ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ គណៈប្រតិភូចិនមួយក្រុមមកពីខេត្តហាយណាន នៃសាធារណៈរដ្ឋប្រជាមានិតចិន បានបង្ហាញពីគោលបំណងសំខាន់របស់ខ្លួនក្នុងស្វែងយល់ និងចាប់ឱកាសវិនិយោគនៅកម្ពុជាលើវិស័យកសិកម្មកម្រិតខ្ពស់ ជាមួយនឹងការចែករំលែកនូវចំណេះដឹងពាក់ព័ន្ធនឹងវិស័យកម្មសិកម្មនៅកម្ពុជាផងដែរ។
នៅក្នុងឱកាសចូលសម្ដែងការគួរសម និងពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ លោក Liu Ping Zhi អភិបាលរងខេត្តហាណណាន ដែលបានដឹកនាំគណៈប្រតិភូចិនមកស្វែងយល់ពីកម្ពុជា បានលើកឡើងថា គោលបំណងនៃការមកកាន់កម្ពុជា គឺដើម្បីធ្វើការផ្លាស់ប្តូរ ចែករំលែកបទពិសោធន៍ និងសហការលើវិស័យកសិកម្ម និងពិភាក្សាលើការងារសំខាន់ៗទាក់ទងនឹងការរៀបចំបង្កើតបណ្ឌិតសភាវិទ្យាសាស្រ្តកសិកម្មកម្ពុជា (Cambodian Academy of Agricultural Science, CAAS)។
-->
ជាមួយគ្នានេះ លោកក៏បានបង្ហាញពីក្ដីសាទរចំពោះការរីកចម្រើនដែលរាជរដ្ឋាភិបាល ក៏ដូចប្រជាជនកម្ពុជាសម្រេចបាន ជាពិសេស ដោយមើលឃើញពីការវិវឌ្ឍជាវិជ្ជមានយ៉ាងលឿនគួរឱ្យកត់សម្គាល់របស់កម្ពុជា ប្រតិភូខេត្តហៃណានក៏មកធ្វើទស្សនកិច្ចដើម្បីសិក្សាឈ្វេងយល់បន្ថែមអំពីស្ថានភាព និងសក្តានុពលវិនិយោគលើអនុវិស័យវារីវប្បកម្ម ការបង្កើតសួនគំរូដំណាំឈើហូបផ្លែ និងបន្លែដែលគ្មានសារធាតុគីមី ការបង្កើតមជ្ឈ មណ្ឌលបង្កាត់ពូជដំណាំត្រូពិច និងសិក្សាពីជំងឺឆ្លងដំណាំនៅកម្ពុជា និងពិនិត្យលទ្ធភាព ផ្តល់កិច្ចសហការ ជួយរៀបចំបង្កើតបណ្ឌិតសភាវិទ្យាសាស្រ្តកសិកម្មកម្ពុជា។
ជាកិច្ចឆ្លើយតប លោករដ្ឋមន្រ្តីក្រសួងកសិកម្ម វេង សុខុន បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូចិនក្នុងទស្សនកិច្ចនេះ ដែលជាឱកាសដ៏ល្អក្នុងការពិនិត្យលទ្ធភាពធ្វើកិច្ចសហប្រតិ បត្តិការជាមួយក្រសួង ក៏ដូចជាស្វែងរកឱកាសក្នុងការវិនិយោគលើវិស័យកសិកម្មផងដែរ។
ជាមួយគ្នានេះ លោកក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលចិន ដែលបានជួយឧបត្ថម្ភគាំទ្រដល់ដំណើរការកសាង និងអភិវឌ្ឍន៍ប្រទេសកម្ពុជាលើគ្រប់វិស័យ តាមរយ:ការអនុវត្តគោលនយោបាយយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ របស់រដ្ឋាភិបាល នៃប្រទេសទាំងពីរ និងគោលនយោបាយ “ខ្សែក្រវាត់ និងផ្លូវ”។

លោកបានបញ្ជាក់ថា ថ្មីៗនេះកម្ពុជាទទួលបានការអភិវឌ្ឍរីកចម្រើនគួរឱ្យកត់សម្គាល់ តាមរយ:ការជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ ហើយរាជរដ្ឋាភិបាល ក៏ដូចជាប្រជាជនកម្ពុជាកំពុងមានមោទនភាពលើសមិទ្ធផលដែលសម្រេចបាន ដែលមិនអាចកាត់ផ្តាច់បានពីចំណងសាមគ្គីភាព មិត្តភាពជាបងប្អូន កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងជោគវាសនាតែមួយរបស់រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំង២ ៕