ដោយគង់ សូរិយា
ភ្នំពេញ៖ ក្រុមហ៊ុន Tianjin Union Development Group ជាក្រុមហ៊ុនយក្សមួយរបស់ប្រទេសចិន បាននិងកំពុងដំណើរការសាងសង់ទីក្រុងមួយ នៅក្នុងខេត្តកោះកុង ខណៈបច្ចុប្បន្នក្រុមហ៊ុននេះ បាននិងកំពុងសាងសង់ព្រលានយន្តហោះ និងហេដ្ឋារចនាសម្ព័ន្ឋជាច្រើនទៀត។

តាមប្រភពព៌តមានពីប្រភពគួរឲ្យទុកចិត្តមួយបានឲ្យដឹងថា ក្រុមហ៊ុនខាងលើនេះបាន និងកំពុងប្រែក្លាយទឹកដីមួយផ្នែកនៃក្រុមបុទុមសាគរ និងស្រុកថ្មបាំង ខេត្តកោះកុង ជាទីក្រុងទំនើបខ្នាតអន្តរជាតិមួយ ដោយរួមមានកំពង់ផែទឹកជ្រៅ ព្រលានយន្តហោះ មជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលនឹងសាងសង់នៅលើផ្ទៃសមុទ្រ និងហេដ្ឋារចនាសម្ព័ន្ឋជាច្រើនទៀត ដោយដាក់ឈ្មោះទីក្រុងនេះថា តារាសាគរ។
បច្ចុប្បន្នក្រុមហ៊ុន Tianjin Union Development Group បានបញ្ចប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ឋមួយចំនួនហើយ ដូចជា សណ្ឋាគារលំដាប់ផ្កាយ៥ ទីលានវាយកូនហ្គោល លំនៅដ្ឋានប្រណីត នៅប្រជុំកោះស្តេច និងព្រលានយន្តហោះខ្នាតអន្តរជាតិរបស់ខ្លួននឹងចាប់ដំណើរការនៅចុងឆ្នាំនេះ។
តាមគំរោងក្រុមហ៊ុននេះ គ្រោងចំណាយថវិកា ៤០០០លានដុល្លារអាមេរិក ដើម្បីវិនិយោគលើទីក្រុង និងបង្កើតរមណីយដ្ឋានទេសចរណ៍ ខ្នាតអន្តរជាតិនៅលើទឹកដីដ៏ស្រស់ស្អាតនេះ។
អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោកស៊ិន ចាន់សិរីវុត្ថាបានថ្លែងឲ្យដឹងកាលពីពេលកន្លងមកថា ការសាងសង់ព្រលានយន្តហោះខ្នាតអន្តរជាតិរបស់ក្រុមហ៊ុននេះ បានជិតបញ្ចប់ហើយ និងគ្រោងដំណើរការនៅចុងឆ្នាំនេះ ប៉ុន្តែព៌តមានលំអិតបែបណា លោកមិនទទួលបានពីគំរោងនេះនៅឡើយទេ។
សមាជិកសភាពាណិជ្ជកម្មខេត្តកោះកុង លោកជឹង សុខម៉េងបានមានប្រសាសន៍ថា ខេត្តកោះកុងមានសក្តានុពលមិនចាញ់បណ្តាខេត្តជាប់់តំបន់ឆ្នេរនានាឡើយ ដោយសារគំរោងអភិវឌ្ឍន៍ថ្មីៗជាច្រើននិងកំពុងចាប់ផ្តើមនៅខេត្តនេះ ពិសេសខេត្តនេះនឹងមានព្រលានយន្តហោះចំនួនពីរ បើសិនជាគ្មានការប្រែប្រួលទេនោះ។ ព្រលានយន្តហោះទាំងនោះមានដូចជា ព្រលានតារាសាគរដែលវិនិយោគដោយក្រុមហ៊ុន TUDG និងព្រលានយន្តហោះមួយទៀតគ្រោងនឹងវិនិយោគដោយលោកឧកញ៉ាលី យ៉ុងផាត់សហការជាមួយក្រុមហ៊ុន Bangkok Airway។
លោកបន្តថា “ជាមួយនឹងភាពអំណោយផលនៃធនធានធម្មជាតិ ខេត្តកោះកុងបានទាក់ទាញការវិនិយោគពីអ្នកវិនិយោគជាតិ អន្តរជាតិជាច្រើន ដោយសារតម្លៃដីមានភាពសមរម្យ និងសណ្ឋានដីល្អប្រសើរ”។ លោកបន្តថា “បច្ចុប្បន្ននេះមានក្រុមហ៊ុន GPI កំពុងចូលទៅវិនិយោគរមណីយដ្ឋានលំហែរកាយ នៅតំបន់ត្រពាំងរូងផងដែរ ដែលតំបន់នេះមានភាពស្រស់ស្អាតខ្លាំងណាស់ ជាមួយនឹងដងព្រែក និងព្រៃព្រឹក្សាព័ទ្ឋជុំវិញ”។
លោកហូ វណ្ឌីទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានថ្លែងថា ការសាងសង់ព្រលានយន្តហោះថ្មីនៅខេត្តកោះកុង វាជាជម្រើសថ្មីមួយទៀតសំរាប់វិស័យអាកាសចរណ៍ និងក្រុមហ៊ុនអាកាសចរណ៍នានា អាចភ្ជាប់ជើងហោះហើរទៅកាន់ព្រលាននេះ និងអាចតភ្ជាប់ការហោះហើរជាមួយប្រទេសក្នុងតំបន់ផងដែរ។

លោកបន្តថា “ការអភិវឌ្ឍន៍ និងការមានជម្រើសច្រើន នឹងកាន់តែប្រសើរសម្រាប់កម្ពុជា ហើយយើងរំពឹងថាក្រុមហ៊ុននេះ នឹងជួយទាក់ទាញក្រុមហ៊ុនអាកាសចរណ៍ថ្មីៗបន្ថែមទៀត មកកាន់ព្រលានយន្តហោះរបស់ខ្លួននាពេលខាងមុខ”៕






