គណៈប្រតិភូ​ចិន​ស្វែងរក​ឱកាស​វិនិយោគ​លើ​វិស័យ​កសិកម្ម​កម្រិតខ្ពស់​នៅ​កម្ពុជា

0

ដោយ​ ៖ រ៉ា​ណេត​

ភ្នំពេញ​ ៖ ​គណៈប្រតិភូ​ចិន​មួយ​ក្រុម​មក​ពី​ខេត្ត​ហាយ​ណាន​ នៃ​សាធារណៈ​រដ្ឋ​ប្រជាមានិត​ចិន​ បាន​បង្ហាញ​ពី​គោលបំណង​សំខាន់​របស់​ខ្លួន​ក្នុង​ស្វែងយល់​ និង​ចាប់​ឱកាស​វិនិយោគ​នៅ​កម្ពុជា​លើ​វិស័យ​កសិកម្ម​កម្រិតខ្ពស់​ ជាមួយនឹង​ការចែក​រំលែក​នូវ​ចំណេះដឹង​ពាក់ព័ន្ធ​នឹង​វិ​ស័យ​កម្ម​សិ​កម្ម​នៅ​កម្ពុជា​ផង​ដែរ​។

នៅក្នុង​ឱកាស​ចូល​សម្ដែង​ការគួរសម​ និង​ពិភាក្សា​ការងារ​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ កាលពី​ថ្ងៃទី១៨​ ខែកញ្ញា​ ឆ្នាំ២០១៩​ លោក​ Liu​ Ping​ Zhi​ ​អភិបាលរងខេត្ត​ហា​ណណាន​ ដែល​បាន​ដឹកនាំ​គណៈប្រតិភូ​ចិន​មក​ស្វែងយល់​ពី​កម្ពុជា​ បាន​លើកឡើង​ថា​ គោលបំណង​នៃ​ការ​មកកាន់​កម្ពុជា​ គឺ​ដើម្បី​ធ្វើការ​ផ្លាស់​ប្តូរ​ ចែករំលែក​បទពិសោធន៍​ និង​សហការ​លើ​វិស័យ​កសិកម្ម​ និង​ពិភាក្សា​លើ​ការងារ​សំ​ខាន់​ៗទាក់ទង​នឹង​ការរៀបចំ​បង្កើត​បណ្ឌិតសភា​វិទ្យាសាស្រ្ត​កសិកម្ម​កម្ពុជា​ (Cambodian​ Academy​ of​ Agricultural​ Science​, CAAS​)។

ជាមួយគ្នា​នេះ​ លោក​ក៏បាន​បង្ហាញ​ពី​ក្ដី​សាទរ​ចំពោះ​ការ​រីកចម្រើន​ដែល​រាជរដ្ឋាភិបាល​ ក៏​ដូច​ប្រជាជន​កម្ពុជា​សម្រេច​បាន​ ជាពិសេស​ ដោយ​មើលឃើញ​ពី​ការ​វិវឌ្ឍ​ជា​វិជ្ជមាន​យ៉ាង​លឿន​គួរ​ឱ្យ​កត់សម្គាល់​របស់​កម្ពុជា​ ប្រតិភូ​ខេត្ត​ហៃ​ណា​នក៏​មក​ធ្វើទស្សនកិច្ច​ដើម្បី​សិក្សា​ឈ្វេងយល់​បន្ថែម​អំពី​ស្ថានភាព​ និង​សក្តា​នុ​ពល​វិនិយោគ​លើ​អនុ​វិស័យ​វារីវប្បកម្ម​ ការបង្កើត​សួន​គំរូ​ដំណាំ​ឈើ​ហូប​ផ្លែ​ និង​បន្លែ​ដែល​គ្មាន​សារធាតុគីមី​ ការបង្កើត​មជ្ឈ​ មណ្ឌល​បង្កាត់ពូជ​ដំណាំ​ត្រូពិច​ និង​សិក្សា​ពី​ជំងឺឆ្លង​ដំណាំ​នៅ​កម្ពុជា​ និង​ពិនិត្យ​លទ្ធភាព​ ​ផ្តល់​កិច្ចសហការ​ ជួយ​រៀបចំ​បង្កើត​បណ្ឌិតសភា​វិទ្យាសាស្រ្ត​កសិកម្ម​កម្ពុជា​។

ជា​កិច្ច​ឆ្លើយតប​ លោក​រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម​ វេង​ សុ​ខុន​ បាន​សម្តែង​នូវ​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ប្រតិភូ​ចិន​ក្នុង​ទស្សនកិច្ច​នេះ​ ដែល​ជា​ឱកាស​ដ៏​ល្អ​ក្នុង​ការពិនិត្យ​លទ្ធភាព​ធ្វើ​កិច្ច​សហ​ប្រតិ​ បត្តិ​ការ​ជាមួយ​ក្រសួង​ ក៏ដូចជា​ស្វែងរក​ឱកាស​ក្នុង​ការ​វិនិយោគ​លើ​វិស័យ​កសិកម្ម​ផង​ដែរ​។

ជាមួយគ្នា​នេះ​ លោក​ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល​ចិន​ ដែល​បាន​ជួយឧបត្ថម្ភ​គាំទ្រ​ដល់​ដំណើរការ​កសាង​ និង​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​លើ​គ្រប់​វិស័យ​ តាម​រយ:ការអនុវត្ត​គោលនយោបាយ​យុទ្ធ​សាស្រ្ត​គ្រប់ជ្រុងជ្រោយ​ របស់​រដ្ឋាភិបាល​ នៃ​ប្រទេស​ទាំងពីរ​ និង​គោលនយោបាយ​ “ខ្សែក្រវាត់​ និង​ផ្លូវ​”។

លោក​បាន​បញ្ជាក់​ថា​ ថ្មី​ៗនេះ​កម្ពុជា​ទទួល​បានការ​អភិវឌ្ឍ​រីកចម្រើន​គួរ​ឱ្យ​កត់សម្គាល់​ តាម​រយ:ការជំរុញ​កំណើន​សេដ្ឋកិច្ច​ និង​កាត់បន្ថយ​ភាព​ក្រីក្រ​ ហើយ​រាជរដ្ឋាភិបាល​ ក៏ដូចជា​ប្រជាជន​កម្ពុជា​កំពុង​មាន​មោទនភាព​លើស​មិទ្ធ​ផល​ដែល​សម្រេច​បាន​ ដែល​មិន​អាច​កាត់​ផ្តាច់​បាន​ពី​ចំណង​សាមគ្គីភាព​ មិត្តភាព​ជា​បងប្អូន​ កិច្ច​សហប្រតិបត្តិ​ការ​គ្រប់ជ្រុងជ្រោយ​ និង​ជោគវាសនា​តែមួយ​របស់​រដ្ឋាភិបាល​ និង​ប្រជាជន​នៃ​ប្រទេស​ទាំង២​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here