ប្រទេស​ចិន​រំកិល​ខ្លួន​កាន់តែ​ជិត​រុស្ស៊ី​ ខណៈ​សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក​-ចិន​កំពុង​អូស​បន្លាយ​

0

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ ប្រទេស​ចិន​បាន​បង្កើត​ភាព​ជិ​តស្និ​ទ្ឋ​ជាមួយ​ប្រទេស​រុស្ស៊ី​ ខណៈ​ដែល​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​បាន​អូស​បន្លាយ​ដោយ​គ្មាន​កំណត់​។

នាយក​រដ្ឋមន្រ្តី​ចិន​ លោក ​Li​ Keqiang​ និង​នាយក​រដ្ឋមន្រ្តី​រុស្ស៊ី​លោក​ Dmitry​ Medvedev​ បាន​ជួប​ប្រជុំ​គ្នា​កាលពី​ថ្ងៃពុធ​ និង​បាន​សន្យា​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​ក្នុងរយៈពេល៥ឆ្នាំខាងមុខ​។

ទំហំ​ពាណិជ្ជកម្ម​នឹង​កើនឡើង​ពី​ជាង១០០ពាន់​លាន​ដុល្លារ​ ទៅ២០០ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ២០២៤​។

លោក​ Medvedev​ បាន​និយាយ​ថា​ ប្រទេស​ទាំងពីរ​នឹង​ធ្វើជា​ដៃគូ​ ក្នុង​វិស័យ​ថាមពល​ បច្ចេកវិទ្យា​ និង​កសិកម្ម​ដើម្បី​ជំរុញ​ពាណិជ្ជកម្ម​។

លោក​ Medvedev​ បាន​ថ្លែងប្រាប់​អ្នកយកព័ត៌មាន​នៅ​ប្រទេស​រុស្ស៊ី​ថា​ “ផែនការ​នេះ​ គឺ​ដើម្បី​សម្រេច​បាន​នូវ​គម្រោង​ទាំងនោះ​ តាមរយៈ​គម្រោង​រួម​ក្នុង​វិស័យ​ថាមពល​ ឧស្សាហកម្ម​ បច្ចេកវិទ្យា​ និង​កសិកម្ម​”។

លោក​ Medvedev​ ឱ្យ​ដឹង​ថា​ “យើង​កំពុងធ្វើការ​យ៉ាង​ខ្ជាប់ខ្ជួន​ ដើម្បី​ដក​របាំង​ដែល​រារាំង​ការ​អភិវឌ្ឍ​ពាណិជ្ជកម្ម​ កសិកម្ម​។ វា​ទាក់ទង​នឹង​ការ​ផ្គត់ផ្គង់​សណ្តែកសៀង​ ស្រូវសាលី​ និង​ដំណាំ​មួយចំនួន​ទៀត​ទៅ​ប្រទេស​ចិន​”។

ចិន​បាន​ក្លាយជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​ របស់​រុស្ស៊ី​ក្នុងរយៈពេល៩ឆ្នាំ​កន្លងមក​នេះ​។ ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​ បាន​កើនឡើង​ជិត៣០ភាគរយ​កាលពី​ឆ្នាំមុន​។

កិច្ចប្រជុំ​របស់​លោក​ Li​ នៅ​ប្រទេស​រុស្ស៊ី​ គឺ​ដើម្បីរំលឹក​ខួប៧០ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូត​ចិន​-រុស្ស៊ី​។ សាធារណរដ្ឋ​ប្រជាមានិត​ចិន​ នឹង​ប្រារព្ធ​ខួប​លើក​ទី៧០របស់​ខ្លួន​ នៅ​ថ្ងៃទី​ ១ ខែ​ តុលា​។

ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​បាន​ចុះ​ខ្សោយ​ក្នុងរយៈពេល១៥ខែ​កន្លងមក​នេះ​។ ការចរចា​ពាណិជ្ជកម្ម​ នឹង​ចាប់ផ្តើម​ឡើងវិញ​នៅ​ថ្ងៃ​ ព្រហស្បតិ៍​ ប៉ុន្តែ​អ្នកវិភាគ​មិនបាន​មើលឃើញ​ដំណោះស្រាយ​ រវាង​ប្រទេស​ទាំងពីរ​នា​ពេល​អនាគត​ដ៏​ខ្លី​ខាងមុខនេះ​ទេ​។

អង្គការ​សហប្រតិបត្តិ​ការ​ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ (OECD​) បាន​បន្ទាប​ស្ថានភាព​សេដ្ឋកិច្ច​ពិភពលោក​នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​ម៉ិញ​នេះ​ ដោយសារតែ​ភាព​តានតឹង​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​ ដែល​កំពុង​បន្ត​កើតមាន​រវាង​ប្រទេស​ ដែល​មាន​សេដ្ឋកិច្ច​ធំជាង​គេ​ទាំងពីរ​នៅ​លើ​ពិភពលោក​។

អង្គការ​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៉ារីស​នេះ​ បាន​បន្ទាប​កំណើន​GDP​ពិភពលោក​មក​នៅ​ត្រឹម​កំនើន២​,៩ភាគរយ​សម្រាប់​ឆ្នាំ​ ២០១៩​។ វា​ក៏បាន​ថយ​ចុះ​កំណើន​ GDP​ នៅ​ឆ្នាំ២០២០​ ថយ​ចុះ០​,៤ ភាគរយ​នៅសល់​ត្រឹម៣ភាគរយ​ផង​ដែរ​។

របាយការណ៍​របស់​ OECD​ បាន​បញ្ជាក់​ថា​ “ការ​កើនឡើង​នូវ​ភាព​តានតឹង​នៃ​គោលនយោបាយ​ពាណិជ្ជកម្ម​ កំពុងតែ​ធ្វើ​ឱ្យ​មានការ​បាត់បង់​នូវ​ទំនុកចិត្ត​ និង​ការ​វិនិយោគ​បន្ថែម​ជាមួយ​ភាព​មិន​ប្រាកដប្រជា​ នៃ​គោលនយោបាយ​ការ​ហានិភ័យ​នៅក្នុង​ទីផ្សារ​ហិរញ្ញវត្ថុ​ និង​ការ​រំពឹង​ទុក​នៃ​កំណើន​នា​ពេល​អនាគត​ដែល​ងាយ​ធ្លាក់ចុះ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here