ដោយ Donald Lee
ភ្នំពេញៈ ប្រទេសចិនបានបង្កើតភាពជិតស្និទ្ឋជាមួយប្រទេសរុស្ស៊ី ខណៈដែលសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិនបានអូសបន្លាយដោយគ្មានកំណត់។
នាយករដ្ឋមន្រ្តីចិន លោក Li Keqiang និងនាយករដ្ឋមន្រ្តីរុស្ស៊ីលោក Dmitry Medvedev បានជួបប្រជុំគ្នាកាលពីថ្ងៃពុធ និងបានសន្យាបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរក្នុងរយៈពេល៥ឆ្នាំខាងមុខ។
-->
ទំហំពាណិជ្ជកម្មនឹងកើនឡើងពីជាង១០០ពាន់លានដុល្លារ ទៅ២០០ពាន់លានដុល្លារនៅឆ្នាំ២០២៤។
លោក Medvedev បាននិយាយថា ប្រទេសទាំងពីរនឹងធ្វើជាដៃគូ ក្នុងវិស័យថាមពល បច្ចេកវិទ្យា និងកសិកម្មដើម្បីជំរុញពាណិជ្ជកម្ម។
លោក Medvedev បានថ្លែងប្រាប់អ្នកយកព័ត៌មាននៅប្រទេសរុស្ស៊ីថា “ផែនការនេះ គឺដើម្បីសម្រេចបាននូវគម្រោងទាំងនោះ តាមរយៈគម្រោងរួមក្នុងវិស័យថាមពល ឧស្សាហកម្ម បច្ចេកវិទ្យា និងកសិកម្ម”។
លោក Medvedev ឱ្យដឹងថា “យើងកំពុងធ្វើការយ៉ាងខ្ជាប់ខ្ជួន ដើម្បីដករបាំងដែលរារាំងការអភិវឌ្ឍពាណិជ្ជកម្ម កសិកម្ម។ វាទាក់ទងនឹងការផ្គត់ផ្គង់សណ្តែកសៀង ស្រូវសាលី និងដំណាំមួយចំនួនទៀតទៅប្រទេសចិន”។
ចិនបានក្លាយជាដៃគូពាណិជ្ជកម្មដ៏ធំបំផុត របស់រុស្ស៊ីក្នុងរយៈពេល៩ឆ្នាំកន្លងមកនេះ។ ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ បានកើនឡើងជិត៣០ភាគរយកាលពីឆ្នាំមុន។
កិច្ចប្រជុំរបស់លោក Li នៅប្រទេសរុស្ស៊ី គឺដើម្បីរំលឹកខួប៧០ឆ្នាំនៃទំនាក់ទំនងការទូតចិន-រុស្ស៊ី។ សាធារណរដ្ឋប្រជាមានិតចិន នឹងប្រារព្ធខួបលើកទី៧០របស់ខ្លួន នៅថ្ងៃទី ១ ខែ តុលា។
ទំនាក់ទំនងពាណិជ្ជកម្មរវាងអាមេរិក និងចិនបានចុះខ្សោយក្នុងរយៈពេល១៥ខែកន្លងមកនេះ។ ការចរចាពាណិជ្ជកម្ម នឹងចាប់ផ្តើមឡើងវិញនៅថ្ងៃ ព្រហស្បតិ៍ ប៉ុន្តែអ្នកវិភាគមិនបានមើលឃើញដំណោះស្រាយ រវាងប្រទេសទាំងពីរនាពេលអនាគតដ៏ខ្លីខាងមុខនេះទេ។
អង្គការសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) បានបន្ទាបស្ថានភាពសេដ្ឋកិច្ចពិភពលោកនៅថ្ងៃព្រហស្បតិ៍ម្សិលម៉ិញនេះ ដោយសារតែភាពតានតឹងនៃសង្គ្រាមពាណិជ្ជកម្ម ដែលកំពុងបន្តកើតមានរវាងប្រទេស ដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីរនៅលើពិភពលោក។
អង្គការដែលមានមូលដ្ឋាននៅទីក្រុងប៉ារីសនេះ បានបន្ទាបកំណើនGDPពិភពលោកមកនៅត្រឹមកំនើន២,៩ភាគរយសម្រាប់ឆ្នាំ ២០១៩។ វាក៏បានថយចុះកំណើន GDP នៅឆ្នាំ២០២០ ថយចុះ០,៤ ភាគរយនៅសល់ត្រឹម៣ភាគរយផងដែរ។

របាយការណ៍របស់ OECD បានបញ្ជាក់ថា “ការកើនឡើងនូវភាពតានតឹងនៃគោលនយោបាយពាណិជ្ជកម្ម កំពុងតែធ្វើឱ្យមានការបាត់បង់នូវទំនុកចិត្ត និងការវិនិយោគបន្ថែមជាមួយភាពមិនប្រាកដប្រជា នៃគោលនយោបាយការហានិភ័យនៅក្នុងទីផ្សារហិរញ្ញវត្ថុ និងការរំពឹងទុកនៃកំណើននាពេលអនាគតដែលងាយធ្លាក់ចុះ៕