លំហូរ​ទុន​វិនិយោគ​ពី​ខេត្ត​ក្វាង​ស៊ី​ប្រទេស​ចិន​មកកាន់​កម្ពុជា​ មាន​ទំហំ​ទឹកប្រាក់​ ៨០លាន​ដុល្លារ​

0

ដោយ​ ៖ រ៉ា​ណេត​

ក្វាង​ស៊ី​ ប្រទេស​ចិន​៖ ខេត្ត​ក្វាង​ស៊ី​ គឺជា​ខេត្ត​មួយ​ក្នុងចំណោម​ខេត្ត​ដទៃទៀត​ ដែល​មានដៃ​គូ​ពាណិជ្ជកម្ម​សំខាន់​សម្រាប់​កម្ពុជា​ ដោយ​ទំហំ​ពាណិជ្ជកម្ម​កាលពី​ឆ្នាំ២០១៨​ មាន​ចំនួន​ ៥៤លាន​ដុល្លារ​ ហើយនឹង​កើនឡើង​ប្រហែល​ ៨០លាន​ដុល្លារ​អាម៉េរិក​ ក្នុង​ឆ្នាំ២០១៩​។

រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​ លោក​ ឈួន​ ដារ៉ា​ បាន​បង្ហាញ​អំពី​កាលានុវត្ត​ភាព​ និង​សក្តា​នុ​ពល​វិនិយោគ​របស់​កម្ពុជា​ ដល់​សហគមន៍​ធុរកិច្ច​ខេត្ត​ក្វាង​ស៊ី​ ប្រទេស​ចិន​ ដើម្បី​ទាក់ទាញ​ការ​វិ​និ​យោ​គថ្មី​ៗបន្ថែម​ទៀត​ សំដៅ​បង្កើត​ឱកាស​ការងារ​ជូន​ប្រជាពលរដ្ឋ​ និង​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-ចិន​ ស្របតាម​ចក្ខុវិស័យ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​។

ការ​លើកឡើង​ខាងលើ​នេះ​ ធ្វើឡើង​នៅក្នុង​ឱកាស​ដែល​លោក​ត្រូវ​បាន​អញ្ជើញ​ជា​អធិបតីភាព​ ក្នុង​វេទិកា​ជំរុញ​ធុរកិច្ច​ វិនិយោគ​ និង​ទេសចរណ៍​ ស្ដី​ពី​ “កម្ពុជា​កសាង​ទិសដៅ​ថ្មី​ ដើម្បី​ទាក់ទាញ​ធុរជន​ វិនិយោគិន​ និង​អ្នកទេសចរ​ ពី​ប្រទេស​ចិន​” នៅក្នុង​ព្រឹត្តិ​ការណ៍​ពិព័រណ៍​ “អាស៊ាន​-ចិន​ លើក​ទី១៦​” កាលពី​ថ្ងៃទី២២​ ខែកញ្ញា​ ឆ្នាំ២០១៩​ នៅ​ទីក្រុង​ណា​ននីង​ ខេត្ត​ក្វាង​ស៊ី​។

លោក​ ឈួន​ ដារ៉ា​ បាន​មានប្រសាសន៍​ថា​ “កម្ពុជា​ នៅតែ​មាន​សក្តា​នុ​ពល​លើ​ការ​វិនិយោគ​ វឌ្ឍនភាព​នៃ​កំណើន​សេដ្ឋកិច្ច​ជាតិ​ និង​កិច្ចប្រឹងប្រែង​របស់ក្រ​សួង​ពាណិជ្ជកម្ម​ ក្នុង​ការ​លើកស្ទួយ​បរិយាកាស​ធុរកិច្ច​ វិនិយោគ​ ជួយ​សម្រួល​ពាណិជ្ជកម្ម​ នៅក្នុង​ប្រទេស​កម្ពុជា​ ដល់​សហគមន៍​ធុរកិច្ច​ខេត្ត​ក្វាង​ស៊ី​”។

លោក​បាន​បន្ត​ទៀត​ថា​ “កម្ពុជា​បាន​ធ្វើ​កំណែទម្រង់​ និង​វិធានការ​សំ​ខាន់​ៗមួយចំនួន​ ដើម្បី​ជួយ​សម្រួល​ប្រតិបត្តិ​ការ​ធុរកិច្ច​របស់​ផ្នែកឯកជន​ សំដៅ​ពង្រឹង​ឯករាជ្យ​ភាព​ និង​ឧត្តមភាព​ប្រកួតប្រជែង​របស់​កម្ពុជា​ នៅ​លើឆាកអន្តរជាតិ​។ ជាពិសេស​ទាក់ទាញ​កា​រប​ណ្ដាក់​ទុន​ថ្មី​ៗពី​បរទេស​ លើ​វិស័យ​សំ​ខាន់​ៗដែល​បាន​កំណត់​នៅក្នុង​យុទ្ធ​សា​ស្ត្រចតុកោណ​ដំណាក់កាល​ទី៤​ របស់​រាជរដ្ឋាភិបាល​”។ បន្ថែម​លើស​ពីនេះ​ លោក​ក៏បាន​អំពាវនាវ​ ដល់​ធុរជន​ វិនិយោគិន​ និង​អ្នកទេសចរ​ នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ជាពិសេស​នៅ​ខេត្ត​ក្វាង​ស៊ី​ អញ្ជើញ​មក​ទស្សនកិច្ច​ និង​ធ្វើការ​វិនិយោគ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​៕

LEAVE A REPLY

Please enter your comment!
Please enter your name here