ប្រាក់ចំណូល​របស់​មនុស្ស​ម្នា​ក់ៗ​នៅ​ខេត្ត​ព្រះសីហនុ​បាន​បាន​កើន​ដល់​ ៣.៧២៦ដុល្លារ​

0

ដោយៈ​ រ៉ា​ណេត​

ព្រះ​សី​ហនុៈ​ ជាមួយនឹង​ល្បឿន​នៃ​ការ​អភិវឌ្ឍ​យ៉ាង​លឿន​ ដោយសារ​ការ​ហូរ​ចូល​នូវ​ការ​វិនិយោគ​ពី​បរទេស​ ពិសេស​អ្នក​វិនិយោគ​ចិន​បាន​ធ្វើឲ្យ​ប្រាក់ចំណូល​របស់​មនុស្ស​នៅ​ខេត្ត​ព្រះសីហនុ​កើនឡើង​ដល់៣៧២៦ដុល្លារ​អាមេរិក​ នៅក្នុង​ឆ្នាំ២០១៩នេះ​។

រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ចាត់ទុក​ខេត្ត​ព្រះសីហនុ​ជា​តំបន់​សេដ្ឋកិច្ច​គំរូ​ពហុ​បំណង​ស្របតាម​គោលនយោបាយ​ឧស្សាហកម្ម​ ២០១៥​-២០២៥​ ។ ខេត្ត​មួយ​នេះ​មាន​សក្កា​នុ​ពល​ ខាង​វិស័យ​កសិកម្ម​ ពាណិជ្ជកម្ម​ ឧស្សាហកម្ម​ ទេសចរណ៍​ និង​សំណង់​ ដែល​ជា​វិស័យ​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ ក្នុង​នោះ​មាន​កំពង់ផែ​ទឹកជ្រៅ​ ផ្លូវដែក​ ព្រលា​នយន្តហោះ​ តំបន់​សេដ្ឋកិច្ច​ ឆ្នេរ​ កោះ​ និង​តំបន់​ឧទ្យានជាតិ​។

តាម​ការសិក្សា​ថ្មី​មួយ​ដោយ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ កាលពី​ពេល​ថ្មី​ៗនេះ​បាន​បង្ហាញថា​ ខេត្ត​ដែល​ជាប់​តំបន់ឆ្នេរ​សមុទ្រ​ក៏​មាន​សក្ដានុពល​ និង​ទាក់ទាញ​ការ​វិនិយោគ​ ព្រះសីហនុ​កាលពី​ឆ្នាំ២០១៨​ កំណើន​សេដ្ឋកិច្ច​របស់​ខេត្ត​មាន​ចំនួន ៨.៧ភាគរយ​ ជាមួយនឹង​ក្ដី​រំពឹង​ថា​នៅ​ឆ្នាំ២០១៩​ នេះ​កំណើន​សេដ្ឋកិច្ច​នឹង​បន្ត​កើនឡើង​ក្នុងរង្វង់១០ភាគរយ​។

សក្ដានុពល​សំ​ខាន់​ៗ ដែល​ជា​សរសៃឈាម​សេដ្ឋកិច្ច​របស់​ខេត្ត​ព្រះសីហនុ​ រួមមាន​ដូចជា​ កំពង់ផែ​ទឹកជ្រៅ​ដែល​មាន​ជម្រៅ​ចាប់ពី១៣.៥០ម៉ែត្រ​ ហើយ​នៅ​ឆ្នាំ២០២៣​ កំពង់ផែ​នេះ​ នឹង​ត្រូវ​អភិវឌ្ឍ​ជម្រៅ​ទឹក​រហូតដល់១៤.៥០ម៉ែត្រ​ តភ្ជាប់​ជា​លក្ខណៈ​ជាតិ​ និង​អន្តរជាតិ​ មាន​ទំនិញ​កុងតឺន័រ​ឆ្លងកាត់៧៣ភាគរយ​ ។ ផ្លូវដែក​តភ្ជាប់​ពី​ខេត្ត​ព្រះសីហនុ​ ទៅ​ភ្នំពេញ​ ហើយ​កាលពី​ពេល​កន្លង​ទៅ​ថ្មី​ៗនេះ​ សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​បើក​សម្ពោធ​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​មក​ខេ​ត្ត​ព្រ​សីហនុ​ ។

ផ្លូវអាកាស​វិញ​បច្ចុប្បន្ន​នេះ​កាន់តែ​មាន​ភាព​សកម្ម​ ដោយ​បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​អាកាសចរណ៍​ចំនួន១៤បាន​ភ្ជាប់​ហោះហើរ​ ទៅកាន់​ទីក្រុង​ព្រះសីហនុ​ ដោយ​ក្នុង​មួយ​សប្តាហ៍១៣៣លើក​ មាន​ទិសដៅ​ឆ្ពោះទៅ​កាន់​ប្រទេស​ថៃ​ ម៉ាឡេស៊ី​ វៀតណាម​ ជាពិសេស​ប្រទេស​ចិន​មាន​ចំនួន២៥ក្រុង​។

របាយការណ៍​ដដែល​បា​នប​នន្ត​ថា​ ខេត្ត​ព្រះសីហនុ​ មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន៥​ កំពុង​ដំណើរការ​ដែល​មាន​រោងចក្រ​តូច​-ធំ​ចំនួន២១០​ ។ វិស័យ​កសិកម្ម​ មាន​ដូចជា​ចំការ​ដូងប្រេង​ ចំការកៅស៊ូ​ និង​អំណោយផល​ផ្នែក​វារីវប្បកម្ម​ ដូចជា​ចិញ្ចឹម​ត្រី​ ក្តាម​ បង្គា​ ។ វិស័យ​ទេសចរណ៍​ឆ្នាំ​ ២០១៨​ មាន​ភ្ញៀវ​ទេសចរ​ជាង​ ២លាន​នាក់​ កើន​ ២.៦៣​ ភាគរយ​បើ​ធៀប​ទៅ​នឹង​ឆ្នាំ២០១៧​។ ដោយឡែក​អចលនទ្រព្យ​រយៈពេល៣ឆ្នាំ​ចុងក្រោយ​ មានការ​អភិវឌ្ឍ​គួរ​ឱ្យ​កត់សម្គាល់​ ទន្ទឹម​នឹង​ការ​អភិវឌ្ឍ​រីកចម្រើន​ក៏​មាន​បញ្ហា​ប្រឈម​មួយចំនួន​ដូចជា​ផ្លូវ​តូច​ និង​ខូចខាត​ ក៏ប៉ុន្តែ​រដ្ឋបាល​ខេត្ត​កំពុង​កែ​លម្អ​។

ជាមួយនឹង​សមិទ្ធ​ផល​ថ្មី​ៗជាច្រើន​ ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ខេត្ត​ព្រះសីហនុ​ ក្រោម​ការអនុវត្ត​ តាម​គោលនយោបាយ​បើកចំហ​ររបស់​រដ្ឋាភិបាល​កម្ពុជា​ ទីក្រុង​ Fang​ Cheng​ Gang​ នៃ​ប្រទេស​ចិន​ដែល​មាន​កំពង់ផែ​ដ៏​ធំ​ និង​ជា​មូលដ្ឋាន​ឧស្សាហកម្ម​ ពាណិជ្ជកម្ម​សេរី​ចិន​-អាស៊ាន​ បាន​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​ក្នុង​ការ​ចូលខ្លួន​មកកាន់​ខេត្ត​មួយ​នេះ​។

ទីក្រុង​ Fang​ Cheng​ Gang​ នៃ​ប្រទេស​ចិន​ បាន​ដើរតួ​យ៉ាង​សំខាន់​ក្នុង​យុទ្ធសាស្ត្រ​ជាតិ​ ខ្សែ​ក្រ​វ៉ាត់​មួយ​ និង​ផ្លូវ​មួយ​ មានការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​ នៃ​ឧស្សាហ​កម្ម​លីង​ហ្គាង​ នៃ​ឧស្សាហកម្ម​ឆ្នេរសមុទ្រ​ ជា​មូលដ្ឋាន​ផលិត​ដែក​ចំនួន ១០ លាន​តោន​ មាន​សួន​ឧស្សាហកម្ម​ ក៏​មាន​គម្រោ​ងធំៗ​ ដូចជា​មូលដ្ឋាន​អាលុយមីញ៉ូម​ អេកូឡូស៊ី​ បាន​បោះទីតាំង​នៅ​តំបន់​កំពង់ផែ​នោះ​។

វា​បាន​បង្កើត​សួន​ឧស្សាហកម្ម​សសរ​ស្តម្ភ​ចំនួន៦​ ក្នុង​វិស័យ​ធញ្ញជាតិ​ប្រេង​ ចំណីអាហារ​ ដែកថែប​ ដែក​ លោហៈ​ ប្រេងឥន្ធនៈ​ ព្រមទាំង​ការផលិត​ឧប​ករណ៍​ផ្សេង​ៗជាដើម​ ។ ជា​មូលដ្ឋាន​ផលិតកម្ម​ប្រេង​ធម្មជាតិ​ធំជាង​គេ​នៅ​ប្រទេស​ចិន​ និង​ជា​មូលដ្ឋាន​តំបន់​កែច្នៃ​ Phosphorate​ សម្រាប់​ការនាំចេញ​ និង​ជា​មូលដ្ឋាន​ថាមពល​ថ្មី​ ដ៏​សំខាន់​មួយ​នៃ​ភាគ​ខាងលិច​ប្រទេស​ចិន​។

តាមរយៈ​ទំនាក់ទំនង​ជាមួយ​សាលាខេត្ត​ព្រះសីហនុ​ សង្ឃឹមថា​អាច​នឹង​ជំរុញ​សេដ្ឋកិច្ច​ និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ ក៏ដូចជា​វិស័យ​ទេសចរណ៍​ ជំរុញ​កិច្ច​សហប្រតិបត្តិ​ការ​ និង​ការ​ប្រស្រ័យ​ទាក់ទង​រវាង​វិស័យ​ដ៏​ទៃ​ទៀត​ ដើម្បី​បង្កើត​សមិទ្ធផល​យ៉ាងច្រើន​បន្ថែម​ទៀត​៕

LEAVE A REPLY

Please enter your comment!
Please enter your name here