ដោយ ៖ រ៉ាណេត
ក្វាងស៊ី ប្រទេសចិន៖ ខេត្តក្វាងស៊ី គឺជាខេត្តមួយក្នុងចំណោមខេត្តដទៃទៀត ដែលមានដៃគូពាណិជ្ជកម្មសំខាន់សម្រាប់កម្ពុជា ដោយទំហំពាណិជ្ជកម្មកាលពីឆ្នាំ២០១៨ មានចំនួន ៥៤លានដុល្លារ ហើយនឹងកើនឡើងប្រហែល ៨០លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០១៩។
រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក ឈួន ដារ៉ា បានបង្ហាញអំពីកាលានុវត្តភាព និងសក្តានុពលវិនិយោគរបស់កម្ពុជា ដល់សហគមន៍ធុរកិច្ចខេត្តក្វាងស៊ី ប្រទេសចិន ដើម្បីទាក់ទាញការវិនិយោគថ្មីៗបន្ថែមទៀត សំដៅបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ និងពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន ស្របតាមចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ។
-->
ការលើកឡើងខាងលើនេះ ធ្វើឡើងនៅក្នុងឱកាសដែលលោកត្រូវបានអញ្ជើញជាអធិបតីភាព ក្នុងវេទិកាជំរុញធុរកិច្ច វិនិយោគ និងទេសចរណ៍ ស្ដីពី “កម្ពុជាកសាងទិសដៅថ្មី ដើម្បីទាក់ទាញធុរជន វិនិយោគិន និងអ្នកទេសចរ ពីប្រទេសចិន” នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ “អាស៊ាន-ចិន លើកទី១៦” កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ នៅទីក្រុងណាននីង ខេត្តក្វាងស៊ី។
លោក ឈួន ដារ៉ា បានមានប្រសាសន៍ថា “កម្ពុជា នៅតែមានសក្តានុពលលើការវិនិយោគ វឌ្ឍនភាពនៃកំណើនសេដ្ឋកិច្ចជាតិ និងកិច្ចប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការលើកស្ទួយបរិយាកាសធុរកិច្ច វិនិយោគ ជួយសម្រួលពាណិជ្ជកម្ម នៅក្នុងប្រទេសកម្ពុជា ដល់សហគមន៍ធុរកិច្ចខេត្តក្វាងស៊ី”។
លោកបានបន្តទៀតថា “កម្ពុជាបានធ្វើកំណែទម្រង់ និងវិធានការសំខាន់ៗមួយចំនួន ដើម្បីជួយសម្រួលប្រតិបត្តិការធុរកិច្ចរបស់ផ្នែកឯកជន សំដៅពង្រឹងឯករាជ្យភាព និងឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា នៅលើឆាកអន្តរជាតិ។ ជាពិសេសទាក់ទាញការបណ្ដាក់ទុនថ្មីៗពីបរទេស លើវិស័យសំខាន់ៗដែលបានកំណត់នៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល”។ បន្ថែមលើសពីនេះ លោកក៏បានអំពាវនាវ ដល់ធុរជន វិនិយោគិន និងអ្នកទេសចរ នៅសាធារណរដ្ឋប្រជាមានិតចិន ជាពិសេសនៅខេត្តក្វាងស៊ី អញ្ជើញមកទស្សនកិច្ច និងធ្វើការវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា៕