ដោយ រ៉ាណេត
ភ្នំពេញ៖ ប្រទេសរុស្ស៊ីគ្រោងជំរុញឲ្យមានក្រុមហ៊ុនអាកាសចរណ៍ តភ្ជាប់ជើងហោះហើរត្រង់មកកាន់កម្ពុជា និងសហការក្នុងការផ្សព្វផ្សាយពីគោលដៅទេសចរណ៍នៅកម្ពុជាទៅកាន់ទីផ្សារក្នុងប្រទេសរបស់ខ្លួន ដើម្បីជំរុញកំណើនទេសចររុស្ស៊ី និងទេសចរមកពីប្រទេសទី៣ ឱ្យមកទស្សនាកម្ពុជាកាន់តែច្រើន។

-->
បច្ចុប្បន្ន កម្ពុជាមិនទាន់មានការហោះហើរត្រង់ពីរដ្ឋធានីមូស្គូ ឬទីក្រុងណាមួយនៅចុងបូព៌ារបស់រុស្ស៊ីមកកាន់កម្ពុជានៅឡើយទេ។ ជាមួយគ្នានេះ ដោយការមើលឃើញពីតម្រូវការជាក់ស្ដែងរបស់កម្ពុជា ដើម្បីបង្កើនកិច្ចទំនាក់ទំនងពាណិជ្ជកម្ម និងទេសចរណ៍ លោក ឌីមីទ្រី ស្វឺតខូវ (Dmitry Tsvetkov) ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា បានសន្យាថា នឹងជួយជំរុញឱ្យមានការហោះហើរត្រង់ពីប្រទេសរុស្ស៊ីមកកាន់កម្ពុជា។
នៅក្នុងជំនួបកិច្ចពិភាក្សាការងារនៅទីស្ដី ការក្រសួងទេសចរណ៍កាលពីព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានស្នើទៅកាន់លោកឯកអគ្គរដ្ឋទូតរុស្ស៊ី ធ្វើយ៉ាងណាជំរុញឱ្យមានការតភ្ជាប់ជើងហោះហើរត្រង់ពីទីក្រុង វ្ល៉ាឌីវ៉ូស្តុក (Vladivostok) ឬពីទីក្រុងណាមួយរបស់រុស្សីមកកាន់កម្ពុជា ដែលមានរយៈចម្ងាយខ្លីជាងមកពីមូស្គូ ដើម្បីជំរុញកំណើនទេសចររុស្ស៊ីឱ្យមកកម្ពុជាកាន់តែច្រើន។ ក្រៅពីនេះ លោកក៏បានស្នើសុំឱ្យភាគីខាងប្រទេសរុស្ស៊ី ជួយផ្សព្វផ្សាយពីគោលដៅទេសចរណ៍កម្ពុជា ទៅកាន់ទីផ្សារទេសចរណ៍រុស្ស៊ី ព្រមទាំងស្នើឱ្យជួយរៀបចំផែនការយុទ្ធសាស្ត្រទាក់ទាញភ្ញៀវទេសចររុស្ស៊ីផងដែរ។
ក្នុងពេលជាមួយគ្នានោះ លោករដ្ឋមន្ត្រី ថោង ខុន ក៏បានស្នើភាគីរុស្ស៊ីរៀបចំឱ្យមានដំណើរទស្សនកិច្ចកសិទេសចរណ៍ (Farm Trip) នៅប្រទេសកម្ពុជា សម្រាប់ប្រតិភូ និងអ្នកសារព័ត៌មានមកពីរុស្ស៊ីឱ្យបាន២ដងក្នុងមួយឆ្នាំ ដើម្បីបង្កើនការផ្សព្វផ្សាយពីវិស័យទេសចរណ៍ និងគោលដៅទេសចរណ៍របស់កម្ពុជា ទៅកាន់ទីផ្សារទេសចរណ៍រុស្ស៊ីឱ្យបានច្រើនឡើង។
ក្នុងក្របខណ្ឌសិក្សាធិការ លោកថោង ខុន បានស្នើឱ្យរុស្ស៊ីជួយកម្ពុជាបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពបន្ថែម ដល់មគ្គុទ្ទេសក៍ទេសចរណ៍កម្ពុជានិយាយភាសារុស្ស៊ី ដោយភាគីខាងរុស្ស៊ីបានឆ្លើយតបមកវិញថា នឹងជំរុញឱ្យមានកិច្ចសហប្រតិបត្តិការនេះ ក្នុងពេលឆាប់ៗខាងមុខ។
កាលពីឆ្នាំ២០១៨ កម្ពុជាទទួលបានទេសចរណ៍រុស្ស៊ីប្រមាណជិត ៦៥,០០០នាក់ ហើយនៅរយៈពេល៧ខែ ដើមឆ្នាំ២០១៩នេះ ទេសចររុស្ស៊ីបានមកទស្សនាកម្ពុជាមានប្រមាណជាង៣៤,០០០នាក់។
ក្នុងចំណោមបណ្តាប្រទេសនៅតំបន់អាស៊ាន ប្រទេសថៃ វៀតណាម ឥណ្ឌូនេស៊ី (ពិសេសកោះបាលី) ជាប្រទេសទទួលបានទេសចររុស្ស៊ីច្រើនជាងគេ ហើយកម្ពុជាសង្ឃឹមថានឹងទទួលបានទេសចររុស្ស៊ីបន្ថែមទៀត តាមរយៈការតភ្ជាប់ជើងហោះហើរត្រង់មកខេត្តសៀមរាប និងតំបន់ឆ្នេរ ក៏ដូចជារាជធានីភ្នំពេញ៕