ដោយ វុត្ថា
ភ្នំពេញ៖ អ្នកនាំពាក្យនៃទីស្តីការគណៈរដ្ឋមន្ត្រី បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា ដែលមាននយោបាយការបរទេសជាមិត្តល្អនឹងគ្នា បានទាក់ទាញវិនិយោគិនបរទេសមកបណ្ដាក់ទុននៅក្នុងប្រទេស ក៏ដូចជាវិនិយោគិនក្នុងស្រុក ដែលមានទឹកប្រាក់៥ ទៅ៦ពាន់លានដុល្លាក្នុងមួយឆ្នាំ ហើយបានបង្កើតការងាររាប់ម៉ឺនសែនកន្លែងទៀតផង។

-->
លោក ឯក ថា ជាអនុប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីបានឱ្យដឹងកាលពីថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០១៩នេះ ថាទន្ទឹមនេះដែរ កម្ពុជាបាននាំចេញទំនិញខ្លួនទៅកាន់ទីផ្សារអន្តរជាតិ ដែលមានទឹកប្រាក់ជាច្រើនពាន់លាន់ដុល្លាក្នុងមួយឆ្នាំៗ។
លោកបន្ថែមថា ទន្ទឹមនឹងការអភិវឌ្ឍប្រកបដោយចីរភាព កម្ពុជាក៏បានរួមចំណែកក្នុងការថែរក្សាសន្តិភាពពិភពលោកតាមរយៈ ការបញ្ចូនកម្លាំងរបស់ខ្លួន ក្រោមឆ័ត្រអង្គការសហប្រជាជាតិ។
សិទ្ធ សេរីភាព និងការបញ្ចេញមតិត្រូវបានគោរព ដោយផ្អែកតាមរដ្ឋធម្មនុញ្ញខ្លួន និងគោលការណ៍លទ្ធិប្រជាធិបតេយ្យ។ អង្គការមិនមែនរដ្ឋាភិបាលប្រមាណ៥០០០ ត្រូវបានអនុញ្ញាតឱ្យប្រតិបត្តិការនៅកម្ពុជា ដែលស្ថានភាពនេះត្រូវបានមជ្ឈដ្ឋានជាទូទៅពិពណ៌នាកម្ពុជាថា ជាឋានសួគ៌សម្រាប់អង្គការមិនមែនរដ្ឋាភិបាល។
លោកបញ្ជាក់ទៀតថា ស្ថានភាពនេះបានរួមចំណែកយ៉ាងធំធេង សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដោយទទួលបានកំណើនសេដ្ឋកិច្ចជាមធ្យមជាង៧% ក្នុងមួយឆ្នាំ ហើយប្រាក់ចំណូលប្រជាជនម្នាក់ៗ ត្រូវបានរំពឹងថានឹងកើនដល់ ១៦៧៩ដុល្លាអាមេរិក នៅឆ្នាំនេះ ប្រៀបធៀបទៅនឹងឆ្នាំ២០១៨ មាន១៥៤៨ដុល្លាអាមេរិក។

ចំណែកឯអត្រានៃភាពក្រីក្រវិញត្រូវបានកាត់បន្ថយមកក្រោម១០%។ កម្ពុជាបានធ្វើសមាហរណកម្មខ្លួនចូលទៅក្នុងសកលភាវូបនីយកម្ម តាមរយៈសក្ខីកម្មដូចជា កម្ពុជាបានចូលជាសមាជិកអាស៊ាន (ASEAN) នៅឆ្នាំ១៩៩៩ និងចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅឆ្នាំ២០០៤ ក៏ដូចជាសមិទ្ធផលដ៏ច្រើនអនេក តាមរយៈការធ្វើសមាហរណកម្មរបស់កម្ពុជាក្នុងកម្រិតតំបន់ និងអន្តរជាតិ៕