកចាញពីសហភាពអឺរ៉ុបជាផ្លូវការណ៍។
-->
ការលើកឡើងនេះត្រូវបានធ្វើឡើងក្នុងឱកាសដែលលោកស្រីចូលជួបពិភាក្សាការងារជាមួយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ ។
នៅក្នុងកិច្ចទំនាក់ទំនងសហប្រតិបត្តិការរវាងកម្ពុជា និងចក្រភពអង់គ្លេស កាលពីពេលកន្លងទៅនេះ មានភាពល្អប្រសើរ និងកើនឡើងជារៀងរាល់ឆ្នាំ ជាក់ស្ដែងនៅត្រឹមប៉ុន្មានឆ្នាំចុងក្រោយនេះ ទំហំពាណិជ្ជកម្មនៃប្រទេសទាំង២បានកើនឡើងរហូតដល់ជាង ១០០០លានដុល្លារសហរដ្ឋអាមេរិក ខណៈដែលការនាំចេញរបស់កម្ពុជាមានចំនួនច្រើនដងជាងការនាំចូលមកពីចក្រភពអង់គ្លេស។
– នៅឆមាសទី១ ឆ្នាំ២០១៩នេះ ទំហំពាណិជ្ជកម្មកម្ពុជា-អង់គ្លេស គិតជាទឹកប្រាក់ចំនួន៤៦៦លានដុល្លារ ក្នុងនោះកម្ពុជានាំចេញទៅអង់គ្លេសចំនួន៤៥០លានដុល្លារ ចំណែកអង់គ្លេសនាំចូលមកម្ពុជា មានចំនួន១៥លានដុល្លារ។
– នៅឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មនៃប្រទេសទាំង២ មានទឹកប្រាក់ ១០៨៣ លានដុល្លារ ក្នុងនោះកម្ពុជានាំទៅអង់គ្លេសមានចំនួន ១០១៨ លានដុល្លារ ចំណែកអង់គ្លេសនាំមកកម្ពុជាមានតែ ៦៥ លានដុល្លារប៉ុណ្ណោះ។

ដោយឡែក កាលពីឆ្នាំ២០១៧ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំង២ មានទឹកប្រាក់ ១០៤៤ លានដុល្លារ ក្នុងនោះកម្ពុជានាំទៅអង់គ្លេសចំនួន ១០១៤ លានដុល្លារ ចំណែកអង់គ្លេសនាំមកកម្ពុជា ចំនួនត្រឹមតែ ៣០ លានដុល្លារប៉ុណ្ណោះ។
សម្រាប់ទំនិញដែលកម្ពុជានាំចេញទៅកាន់ចក្រភពអង់គ្លេសរួមមានដូចជា សម្លៀកបំពាក់ ស្បែកជើង កង់ អង្ករ និងផលិតកសិកម្មផ្សេងៗទៀត។គួរបញ្ជាក់ផងដែរថា ការផ្តល់កិច្ចប្រព័ន្ធនុគ្រោះពន្ធពីប្រទេសមហាអំណាចអង់គ្លេស បានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយពង្រឹងសេដ្ឋកិច្ចជាតិ និងអភិវឌ្ឍន៍កម្ពុជា រួមជាមួយនឹងផលប្រយោជន៍បន្ថែមផ្សេងៗទៀតជាច្រើន៕