ដោយ Donald Lee
ភ្នំពេញៈ ខណៈការចរចាសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិនកំពុងត្រូវបានធ្វើឡើងកាលពីសប្តាហ៍មុន អនុប្រធានាធិបតីអាមេរិកលោក Mike Pence បានព្យាយាមបន្តធ្វើពិធីជជែកដោយនិយាយថា ទីក្រុងប៉េកាំងកំពុងប្រើប្រាស់គោលការណ៍ពាណិជ្ជកម្មសេរីសាកលនៅក្នុងទំនោរបស់ខ្លួន និងមិនបើកទីផ្សាររបស់ខ្លួនដល់ក្រុមហ៊ុនអាមេរិកឡើយ។
លោក Pence បានថ្លែងនៅក្នុងសន្និសីទវិនិយោគិនកាលពីសប្តាហ៍មុនថា “ការពិតនៃបញ្ហាគឺថា ចិនមិនមានឆន្ទៈក្នុងការប្រកាន់ខ្ជាប់ នូវច្បាប់ពាណិជ្ជកម្មអន្តរជាតិទេ។ តាមពិត ពួកគេបានរំលោភច្បាប់ពាណិជ្ជកម្ម ដើម្បីផលប្រយោជន៍របស់ពួកគេ និងទាញយកផលប្រយោជន៍ពីអាមេរិក និងសេដ្ឋកិច្ចផ្សេងទៀតអស់រយៈពេលជាយូរមកហើយ”។
-->
ប៉ុន្តែការពិតនៃបញ្ហាគឺថា ចិនបានប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិ នៃពាណិជ្ជកម្មចាប់តាំងពីចុងទសវត្សឆ្នាំ១៩៧០ និងបានធ្វើឱ្យប្រទេសនេះ ឈានដល់ចំណុចកំពូលនៃសេដ្ឋកិច្ចពិភពលោក។
យោងតាមការិយាល័យស្ថិតិជាតិចិន (NBS) ផលិតផលក្នុងស្រុកសរុបចិនបានកើនឡើងយ៉ាងខ្លាំងរហូតដល់៤៥២,៦ដង បើធៀបនឹងឆ្នាំ១៩៥២។ នៅឆ្នាំ២០១៨ សេដ្ឋកិច្ចចិន បានចូលរួមចំណែកជិត៣០ភាគរយ នៃកំណើនសេដ្ឋកិច្ចពិភពលោកទាំងមូល។
ការចំណាយរបស់ចិនក្នុងការស្រាវជ្រាវ និងអភិវឌ្ឍន៍ ក៏ប្រែក្លាយចិនក្លាយជាអ្នកវិនិយោគខាងស្រាវជ្រាវ និងអភិវឌ្ឍន៍ធំជាងគេទី២ នៅលើពិភពលោកក្នុងឆ្នាំ២០១៨។
អាមេរិកបានប្រឹងប្រែងរួមគ្នា ដើម្បីបើកចំហរសេដ្ឋកិច្ចចិន ដល់ក្រុមហ៊ុនអាមេរិកនៅឆ្នាំ១៩៧៨។ អតីតប្រធានាធិបតីអាមេរិកលោក Richard Nixon បានបង្កើតទំនាក់ទំនងការទូត ដែលបានបើកចំហរចិនទៅកាន់ពិភពលោក និងអនុញ្ញាតឱ្យមានកំណើនសេដ្ឋកិច្ចខ្លួន ដែលនៅតែបន្តមានរហូតមកដល់សព្វថ្ងៃ។
លោក Clayton Dube ប្រធានវិទ្យាស្ថានចិន អាមេរិកនៃសាកលវិទ្យាល័យកាលីហ្វ័រញ៉ាបាននិយាយក្នុងបទសម្ភាសន៍តាមវិទ្យុអាមេរិកមួយថា “ក្នុងឆ្នាំ១៩៧៨ ចិនបានបង្កើតទំនាក់ទំនងការទូតជាមួយអាមេរិក ហើយនោះគឺមានសារៈសំខាន់ សម្រាប់លំហូរមូលធន ជំនាញ និងការបើកកន្លែងទីផ្សារអាមេរិក”។
លោកបានបន្ថែមថា “លោក Richard Nixon គ្មានការបំភ័ន្តក្នុងការផ្លាស់ប្តូរប្រទេសចិនទេ។ នោះមិនមែនជាបេសកកម្មរបស់លោកទេ។ មនុស្សមួយចំនួនជឿថា អាមេរិកចង់បង្កើតប្រទេសសេរី ប្រជាធិបតេយ្យ។ ខ្ញុំនឹងធានាចំពោះអ្នកថា នោះមិនមែនជាករណីពាក់ព័ន្ធនោះទេ”។
សង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិន បានកើនឡើងយ៉ាងខ្លាំងអស់រយៈពេលជាងមួយឆ្នាំ។ ប៉ុន្តែថ្មីៗនេះភាគីទាំងសងខាង បានបង្ហាញកាយវិការផ្សះផ្សាគ្នា ខណៈទីក្រុងប៉េកាំង ត្រៀមរៀបចំសម្រាប់ខួបលើកទី៧០ នៃសាធារណរដ្ឋប្រជាមានិតចិន។
ចិនបានអនុញ្ញាតឱ្យទិញសណ្តែកសៀងអាមេរិក ជាង៦០ម៉ឺនតោនឡើងវិញ បន្ទាប់ពីហាមឃាត់ការនាំចូលផលិតផលកសិកម្មរបស់អាមេរិក នៅពេលកិច្ចពិភាក្សាពាណិជ្ជកម្មកាន់តែយ៉ាប់យ៉ឺនកាលពីខែមុន។
ប្រធានាធិបតីអាមេរិកលោក Donald Trump បានបញ្ជាឱ្យមានការពន្យាពេលនៃការតំឡើងពន្ធគយ ដើម្បីកុំឱ្យមានការរំខានដល់ការរៀបចំខួបគម្រប់ខួបក្រុងប៉េកាំង។ ការតំឡើងពន្ធគយ នៃបណ្តុំទំនិញចិន ដែលមានតម្លៃ២៥០ពាន់លានដុល្លារ នឹងចូលជាធរមានក្នុងរយៈពេល២សប្តាហ៍បន្ទាប់ពីខួបនេះ។
លោក Trump បានសរសេរនៅលើបណ្តាញសង្គម Twitter ថា “តាមសំណើរបស់ឧបនាយករដ្ឋមន្រ្តីចិនលោក Liu He និងដោយសារតែសាធារណរដ្ឋប្រជាមានិតចិននឹងប្រារព្ធខួបលើកទី៧០ របស់ពួកគេនៅថ្ងៃទី១ ខែ តុលា យើងបានព្រមព្រៀងគ្នាក្នុងឆន្ទៈល្អ ក្នុងការផ្លាស់ប្តូរការកើនឡើងពន្ធ លើទំនិញ ២៥០ពាន់លានដុល្លារ (២៥% ទៅ ៣០%) គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែតុលា”៕