ឥណ្ឌូ​នេ​ស៊ី​គ្រោង​ពង្រីក​អាជីវកម្ម​ និង​វិនិយោគ​ផ្លូវ​ដែ​កនៅ​ម្ពុ​ជា​

0

ដោយ​ វុត្ថា​

ភ្នំពេញ​៖ ប្រទេស​ឥណ្ឌូ​នេ​ស៊ី​បាន​បង្ហាញ​មហិ​ច្ឆិ​តា​របស់​ខ្លួន​ដោយ​គ្រោង​ពង្រីក​អាជីវកម្ម​ និង​វិនិយោគ​លើ​វិស័យ​ផ្លូវដែក​នៅក្នុង​ប្រទេស​កម្ពុជា​ ដោយសារ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​មាន​បទ​ពិសោធ​ខ្ពស់​លើ​វិស័យ​មួយ​នេះ​។

លោក​ Budi​ Karya​ Sumadi​ រដ្ឋមន្រ្តី​ក្រសួង​ដឹកជញ្ជូន​ នៃ​សាធារណ​រដ្ឋ​ឥណ្ឌូ​នេ​ស៊ី​ នៅក្នុង​ជំនួប​ជាមួយ​លោក​ ចាន់​ថុល​ ទេស​រដ្ឋមន្រ្តី​ រដ្ឋមន្រ្តី​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​កាលពី​កន្លង​ទៅ​ថ្មី​ៗនេះ​បានឱ្យ​ដឹង​ថា​ជាមួយនឹង​បទពិសោធន៍​នៃ​ការ​វិនិយោគ​ និង​ធ្វើ​ពាណិជ្ជកម្ម​ផ្លូវដែក​របស់​ឥណ្ឌូ​នេ​ស៊ី​ជាមួយ​ប្រទេស​ថៃ​ ម៉ាឡេស៊ី​ ឡាវ​ បង់ក្លាដេស​ និង​អាហ្រ្វិក​ នេះ​ហើយ​បាន​មានបំណង​ពង្រីក​នូវ​អាជីវកម្ម​ និង​វិនិយោគ​លើ​វិស័យ​ផ្លូវដែក​ និង​កំពង់ផែ​នៅ​កម្ពុជា​បន្ថែម​ទៀត​។

លោក​បន្ត​ថា​ ​ព្រោះ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​មាន​រោងចក្រ​រដ្ឋ​ដ៏​ធំ​ផលិត​នូវ​ទូ​ និង​ក្បាលរថភ្លើង​ ដែក​រ៉ៃ​ និង​គ្រឿង​បង្គុំ​ផ្សេង​ៗ សម្រាប់​បម្រើ​ឲ្យ​ការ​លើក​កម្រិត​ និង​សាងសង់​ផ្លូវដែក​។ ចំពោះ​កំពុង​ផែ​វិញ​ ប្រទេស​ឥណ្ឌូ​នេ​ស៊ី​មាន​រោងចក្រ​រដ្ឋ​ធំៗ​ផលិត​នាវា​ គ្រឿងឧបករណ៍​សម្ភារៈ​បរិ​ក្ខា​កំពង់ផែ​។

ទេស​រដ្ឋមន្រ្តី​ ស៊ុន​ ចាន់​ថុល​ រដ្ឋមន្ត្រី​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ ក៏បាន​បង្ហាញ​ពី​គម្រោង​លើក​កម្រិត​ផ្លូវដែក​របស់​កម្ពុជា​ ដែល​មានស្រាប់​ និង​គម្រោង​សាងសង់​ផ្លូវដែក​ថ្មី​ ព្រមទាំង​គម្រោង​អភិវឌ្ឍន៍​កំពង់ផែ​របស់​កម្ពុជា​ផង​ដែរ​។

លោក​ទេស​រដ្ឋមន្រ្តី​ បាន​ស្វាគមន៍​ដល់​បំណង​ធ្វើ​កិច្ច​សហប្រតិបត្តិ​ការ​ និង​វិនិយោគ​របស់​ឥណ្ឌូ​នេ​ស៊ី​នៅ​កម្ពុជា​ និង​បាន​លើកទឹកចិត្ត​ឲ្យ​ភា​គី​ឥណ្ឌូ​នេ​ស៊ី​ មក​សិក្សា​និង​ពិនិត្យ​លទ្ធភាព​វិនិយោគ​នៅ​កម្ពុជា​។ ភាគី​ទាំងពីរ​ក៏បាន​ពិភាក្សា​ និង​ផ្លាស់​ប្តូរ​បទពិសោធន៍​លើ​វិស័យ​ពាក់ព័ន្ធ​មួយចំនួន​ទៀត​ រួម​ទាំង​ពាណិជ្ជកម្ម​ស្រូវ​អង្ករ​ផង​ដែរ​។

លោក​ទេស​រដ្ឋមន្រ្តី​បាន​ស្នើ​រដ្ឋា​ភិ​បាល​ឥណ្ឌូ​នេ​ស៊ី​ពិចារណា​ឡើងវិញ​ លើ​ការទិញ​អង្ករ​ពី​ប្រទេស​កម្ពុជា​ ដែល​ភាគី​ទាំងពីរ​បាន​ចុះ​អនុស្សរណៈ​ជាមួយគ្នា​ កាលពី​ឆ្នាំ២០១២​ កន្លងមក​។ ជាមួយគ្នា​នេះ​លោក​រដ្ឋមន្រ្តី​ដឹក​ជញ្ជូន​ឥណ្ឌូ​នេ​ស៊ី​ បាន​សន្យា​ពាំនាំ​នូវ​សំណើ​របស់​លោ​ទេស​រដ្ឋមន្រ្តី​ ជូន​ក្រសួង​មាន​សមត្ថភាព​ពិចារណា​ ។

លោក​ ស៊ុន​ ចាន់​ថុល​ ទេស​រដ្ឋមន្រ្តី​ រដ្ឋមន្រ្តី​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ ធ្វើទស្សនកិច្ច​ការងារ​នៅ​សាធារណ​រដ្ឋ​ឥណ្ឌូ​នេ​ស៊ី​ ពី​ថ្ងៃទី១៨​ ដល់​ថ្ងៃទី​ ២១​ ខែកញ្ញា​ ឆ្នាំ២០១៩​ ដើម្បី​ពង្រឹង​ និង​ពង្រីក​នូវ​កិច្ច​សហប្រតិបត្តិ​ការ​លើ​វិស័យ​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​ដឹកជញ្ជូន​ផ្លូវគោក​ ផ្លូវដែក​ ផ្លូវទឹក​ និង​កំពង់ផែ​ រវាង​ប្រទេស​កម្ពុជា​ និង​ឥណ្ឌូ​នេ​ស៊ី​៕

LEAVE A REPLY

Please enter your comment!
Please enter your name here