ដោយ វុត្ថា
ភ្នំពេញ៖ ប្រទេសឥណ្ឌូនេស៊ីបានបង្ហាញមហិច្ឆិតារបស់ខ្លួនដោយគ្រោងពង្រីកអាជីវកម្ម និងវិនិយោគលើវិស័យផ្លូវដែកនៅក្នុងប្រទេសកម្ពុជា ដោយសារប្រទេសឥណ្ឌូនេស៊ីមានបទពិសោធខ្ពស់លើវិស័យមួយនេះ។

ដោយ វុត្ថា
ភ្នំពេញ៖ ប្រទេសឥណ្ឌូនេស៊ីបានបង្ហាញមហិច្ឆិតារបស់ខ្លួនដោយគ្រោងពង្រីកអាជីវកម្ម និងវិនិយោគលើវិស័យផ្លូវដែកនៅក្នុងប្រទេសកម្ពុជា ដោយសារប្រទេសឥណ្ឌូនេស៊ីមានបទពិសោធខ្ពស់លើវិស័យមួយនេះ។

លោក Budi Karya Sumadi រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូន នៃសាធារណរដ្ឋឥណ្ឌូនេស៊ី នៅក្នុងជំនួបជាមួយលោក ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីកន្លងទៅថ្មីៗនេះបានឱ្យដឹងថាជាមួយនឹងបទពិសោធន៍នៃការវិនិយោគ និងធ្វើពាណិជ្ជកម្មផ្លូវដែករបស់ឥណ្ឌូនេស៊ីជាមួយប្រទេសថៃ ម៉ាឡេស៊ី ឡាវ បង់ក្លាដេស និងអាហ្រ្វិក នេះហើយបានមានបំណងពង្រីកនូវអាជីវកម្ម និងវិនិយោគលើវិស័យផ្លូវដែក និងកំពង់ផែនៅកម្ពុជាបន្ថែមទៀត។
លោកបន្តថា ព្រោះប្រទេសឥណ្ឌូនេស៊ីមានរោងចក្ររដ្ឋដ៏ធំផលិតនូវទូ និងក្បាលរថភ្លើង ដែករ៉ៃ និងគ្រឿងបង្គុំផ្សេងៗ សម្រាប់បម្រើឲ្យការលើកកម្រិត និងសាងសង់ផ្លូវដែក។ ចំពោះកំពុងផែវិញ ប្រទេសឥណ្ឌូនេស៊ីមានរោងចក្ររដ្ឋធំៗផលិតនាវា គ្រឿងឧបករណ៍សម្ភារៈបរិក្ខាកំពង់ផែ។
ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន ក៏បានបង្ហាញពីគម្រោងលើកកម្រិតផ្លូវដែករបស់កម្ពុជា ដែលមានស្រាប់ និងគម្រោងសាងសង់ផ្លូវដែកថ្មី ព្រមទាំងគម្រោងអភិវឌ្ឍន៍កំពង់ផែរបស់កម្ពុជាផងដែរ។
លោកទេសរដ្ឋមន្រ្តី បានស្វាគមន៍ដល់បំណងធ្វើកិច្ចសហប្រតិបត្តិការ និងវិនិយោគរបស់ឥណ្ឌូនេស៊ីនៅកម្ពុជា និងបានលើកទឹកចិត្តឲ្យភាគីឥណ្ឌូនេស៊ី មកសិក្សានិងពិនិត្យលទ្ធភាពវិនិយោគនៅកម្ពុជា។ ភាគីទាំងពីរក៏បានពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍លើវិស័យពាក់ព័ន្ធមួយចំនួនទៀត រួមទាំងពាណិជ្ជកម្មស្រូវអង្ករផងដែរ។
លោកទេសរដ្ឋមន្រ្តីបានស្នើរដ្ឋាភិបាលឥណ្ឌូនេស៊ីពិចារណាឡើងវិញ លើការទិញអង្ករពីប្រទេសកម្ពុជា ដែលភាគីទាំងពីរបានចុះអនុស្សរណៈជាមួយគ្នា កាលពីឆ្នាំ២០១២ កន្លងមក។ ជាមួយគ្នានេះលោករដ្ឋមន្រ្តីដឹកជញ្ជូនឥណ្ឌូនេស៊ី បានសន្យាពាំនាំនូវសំណើរបស់លោទេសរដ្ឋមន្រ្តី ជូនក្រសួងមានសមត្ថភាពពិចារណា ។

លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន ធ្វើទស្សនកិច្ចការងារនៅសាធារណរដ្ឋឥណ្ឌូនេស៊ី ពីថ្ងៃទី១៨ ដល់ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០១៩ ដើម្បីពង្រឹង និងពង្រីកនូវកិច្ចសហប្រតិបត្តិការលើវិស័យហេដ្ឋរចនាសម្ព័ន្ធដឹកជញ្ជូនផ្លូវគោក ផ្លូវដែក ផ្លូវទឹក និងកំពង់ផែ រវាងប្រទេសកម្ពុជា និងឥណ្ឌូនេស៊ី៕