ដោយ គង់់ សូរិយា
ភ្នំពេញៈ លោកឧកញ៉ាលី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា និងជាសហប្រធានក្រុមការងារឯកជនផ្នែកសំណង់ ជាមួយរដ្ឋាភិបាលបានអះអាងថា ស្ថានភាពនៃការវិនិយោគក្នុងវិស័យអចលនទ្រព្យ ពិសេសក្នុងវិស័យសំណង់មិនមានអ្វីគួរឲ្យបារម្ភនោះទេ។
លោកឧកញ៉ាលី ហួរដែលកំពុងវិនិយោគលើបុរីវិមានភ្នំពេញជាច្រើនគំរោងផងនិងជាអ្នកជើងចាស់ក្នុងវិស័យនេះ បានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា ស្ថានភាពវិវត្តន៍ក្នុងវិស័យសំណង់ និងអចលនទ្រព្យនៅតែមានសញ្ញាវិជ្ជមាន ដោយសារការចាកចេញរបស់ជនជាតិចិនមួយចំនួន ដែលនាំឲ្យមានការព្រួយបារម្ភ គឺការពិតមិនមានអ្វីគួរឲ្យបារម្ភពិតប្រាកដទេ។ ភាគច្រើនអ្នកចាកចេញជាអ្នកធ្វើការងារ មិនមែនជាអ្នកវិនិយោគធំៗនោះឡើយ។
លោកបន្តថា “ស្ថានភាពនយោបាយ និងសេដ្ឋកិច្ចកម្ពុជានៅតែមានភាពល្អប្រសើរ ហេតុនេះវិស័យនេះនឹងមិនជួបបញ្ហាណាមួយនោះទេ ព្រោះតម្រូវការលំនៅដ្ឋាននៅតែកើនឡើង នៅពេលប្រាក់ចំណូលរបស់ប្រជាពលរដ្ឋកើនឡើង។លោកបន្តថា “ការកើនឡើងនូវប្រាក់ចំណូល និងកំនើនប្រជាជនវ័យក្មេង ជាកំលាំងចលករដ៏សំខាន់មួយក្នុងការជំរុញវិស័យនេះឲ្យមានភាពរីកចម្រើន។
លោកឧកញ៉ាលី ហួរបានថ្លែងបន្តទៀតថា មានការលើកឡើងពីការចាកចេញរបស់ជនជាតិចិននៅកម្ពុជា ជាសញ្ញាគួរឲ្យបារម្ភ ប៉ុន្តែការពិតមិនមានអ្វីគួរឲ្យបារម្ភឡើយ ព្រោះអ្នកវិនិយោគចិនធំៗនៅតែបនន្តវិនិយោគ អ្នកវិនិយោគចិនថ្មីៗនៅតែចូលមក និងស្វែងរកឳកាសវិនិយោគកាន់តែច្រើននៅកម្ពុជា៕






