ដោយៈ រ៉ាណេត
ព្រះសីហនុៈ ជាមួយនឹងល្បឿននៃការអភិវឌ្ឍយ៉ាងលឿន ដោយសារការហូរចូលនូវការវិនិយោគពីបរទេស ពិសេសអ្នកវិនិយោគចិនបានធ្វើឲ្យប្រាក់ចំណូលរបស់មនុស្សនៅខេត្តព្រះសីហនុកើនឡើងដល់៣៧២៦ដុល្លារអាមេរិក នៅក្នុងឆ្នាំ២០១៩នេះ។
រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចគំរូពហុបំណងស្របតាមគោលនយោបាយឧស្សាហកម្ម ២០១៥-២០២៥ ។ ខេត្តមួយនេះមានសក្កានុពល ខាងវិស័យកសិកម្ម ពាណិជ្ជកម្ម ឧស្សាហកម្ម ទេសចរណ៍ និងសំណង់ ដែលជាវិស័យសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ក្នុងនោះមានកំពង់ផែទឹកជ្រៅ ផ្លូវដែក ព្រលានយន្តហោះ តំបន់សេដ្ឋកិច្ច ឆ្នេរ កោះ និងតំបន់ឧទ្យានជាតិ។
តាមការសិក្សាថ្មីមួយដោយរដ្ឋបាលខេត្តព្រះសីហនុ កាលពីពេលថ្មីៗនេះបានបង្ហាញថា ខេត្តដែលជាប់តំបន់ឆ្នេរសមុទ្រក៏មានសក្ដានុពល និងទាក់ទាញការវិនិយោគ ព្រះសីហនុកាលពីឆ្នាំ២០១៨ កំណើនសេដ្ឋកិច្ចរបស់ខេត្តមានចំនួន ៨.៧ភាគរយ ជាមួយនឹងក្ដីរំពឹងថានៅឆ្នាំ២០១៩ នេះកំណើនសេដ្ឋកិច្ចនឹងបន្តកើនឡើងក្នុងរង្វង់១០ភាគរយ។
សក្ដានុពលសំខាន់ៗ ដែលជាសរសៃឈាមសេដ្ឋកិច្ចរបស់ខេត្តព្រះសីហនុ រួមមានដូចជា កំពង់ផែទឹកជ្រៅដែលមានជម្រៅចាប់ពី១៣.៥០ម៉ែត្រ ហើយនៅឆ្នាំ២០២៣ កំពង់ផែនេះ នឹងត្រូវអភិវឌ្ឍជម្រៅទឹករហូតដល់១៤.៥០ម៉ែត្រ តភ្ជាប់ជាលក្ខណៈជាតិ និងអន្តរជាតិ មានទំនិញកុងតឺន័រឆ្លងកាត់៧៣ភាគរយ ។ ផ្លូវដែកតភ្ជាប់ពីខេត្តព្រះសីហនុ ទៅភ្នំពេញ ហើយកាលពីពេលកន្លងទៅថ្មីៗនេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបើកសម្ពោធផ្លូវល្បឿនលឿនពីភ្នំពេញមកខេត្តព្រសីហនុ ។
ផ្លូវអាកាសវិញបច្ចុប្បន្ននេះកាន់តែមានភាពសកម្ម ដោយបច្ចុប្បន្នមានក្រុមហ៊ុនអាកាសចរណ៍ចំនួន១៤បានភ្ជាប់ហោះហើរ ទៅកាន់ទីក្រុងព្រះសីហនុ ដោយក្នុងមួយសប្តាហ៍១៣៣លើក មានទិសដៅឆ្ពោះទៅកាន់ប្រទេសថៃ ម៉ាឡេស៊ី វៀតណាម ជាពិសេសប្រទេសចិនមានចំនួន២៥ក្រុង។
របាយការណ៍ដដែលបានបនន្តថា ខេត្តព្រះសីហនុ មានតំបន់សេដ្ឋកិច្ចពិសេសចំនួន៥ កំពុងដំណើរការដែលមានរោងចក្រតូច-ធំចំនួន២១០ ។ វិស័យកសិកម្ម មានដូចជាចំការដូងប្រេង ចំការកៅស៊ូ និងអំណោយផលផ្នែកវារីវប្បកម្ម ដូចជាចិញ្ចឹមត្រី ក្តាម បង្គា ។ វិស័យទេសចរណ៍ឆ្នាំ ២០១៨ មានភ្ញៀវទេសចរជាង ២លាននាក់ កើន ២.៦៣ ភាគរយបើធៀបទៅនឹងឆ្នាំ២០១៧។ ដោយឡែកអចលនទ្រព្យរយៈពេល៣ឆ្នាំចុងក្រោយ មានការអភិវឌ្ឍគួរឱ្យកត់សម្គាល់ ទន្ទឹមនឹងការអភិវឌ្ឍរីកចម្រើនក៏មានបញ្ហាប្រឈមមួយចំនួនដូចជាផ្លូវតូច និងខូចខាត ក៏ប៉ុន្តែរដ្ឋបាលខេត្តកំពុងកែលម្អ។
ជាមួយនឹងសមិទ្ធផលថ្មីៗជាច្រើន ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខេត្តព្រះសីហនុ ក្រោមការអនុវត្ត តាមគោលនយោបាយបើកចំហររបស់រដ្ឋាភិបាលកម្ពុជា ទីក្រុង Fang Cheng Gang នៃប្រទេសចិនដែលមានកំពង់ផែដ៏ធំ និងជាមូលដ្ឋានឧស្សាហកម្ម ពាណិជ្ជកម្មសេរីចិន-អាស៊ាន បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការចូលខ្លួនមកកាន់ខេត្តមួយនេះ។

ទីក្រុង Fang Cheng Gang នៃប្រទេសចិន បានដើរតួយ៉ាងសំខាន់ក្នុងយុទ្ធសាស្ត្រជាតិ ខ្សែក្រវ៉ាត់មួយ និងផ្លូវមួយ មានការអភិវឌ្ឍយ៉ាងឆាប់រហ័ស នៃឧស្សាហកម្មលីងហ្គាង នៃឧស្សាហកម្មឆ្នេរសមុទ្រ ជាមូលដ្ឋានផលិតដែកចំនួន ១០ លានតោន មានសួនឧស្សាហកម្ម ក៏មានគម្រោងធំៗ ដូចជាមូលដ្ឋានអាលុយមីញ៉ូម អេកូឡូស៊ី បានបោះទីតាំងនៅតំបន់កំពង់ផែនោះ។
វាបានបង្កើតសួនឧស្សាហកម្មសសរស្តម្ភចំនួន៦ ក្នុងវិស័យធញ្ញជាតិប្រេង ចំណីអាហារ ដែកថែប ដែក លោហៈ ប្រេងឥន្ធនៈ ព្រមទាំងការផលិតឧបករណ៍ផ្សេងៗជាដើម ។ ជាមូលដ្ឋានផលិតកម្មប្រេងធម្មជាតិធំជាងគេនៅប្រទេសចិន និងជាមូលដ្ឋានតំបន់កែច្នៃ Phosphorate សម្រាប់ការនាំចេញ និងជាមូលដ្ឋានថាមពលថ្មី ដ៏សំខាន់មួយនៃភាគខាងលិចប្រទេសចិន។

តាមរយៈទំនាក់ទំនងជាមួយសាលាខេត្តព្រះសីហនុ សង្ឃឹមថាអាចនឹងជំរុញសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក៏ដូចជាវិស័យទេសចរណ៍ ជំរុញកិច្ចសហប្រតិបត្តិការ និងការប្រស្រ័យទាក់ទងរវាងវិស័យដ៏ទៃទៀត ដើម្បីបង្កើតសមិទ្ធផលយ៉ាងច្រើនបន្ថែមទៀត៕






