ដោយ វុត្ថា
ភ្នំពេញ៖ រដ្ឋាបាលកម្ពុជាបានសម្តែងការពេញចិត្តនូវកំណើនពាណិជ្ជកម្មរវាងកម្ពុជា-ជប៉ុន ក្រោយពីមានការតភ្ជាប់ជើងហោះហើរត្រង់ដែលមិនត្រឹមតែបានជំរុញផ្លាស់ប្តូរប្រជាជននឹងប្រជាជនប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដល់ការជំរុញពាណិជ្ជកម្ម និងវិនិយោគផងដែរ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

-->
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅក្នុងជំនួបជាមួយលោក MIKAMI Masahiro ឯកអគ្គរាជទូតថ្មីប្រចាំនៅកម្ពុជា កាលពីថ្ងៃទី ២៤ ខែកញ្ញា ម្សិលមិញនេះថា លោកពេញចិត្តចំពោះកំណើនពាណិជ្ជកម្មកម្ពុជា-ជប៉ុន ដោយក្នុងរយៈពេល៥ ខែដើមឆ្នាំ ២០១៩ នេះ មានទំហំរហូតដល់ជាង ២ពាន់លានដុល្លារអាមេរិក។
លោក MIKAMI Masahiro ឯកអគ្គរាជទូតថ្មីប្រចាំនៅកម្ពុជាក៏បានសម្តែងនូវកររីករាយផងដែរចំពោះការរីកចំរើន និងការវិវឌ្ឍន៍ក្នុងវិស័យជាច្រើននៃកិច្ចសហប្រត្តិការជាមួយនឹងប្រទេសកម្ពុជាកាលពីកន្លងមករហូតដល់បច្ចុប្បន្ននេះ។
លោកបន្តថា “សម្តេចតេជោ នាយករដ្ឋមន្ត្រី ក្នុងរយៈពេល ៣ ឆ្នាំ កន្លងមកនេះ បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅជប៉ុន ហើយគ្រប់ពេលទាំងអស់សម្តេចតែងមានប្រសាសន៍ពន្យល់ពីស្ថានភាព និងលក្ខខណ្ឌអនុគ្រោះក្នុងការវិនិយោគនៅកម្ពុជាដល់ធុរជនជប៉ុន ។
ជាមួយគ្នា មានប្រជាជនកម្ពុជាកាន់តែច្រើនបានទៅលេងនៅក្នុងប្រទេសជប៉ុន។លោកបន្តថា “ប្រសាសន៍របស់សម្តេចតេជោ បានជំរុញឱ្យក្រុមហ៊ុនជប៉ុនកាន់តែច្រើន ចង់មកវិនិយោគនៅកម្ពុជា។
ទន្ទឹមនេះ លោកបានអរគុណដល់ប្រទេសកម្ពុជាចំពោះការគាំទ្រគំនិតផ្តួចផ្តើម Free and Open Indo-pacific របស់ជប៉ុន និងគាំទ្រនៅក្នុងវេទិកាអន្តរជាតិផ្សេងៗទៀត ផងដែរ”។
សូមអានសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅខាងក្រោមនេះ៖

