ដោយគង់ សូរិយា
ភ្នំពេញៈ ក្រុមអ្នកជំនាញអចលនទ្រព្យកម្ពុជាបានមានប្រសាសន៍ថា ខ័ណ្ឌពោធិសែនជ័យ មានសក្តានុពលក្នុងការវិនិយោគលើវិស័យដីធ្លី និងអចលនទ្រព្យដទៃទៀត ដោយសារខ័ណ្ឌនេះមានដីនៅសល់ទំនេរច្រើន និងមានតម្លៃសមរម្យ។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជា លោកច្រឹក សុខនីមបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ខ័ណ្ឌពោធិសែនជ័យកំពុងមានសក្តានុពលខ្ពស់នៅឡើយ ធៀបជាមួយបណ្តាខ័ណ្ឌនានា ដោយសារខ័ណ្ឌនេះមានតង់ស៊ីតេប្រជាជននៅមានកម្រិត មានដីទំនេរច្រើន ពិសេសតម្លៃដីនៅមានភាពសមរម្យ ដែលអាចផ្តល់ផលចំណេញដល់ការវិនិយោគ។
លោកបន្តថា “ការដែលដីនៅមានតម្លៃទាប អ្នកវិនិយោគអាចស្វែងរកផលចំណេញបានច្រើន ពិសេសលក្ខខ័ណ្ឌភូមិសាស្រ្តមានភាពអំណោយផល សំរាប់ការសាងសង់បុរីលំនៅដ្ឋាននានា”។លោកបន្តថា“ការរីកចម្រើននៃក្រុងភ្នំពេញ និងតម្លៃដីនៅកម្ពុជានៅមានកម្រិតទាប ធៀបជាមួយបណ្តាប្រទេសក្នុងតំបន់ ដែលវាហុចផលដ៏ប្រសើរក្នុងការវិនិយោគ ពីអ្នកវិនិយោគជាតិ អន្តរជាតិនានា”។
រាជធានីភ្នំពេញបច្ចុប្បន្ន មានប្រជាជនរស់នៅអចិន្រ្តៃប្រមាណ២លាននាក់ និងមានផ្ទៃក្រឡា៥៦៧គីឡូម៉ែត្រការ៉េ។
ជាមួយគ្នានេះលោកយិន លាងគង់អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា បានមានប្រសាសន៍ឲ្យដឹងផងដែរថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ឋកាន់តែល្អប្រសើរ បានធ្វើឲ្យបណ្តាខ័ណ្ឌនានា ពិសេសស្រុកមួយចំនួននៃខេត្តកណ្តាល ដែលព័ទ្ឋជាប់រាជធានីភ្នំពេញមានសក្តានុពលយ៉ាងខ្លាំង លើវិស័យអចលនទ្រព្យ ពិសេសផ្នែកលំនៅដ្ឋាន។
លោកបន្តថា ដោយឡែកខ័ណ្ឌពោធិសែនជ័យ ពិតជាមានសក្តានុពលក្នុងការវិនិយោគ ដោយសារកត្តាសំខាន់ៗមួយចំនួន ទី១ កំនើនប្រជាសាស្រ្តនៅក្នុងទីក្រុងបន្តកើនឡើងជាប្រចាំ ដែលធ្វើឲ្យតម្រូវការដីធ្លី និងលំនៅដ្ឋានបន្តកើនឡើង ទី២ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល កាន់តែប្រសើរឆ្ពោះទៅតំបន់ជាយក្រុងនានា ទី៣ ការរីកចម្រើននៃសេដ្ឋកិច្ចសង្គម ពិសេសកំនើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ បានធ្វើឲ្យប្រជាពលរដ្ឋមានជីវភាពល្អប្រសើរ ដែលជំរុញឲ្យកំលាំងទិញមានការកើនឡើងជាស្វ័យប្រវត្តិ៕






