ចក្រភព​អង់គ្លេស​នៅតែ​បើក​ចំហរ​ការ​អនុគ្រោះ​ពន្ធ​ដល់​កម្ពុជា​

0

ដោយ​ ៖ រ៉ា​ណេត

ភ្នំពេញ​៖ មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ការបរទេស​ចក្រភព​អង់គ្លេស​ទទួលបន្ទុក​កិច្ចការ​អាស៊ី​ ប៉ាស៊ីហ្វិក​ បាន​អះអាង​ថា​ នៅតែ​បើក​ចំហរ​ចំពោះ​កិច្ច​អនុគ្រោះ​ពន្ធ​មក​លើ​ប្រទេស​កម្ពុជា​ដដែល​ ខណៈ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទីផ្សារ​សហភាព​អឺរ៉ុប​ EBA​ ស្ថិតនៅ​ក្នុង​ការពិចារណា​នៅឡើយ​។

រដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​អាស៊ី​ ប៉ាស៊ីហ្វិក​ នៃ​ក្រសួងការបទេស​ចក្រភព​អង់គ្លេស​ លោកស្រី​ Heather​ Wheeler​ បាន​ប្រកាស​ជំហរ​ថា​ អង់គ្លេស​នឹង​នៅតែ​បន្ត​ផ្តល់​ការ​អនុគ្រោះ​ពន្ធ​មក​លើ​ប្រទេស​កម្ពុជា​ដដែល​ នៅពេល​ដែល​ខ្លួន​បាន​ចាក​ចាញ​ពី​សហភាព​អឺរ៉ុប​ជា​ផ្លូវ​ការណ៍​។

ការ​លើកឡើង​នេះ​ត្រូវ​បាន​ធ្វើឡើង​ក្នុង​ឱកាស​ដែល​លោកស្រី​ចូល​ជួបពិភាក្សា​ការងារ​ជាមួយ​លោក​ ប្រាក់​ សុ​ខុន​ ឧបនាយក​រដ្ឋមន្ត្រី​ និង​ជារ​ដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​ និង​សហប្រតិបត្តិ​ការអន្តរជាតិ​ កាលពី​ថ្ងៃទី១៧​ ខែកញ្ញា​ ឆ្នាំ២០១៩​ ។

នៅក្នុង​កិច្ច​ទំនាក់ទំនង​សហប្រតិបត្តិ​ការ​រវាង​កម្ពុជា​ និង​ចក្រភព​អង់គ្លេស​ កាលពី​ពេល​កន្លងទៅ​នេះ​ មាន​ភាពល្អ​ប្រសើរ​ និង​កើនឡើង​ជា​រៀងរាល់​ឆ្នាំ​ ជាក់ស្ដែង​នៅ​ត្រឹម​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង២បាន​កើនឡើង​រហូតដល់​ជាង​ ១០០០លាន​ដុល្លារ​សហរដ្ឋអាមេរិក​ ខណៈ​ដែល​ការនាំចេញ​របស់​កម្ពុជា​មាន​ចំនួន​ច្រើនដង​ជាង​ការនាំចូល​មក​ពី​ចក្រភព​អង់គ្លេស​។

– នៅ​ឆមាស​ទី១​ ឆ្នាំ២០១៩នេះ​ ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-អង់គ្លេស​ គិតជា​ទឹកប្រាក់​ចំនួន៤៦៦លាន​ដុល្លារ​ ក្នុង​នោះ​កម្ពុជា​នាំចេញ​ទៅ​អង់គ្លេស​ចំនួន៤៥០លាន​ដុល្លារ​ ចំណែក​អង់គ្លេស​នាំ​ចូ​លម​កម្ពុជា​ មាន​ចំនួន១៥លាន​ដុល្លារ​។

– នៅ​ឆ្នាំ២០១៨​ ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង២​ មាន​ទឹកប្រាក់​ ១០៨៣​ លាន​ដុល្លារ​ ក្នុង​នោះ​កម្ពុជា​នាំទៅ​អង់គ្លេស​មាន​ចំនួន​ ១០១៨​ លាន​ដុល្លារ​ ចំណែក​អង់គ្លេស​នាំមក​កម្ពុជា​មានតែ​ ៦៥​ លាន​ដុល្លារ​ប៉ុណ្ណោះ​។

ដោយឡែក​ កាលពី​ឆ្នាំ២០១៧​ ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង២​ មាន​ទឹកប្រាក់​ ១០៤៤​ លាន​ដុល្លារ​ ក្នុង​នោះ​កម្ពុជា​នាំទៅ​អង់គ្លេស​ចំនួន​ ១០១៤​ លាន​ដុល្លារ​ ចំណែក​អង់គ្លេស​នាំមក​កម្ពុជា​ ចំនួន​ត្រឹមតែ​ ៣០​ លាន​ដុល្លារ​ប៉ុណ្ណោះ​។

សម្រាប់​ទំនិញ​ដែល​កម្ពុជា​នាំចេញ​ទៅកាន់​ចក្រភព​អង់គ្លេស​រួមមាន​ដូចជា​ សម្លៀកបំពាក់​ ស្បែកជើង​ កង់​ អង្ករ​ និង​ផលិត​កសិកម្ម​ផ្សេង​ៗទៀត​។គួរ​បញ្ជាក់​ផង​ដែរ​ថា​ ការ​ផ្តល់​កិច្ច​ប្រព័ន្ធ​នុគ្រោះ​ពន្ធ​ពី​ប្រទេស​មហាអំណាច​អង់គ្លេស​ បាន​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​ពង្រឹង​សេដ្ឋកិច្ច​ជាតិ​ និង​អភិវឌ្ឍន៍​កម្ពុជា​ រួម​ជាមួយនឹង​ផលប្រយោជន៍​បន្ថែម​ផ្សេង​ៗទៀត​ជាច្រើន​៕

LEAVE A REPLY

Please enter your comment!
Please enter your name here