ឯកអគ្គ​រដ្ឋទូត​រុស្ស៊ី​នឹង​ជំរុញ​ការហោះហើរ​ត្រង់​មកកាន់​កម្ពុជា​ក្នុង​ពេល​ខាងមុខនេះ​

0

ដោយ​​ រ៉ា​ណេត​

ភ្នំ​ពេញ៖​ ប្រទេស​រុស្ស៊ី​គ្រោង​ជំរុញ​ឲ្យ​មាន​ក្រុមហ៊ុន​អាកាសចរណ៍​ តភ្ជាប់​ជើងហោះហើរ​ត្រង់​មកកាន់​កម្ពុជា​ និង​សហការ​ក្នុង​ការ​ផ្សព្វផ្សាយ​ពី​គោលដៅ​ទេសចរណ៍​នៅ​កម្ពុជា​ទៅកាន់​ទីផ្សារ​ក្នុង​ប្រទេស​របស់​ខ្លួន​ ដើម្បី​ជំរុញ​កំណើន​ទេសចរ​រុស្ស៊ី​ និង​ទេសចរ​មក​ពី​ប្រទេស​ទី៣​ ឱ្យមក​ទស្សនា​កម្ពុជា​កាន់តែ​ច្រើន​។

បច្ចុប្បន្ន​ កម្ពុជា​មិនទាន់​មានការ​ហោះហើរ​ត្រង់​ពីរ​ដ្ឋ​ធានី​មូស្គូ​ ឬទីក្រុង​ណាមួយ​នៅ​ចុងបូព៌ា​របស់​រុស្ស៊ី​មកកាន់​កម្ពុជា​នៅឡើយ​ទេ​។ ជាមួយគ្នា​នេះ​ ដោយ​ការ​មើលឃើញ​ពី​តម្រូវការ​ជាក់ស្ដែង​របស់​កម្ពុជា​ ដើម្បី​បង្កើន​កិច្ច​ទំនាក់ទំនង​ពាណិជ្ជកម្ម​ និង​ទេសចរណ៍​ លោក​ ឌី​មី​ទ្រី​ ស្វឺ​តខូវ​ (Dmitry​ Tsvetkov​) ឯកអគ្គ​រដ្ឋទូត​រុស្ស៊ី​ប្រចាំ​កម្ពុជា​ បាន​សន្យា​ថា​ នឹង​ជួយ​ជំរុញ​ឱ្យ​មានការ​ហោះហើរ​ត្រង់​ពី​ប្រទេស​រុស្ស៊ី​មកកាន់​កម្ពុជា​។

នៅក្នុង​ជំនួប​កិច្ចពិភាក្សា​ការងារ​នៅ​ទី​ស្ដី​ ការក្រ​សួង​ទេសចរណ៍​កាលពី​ព្រឹក​ថ្ងៃទី១៩​ ខែកញ្ញា​ ឆ្នាំ២០១៩​ លោក​ថោង​ ខុន​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ បាន​ស្នើ​ទៅកាន់​លោក​ឯកអគ្គ​រដ្ឋទូត​រុស្ស៊ី​ ធ្វើ​យ៉ាងណា​ជំរុញ​ឱ្យ​មានការ​តភ្ជាប់​ជើងហោះហើរ​ត្រង់​ពីទី​ក្រុង​ វ្ល៉ា​ឌី​វ៉ូ​ស្តុក​ (Vladivostok​) ឬពីទី​ក្រុង​ណាមួយ​របស់​រុស្សី​មកកាន់​កម្ពុជា​ ដែល​មាន​រយៈ​ចម្ងាយ​ខ្លី​ជាង​មក​ពី​មូស្គូ​ ដើម្បី​ជំរុញ​កំណើន​ទេសចរ​រុស្ស៊ី​ឱ្យមក​កម្ពុជា​កាន់តែ​ច្រើន​។ ក្រៅពី​នេះ​ លោក​ក៏បាន​ស្នើសុំ​ឱ្យ​ភាគី​ខាង​ប្រទេស​រុស្ស៊ី​ ជួយ​ផ្សព្វផ្សាយ​ពី​គោលដៅ​ទេសចរណ៍​កម្ពុជា​ ទៅកាន់​ទីផ្សារ​ទេសចរណ៍​រុស្ស៊ី​ ព្រមទាំង​ស្នើ​ឱ្យ​ជួយ​រៀបចំផែនការ​យុទ្ធសាស្ត្រ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​រុស្ស៊ី​ផង​ដែរ​។

ក្នុង​ពេល​ជាមួយគ្នា​នោះ​ លោក​រដ្ឋមន្ត្រី​ ថោង​ ខុន​ ក៏បាន​ស្នើ​ភាគី​រុស្ស៊ី​រៀបចំ​ឱ្យ​មានដំណើរ​ទស្សន​កិ​ច្ច​កសិ​ទេសចរណ៍​ (Farm​ Trip​) នៅ​ប្រទេស​កម្ពុជា​ សម្រាប់​ប្រតិភូ​ និង​អ្នកសារព័ត៌មាន​មក​ពី​រុស្ស៊ី​ឱ្យ​បាន២ដង​ក្នុង​មួយឆ្នាំ​ ដើម្បី​បង្កើន​ការ​ផ្សព្វផ្សាយ​ពី​វិស័យ​ទេសចរណ៍​ និង​គោលដៅ​ទេសចរណ៍​របស់​កម្ពុជា​ ទៅកាន់​ទីផ្សារ​ទេសចរណ៍​រុស្ស៊ី​ឱ្យ​បាន​ច្រើនឡើង​។

ក្នុង​ក្របខណ្ឌ​សិក្សាធិការ​ លោក​ថោង​ ខុន​ បាន​ស្នើ​ឱ្យ​រុស្ស៊ី​ជួយ​កម្ពុជា​បណ្ដុះបណ្ដាល​ពង្រឹង​សមត្ថភាព​បន្ថែម​ ដល់​មគ្គុទ្ទេសក៍​ទេសចរណ៍​កម្ពុជា​និយាយ​ភាសា​រុស្ស៊ី​ ដោយ​ភាគី​ខាង​រុស្ស៊ី​បាន​ឆ្លើយតប​មកវិញ​ថា​ នឹង​ជំរុញ​ឱ្យ​មាន​កិច្ច​សហប្រតិបត្តិ​ការ​នេះ​ ក្នុង​ពេល​ឆាប់​ៗខាងមុខ​។

កាលពី​ឆ្នាំ២០១៨​ កម្ពុជា​ទទួល​បាន​ទេសចរណ៍​រុស្ស៊ី​ប្រមាណ​ជិត​ ៦៥​,០០០នាក់​ ហើយ​នៅ​រយៈពេល៧ខែ​ ដើមឆ្នាំ២០១៩នេះ​ ទេសចរ​រុស្ស៊ី​បាន​មក​ទស្សនា​កម្ពុជា​មាន​ប្រមាណ​ជាង៣៤​,០០០នាក់​។

ក្នុងចំណោម​បណ្តា​ប្រទេស​នៅ​តំបន់​អាស៊ាន​ ប្រទេស​ថៃ​ វៀតណាម​ ឥណ្ឌូ​នេ​ស៊ី​ (ពិសេស​កោះ​បាលី​) ជា​ប្រទេស​ទទួល​បាន​ទេសចរ​រុស្ស៊ី​ច្រើនជាង​គេ​ ហើយ​កម្ពុជា​សង្ឃឹមថានឹង​ទទួល​បាន​ទេសចរ​រុស្ស៊ី​បន្ថែម​ទៀត​ តាមរយៈ​ការ​តភ្ជាប់​ជើងហោះហើរ​ត្រង់​មក​ខេត្តសៀមរាប​ និង​តំបន់ឆ្នេរ​ ក៏ដូចជា​រាជធានី​ភ្នំពេញ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here