ដោយ រ៉ាណេត
សៀមរាបៈ អាជ្ញាធរខេត្តសៀមរាបបានរៀបចំប្លង់គោលដើម្បីបើកផ្លូវក្នុងការរៀបចំផែនការអភិវឌ្ឍន៍ទីក្រុងខេត្ត និងស្រុករួចហើយដែលវាជាផែនទីបង្ហាញពីផែនការអភិវឌ្ឍន៍ច្បាស់លាស់មួយ។
សមិទ្ឋិផលជាប្រវត្តិសាស្ត្រនៃប្លង់គោលប្រើប្រាស់ដីធ្លីក្នុងក្រុងខេត្តសៀមរាបត្រូវបានក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ដាក់ឲ្យប្រើប្រាស់ជាផ្លូវការដោយសេចក្តីសម្រេចលេខ០០៤សសរចុះថ្ងៃទី៥ខែកញ្ញាឆ្នាំ២០១៨ ដើម្បីជួយគាំទ្រ និងជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមបរិស្ថាន និងកិច្ចធានាធនធានធម្មជាតិប្រកបដោយប្រសិទ្ឋិភាពនិរន្តរភាពសម្រាប់គ្រប់សម័យកាល។
-->
លិខិតដដែលបានជំរុញឲ្យអាជ្ញាធរមូលដ្ឋានត្រូវអនុវត្តន៍ដោយសហការជាមួយមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់និងអង្គភាពពាក់ព័ន្ឋលើចំណុចសំខាន់ៗរួមមានដូចជាធ្វើការផ្សព្វផ្សាយអំពីប្លង់គោលប្រើប្រាស់ដីធ្លីដល់មហាជននិងអ្នកពាក់ព័ន្ឋឲ្យបានទូលំទូលាយ។ លើកគំរោងនិងរៀបចំផែនការអភិវឌ្ឍនានាដោយយោងលើប្លង់គោលប្រើប្រាស់ដីធ្លីក្រុងជាគោលគ្រឹះ។
ជាមួយគ្នានេះត្រូវមានការទប់ស្កាត់រាល់ការសាងសង់ និងអភិវឌ្ឍន៍ដីដែលមិនគោរពតាមច្បាប់ និងផ្ទុយពីខ្លឹមសារប្លង់គោលប្រើប្រាស់ដីដែលបានកំណត់។ បន្តកសាងផែនការប្រើប្រាស់ដីនៅតាមគ្រប់ឃុំសង្កាត់និងធ្វើការតាមដានត្រួតពិនិត្យសិក្សាកែសម្រួល និងវាយតម្លៃប្រសិទ្ឋភាពនៃការអនុវត្តប្លង់គោលប្រើប្រាស់ដីខេត្តក្រុងស្រុកត្រូវធ្វើបច្ចុប្បន្នភាពប្លង់គោលប្រើប្រាស់ដីក្នុងរយៈពេល ៥ឆ្នាំម្តងតាមករណីចាំបាច់នៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។
លោកបណ្ឌិតវ៉ាន់ វ៉ាត អ្នកឯកទេសផ្នែកនគរូបនីយកម្មបានថ្លែងថាការរៀបចំប្លង់គោលមានសារៈសំខាន់ណាស់សម្រាប់ធ្វើជាផែនទីបង្ហាញផ្លូវនៃការរៀបចំអភិវឌ្ឍន៍នៅតាមមូលដ្ឋានទាក់់ទងនឹងការប្រើប្រាស់ដីឧស្សាហកម្មពាណិជ្ជកម្មដីកសិកម្មជាដើមពិសេសជួយសម្រួលដល់ការរៀបចំហេដ្ឋារចនាសម្ព័ន្ឋឲ្យបានល្អប្រសើរដើម្បីធ្វើយ៉ាងណាជំរុញការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយសុខដុមនីយកម្មនិងការអភិវឌ្ឍប្រកបដោយចីរភាព។

លោកបន្តថា “ផែនការអភិវឌ្ឍន៍ប្លង់គោលទាមទារឲ្យមានការរៀបចំផែនការប្រើប្រាស់ដីឲ្យបានលំអិតថែមទៀតហើយការសម្រេចបានការងារប្រកបដោយប្រសិទ្ឋភាពទាមទារឲ្យមានការចូលរួមពីអាជ្ញាធរមូលដ្ឋានផងដែរ”៕