វិភាគ​៖ ចិន​នៅតែ​បន្ត​រក្សា​បាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ទោះបី​កំពុង​ជាប់ផុង​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​

0

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ ខណៈ​ការចរចា​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​កំពុង​ត្រូវ​បាន​ធ្វើឡើង​កាលពី​សប្តាហ៍​មុន​ អនុ​ប្រធានាធិបតី​អាមេរិក​លោក​ Mike​ Pence​ បាន​ព្យាយាម​បន្ត​ធ្វើពិធី​ជជែក​ដោយ​និយាយ​ថា​ ទីក្រុង​ប៉េកាំង​កំពុង​ប្រើប្រាស់​គោលការណ៍​ពាណិជ្ជកម្ម​សេរី​សាកល​នៅ​ក្នុង​ទំនោរ​បស់​ខ្លួន​ និង​មិន​បើក​ទីផ្សារ​របស់​ខ្លួន​ដល់​ក្រុមហ៊ុន​អាមេរិក​ឡើយ​។

លោក​ Pence​ បាន​ថ្លែង​នៅក្នុង​សន្និសីទ​វិនិយោគិន​កាលពី​សប្តាហ៍​មុន​ថា​ “ការពិត​នៃ​បញ្ហា​គឺថា​ ចិន​មិន​មាន​ឆន្ទៈ​ក្នុង​ការ​ប្រកាន់​ខ្ជាប់​ នូវ​ច្បាប់​ពាណិជ្ជកម្ម​អន្តរជាតិ​ទេ​។ តាមពិត​ ពួកគេ​បាន​រំលោភច្បាប់​ពាណិជ្ជកម្ម​ ដើម្បី​ផលប្រយោជន៍​របស់​ពួកគេ​ និង​ទាញ​យក​ផលប្រយោជន៍​ពី​អាមេរិក​ និង​សេដ្ឋកិច្ច​ផ្សេងទៀត​អស់​រយៈពេល​ជាយូរមកហើយ​”។

ប៉ុន្តែ​ការពិត​នៃ​បញ្ហា​គឺថា​ ចិន​បាន​ប្រកាន់​ខ្ជាប់​នូវ​ច្បាប់អន្តរជាតិ​ នៃ​ពាណិជ្ជកម្ម​ចាប់តាំងពី​ចុង​ទសវត្ស​ឆ្នាំ១៩៧០​ និង​បាន​ធ្វើ​ឱ្យ​ប្រទេស​នេះ​ ឈាន​ដល់​ចំណុចកំពូល​នៃ​សេដ្ឋកិច្ច​ពិភពលោក​។

យោង​តាម​ការិយាល័យ​ស្ថិតិ​ជាតិចិន​ (NBS​) ផលិតផល​ក្នុង​ស្រុក​សរុប​ចិន​បាន​កើនឡើង​យ៉ាង​ខ្លាំង​រហូតដល់៤៥២​,៦ដង​ បើ​ធៀប​នឹង​ឆ្នាំ១៩៥២​។ នៅ​ឆ្នាំ២០១៨​ សេដ្ឋកិច្ច​ចិន​ បាន​ចូលរួម​ចំណែក​ជិត៣០ភាគរយ​ នៃ​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ទាំងមូល​។

ការ​ចំណាយ​របស់​ចិន​ក្នុង​ការស្រាវជ្រាវ​ និង​អភិវឌ្ឍន៍​ ក៏​ប្រែក្លាយ​ចិន​ក្លាយជា​អ្នក​វិនិយោគ​ខាង​ស្រាវជ្រាវ​ និង​អភិវឌ្ឍន៍​ធំជាង​គេ​ទី២​ នៅ​លើ​ពិភពលោក​ក្នុង​ឆ្នាំ២០១៨​។

អាមេរិក​បាន​ប្រឹងប្រែង​រួមគ្នា​ ដើម្បី​បើក​ចំហរ​សេដ្ឋកិច្ច​ចិន​ ដល់​ក្រុមហ៊ុន​អាមេរិក​នៅ​ឆ្នាំ១៩៧៨​។ អតីត​ប្រធានាធិបតី​អាមេរិក​លោក​ Richard​ Nixon​ បាន​បង្កើត​ទំនាក់ទំនង​ការទូត​ ដែល​បាន​បើក​ចំហរ​ចិន​ទៅកាន់​ពិភពលោក​ និង​អនុញ្ញាត​ឱ្យ​មាន​កំណើន​សេដ្ឋកិច្ច​ខ្លួន​ ដែល​នៅតែ​បន្ត​មាន​រហូតមកដល់​សព្វថ្ងៃ​។

លោក​ Clayton​ Dube​ ប្រធាន​វិទ្យាស្ថាន​ចិន​ អាមេរិក​នៃ​សាកល​វិទ្យាល័យ​កា​លី​ហ្វ័​រញ៉ា​បាន​និយាយ​ក្នុង​បទសម្ភាសន៍​តាមវិទ្យុ​អាមេរិក​មួយ​ថា​ “ក្នុង​ឆ្នាំ១៩៧៨​ ចិន​បាន​បង្កើត​ទំនាក់ទំនង​ការទូត​ជាមួយ​អាមេរិក​ ហើយ​នោះ​គឺ​មាន​សារៈសំខាន់​ សម្រាប់​លំហូរ​មូលធន​ ជំនាញ​ និង​ការ​បើក​កន្លែង​ទីផ្សារ​អាមេរិក​”។

លោក​បាន​បន្ថែម​ថា​ “លោក​ Richard​ Nixon​ គ្មាន​ការ​បំភ័ន្ត​ក្នុង​ការ​ផ្លាស់​ប្តូរ​ប្រទេស​ចិន​ទេ​។ នោះ​មិនមែន​ជា​បេសកកម្ម​របស់​លោក​ទេ​។ មនុស្ស​មួយចំនួន​ជឿ​ថា​ អាមេរិក​ចង់​បង្កើត​ប្រទេស​សេរី​ ប្រជាធិបតេយ្យ​។ ខ្ញុំ​នឹង​ធានា​ចំពោះ​អ្នក​ថា​ នោះ​មិនមែន​ជា​ករណី​ពាក់ព័ន្ធ​នោះ​ទេ​”។

សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​ បាន​កើនឡើង​យ៉ាង​ខ្លាំង​អស់​រយៈពេល​ជាង​មួយឆ្នាំ​។ ប៉ុន្តែ​ថ្មី​ៗនេះ​ភាគី​ទាំងសងខាង​ បាន​បង្ហាញ​កាយវិការ​ផ្សះផ្សា​គ្នា​ ខណៈ​ទីក្រុង​ប៉េកាំង​ ត្រៀម​រៀបចំ​សម្រាប់​ខួប​លើក​ទី៧០​ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។

ចិន​បាន​អនុញ្ញាត​ឱ្យ​ទិញ​សណ្តែកសៀង​អាមេរិក​ ជាង៦០ម៉ឺន​តោន​ឡើងវិញ​ បន្ទាប់ពី​ហាមឃាត់​ការនាំចូល​ផលិតផល​កសិកម្ម​របស់​អាមេរិក​ នៅពេល​កិច្ចពិភាក្សា​ពាណិជ្ជកម្ម​កាន់តែ​យ៉ាប់យ៉ឺន​កាលពី​ខែមុន​។

ប្រធានាធិបតី​អាមេរិក​លោក​ Donald​ Trump​ បាន​បញ្ជា​ឱ្យ​មាន​ការ​ពន្យា​ពេល​នៃ​ការ​តំឡើង​ពន្ធគយ​ ដើម្បី​កុំឱ្យ​មានការ​រំខាន​ដល់​ការរៀបចំ​ខួប​គម្រប់​ខួប​ក្រុង​ប៉េកាំង​។ ការ​តំឡើង​ពន្ធគយ​ នៃ​បណ្តុំ​ទំនិញ​ចិន​ ដែល​មានតម្លៃ២៥០ពាន់​លាន​ដុល្លារ​ នឹង​ចូលជាធរមាន​ក្នុងរយៈពេល២សប្តាហ៍​បន្ទាប់ពី​ខួប​នេះ​។

លោក​ Trump​ បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម​ Twitter​ ថា​ “តាម​សំណើ​របស់​ឧបនាយក​រដ្ឋមន្រ្តី​ចិន​លោក​ Liu​ He​ និង​ដោយសារតែ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​នឹង​ប្រារព្ធ​ខួប​លើក​ទី៧០​ របស់​ពួកគេ​នៅ​ថ្ងៃទី១​ ខែ​ តុលា​ យើង​បាន​ព្រមព្រៀង​គ្នា​ក្នុង​ឆន្ទៈល្អ​ ក្នុង​ការ​ផ្លាស់​ប្តូរ​ការ​កើនឡើង​ពន្ធ​ លើ​ទំនិញ ២៥០ពាន់​លាន​ដុល្លារ​ (២៥​% ទៅ​ ៣០​%) គិត​ចាប់ពី​ថ្ងៃទី១​ ដល់​ថ្ងៃទី១៥​ ខែតុលា​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here